សម្រាប់ការប្រកួតរវាងអ្នកប្រដាល់កម្ពុជាដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ជាមួយអ្នកប្រដាល់ថៃ គួនអ៊ូ នៅសង្វៀន Super Champ ក្នុងប្រទេសថៃនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ខែតុលានេះហើយ។
កីឡាករជួរមុខរបស់កម្ពុជារូបនេះនឹងត្រូវប្រកួតក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមហើយនេះជាលើកដំបូងសម្រាប់ រឿង សោភ័ណ្ឌ ក្នុងការឈានជើងឡើងសង្វៀន Super Champ សម្រាប់តំណែងជាគូឯក។
មុនការប្រកួតមកដល់ កីឡាករ រឿង សោភ័ណ្ឌ បាននិយាយថា “វាយ៣ទឹក ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព សូមបងប្អូននៅប្រទេសថៃជួយគាំទ្រដល់រូបខ្ញុំបាទផង”។
គួរបញ្ជាក់ថា នៅចុងសប្តាហ៍នេះកីឡាករកម្ពុជាដែលត្រូវទៅប្រកួតនៅក្រៅប្រទេសមានដូចជា ១.កីឡាករ រឿង សោភ័ណ្ឌ vs គួនអ៊ូ(ថៃ) ៦៩គ.ក (ថ្ងៃទី០៦ Super Champ), ២. វ៉ែន ហុងជីវ៉ុង vs រិទ្ធីដេត(ថៃ) ៦៣.គ.ក (ថ្ងៃទី០៦ Super Champ), ៣. ម៉ឺន ដា vs ឆ្លងសឹក(ថៃ) ៦១គ.ក (ថ្ងៃទី០៦ MX) និង ៤. អេលីត ភក្តី vs ភូមា ៦៣.៥គ.ក (ថ្ងៃទី០4 WLC)៕