លោកអ្នក បានជ្រាបរួចមកហើយថា ក្រៅពីអាជីពជាតារាចម្រៀង និងជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodinan Idol នៅស្ថានីយទូរទស្សន៍ហង្សមាសហើយនោះ, សុខ ស៊ីឡាលីន ក៏ជាមន្ត្រីនគរបាលផងដែរ។
ម្ចាស់បទ «ពេលលែងមានអូនក្បែរ» បានជាប់ជាស្ថាពរក្នុងការប្រឡងក្របខ័ណ្ឌមន្ត្រីនៃសាលាបណ្ឌិត្យសភានគរបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ហើយមូលហេតុ ដែលចូលបម្រើជាមន្ត្រីនគរបាលនេះ គឺដោយសារតែចិត្តស្រឡាញ់ និងដើម្បីស្របតាមបំណងរបស់ឪពុកម្ដាយរបស់នាង។
នៅក្នុងការធ្វើជាគណៈកម្មការក្នុងកម្មវិធីCambodian Idolរដូវកាលទី៤សប្ដាហ៍ទី៣កន្លងមក សុខ ស៊ីឡាលីន បានជួបជាមួយបេក្ខជនជាមន្ត្រីប៉ូលិសផងដែរ ពេលសួរនាំចុះឡើង តារាចម្រៀង ដែលច្រៀងបទអង់គ្លេសបានយ៉ាងល្អរូបនេះ បានប្រាប់ពីសមាសភាគរបស់ខ្លួនថា រូបនាងជាមន្ត្រីប៉ូលិសនៅបណ្ឌិតសភា ឋានន្តរសក្ដិ ជាអនុសេនីយ៍ទោ (សក្ដិ២)។
និយាយពីរឿងស្នេហាវិញ យើងមិនដឹងថា នាងមានម្ចាស់បេះដូងហើយ ឬយ៉ាងណានោះទេ តែនៅពេលធ្វើគណៈកម្មការក្នុងកម្មវិធីCambodian Idol ហើយគ្រូពេទ្យសង្ហាបង្ហាញវត្តមាន ធ្វើឲ្យរូបនាងវង្វេងវង្វាន់ស្មារតីលង់នឹងសម្រស់ដុកទ័រនោះ លោកឆន សុវណ្ណរាជ បានឈ្លេចសួរថា «បងប្រុសមួយ ដែលមកជាមួយអាលីននោះ យ៉ាងម៉េចហើយ…»។
នៅមិនទាន់អស់ទេ, ថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយគេបានឃើញតារាចម្រៀងសម្បុរស្រអែមស្រស់ សុខ សីឡាលីន បង្ហាញរូបភាពស្និទ្ធស្នាលជាមួយបុរសរូបសង្ហាម្នាក់ នៅក្នុងបណ្ដាញសង្គមទីកតុក ដោយមានពាក់អាវគូស្នេហ៍ថែមទៀតផង។ មានការសង្ស័យថា បុរសម្នាក់នេះជាម្ចាស់ចិត្តរបស់តារាចម្រៀង សុខ សីឡាលីន។
គេចាំបានថាចាប់តាំងពីចែកផ្លូវជាមួយអតីតគូស្នេហ៍លោក អ៊ុក មិនណារិទ្ធ ជាតន្ត្រីករនៅក្នុងក្រុមចចកសមុទ្រប្រមាណជាងបីឆ្នាំមកតារាចម្រៀង សុខ សីឡាលីន មិនដែលបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសរូបណាជាពិសេសឡើយ។
កន្លងមកតារាចម្រៀងរូបនេះធ្លាប់ប្រាប់ថា នឹងរៀបការទៅតាមលេខរៀងមុន សុខ ស្រីលក្ខណ៍ ជាប្អូនស្រី តែផ្ទុយទៅវិញប្អូនស្រីរបស់នាងបានរៀបការ និងមានកូនប្រឡែលទៅហើយ សុខ សីឡាលីន នៅបន្តរស់នៅក្នុងភាពនៅលីវដដែល៕