ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សំឡេងនៃការរិះ.គ.ន់ទៅលើតារាចម្រៀង ឆន សុវណ្ណរាជ កាន់តែពុះកញ្ជ្រោលឡើងដូចទឹកបាក់ទំនប់ ខណៈ ទុំ សុវត្ថិ ដែលត្រូវតារាចម្រៀងសម្បូររោមដើមទ្រូងរូបនេះ ទម្លាក់ចេញពីកម្មវិធី កាន់តែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី។
តាំងពីទទួលបានការអាណិតស្រឡាញ់ច្រើនពីមហាជនមក ទុំ សុវត្ថិ បានទទួលការជ្រោមជ្រែងពីបុគ្គលល្បីៗក្នុងវិថីសិល្បៈជាច្រើន តាមរយៈការផ្ដល់ជាថវិកា, ការទទួលឲ្យចូលច្រៀង, ការទទួលធ្វើជាកូនសិស្ស, ការនិពន្ធបទចម្រៀងឲ្យជាដើម។
ចំពោះការប្រកាសផ្ដល់ថវិកាលើកទឹកចិត្តពីឧកញ៉ា ខេមរៈ សិរីមន្តនោះ លោក ទុំ រដ្ឋា ហៅទុំ សុវត្ថិ បានទៅទទួលរួចរាល់ហើយ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ។ តែចំពោះការផ្ដល់ឱកាសឲ្យផ្សេងៗពីបុគ្គលមួយចំនួនក្នុងចង្កោមសិល្បៈនោះ គេមិនដឹងថា អតីតបេក្ខជន Cambodian Idolរដូវកាលទី៤រូបនេះ សម្រេចទៅផ្លូវមួយណាឡើយ។
អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ ស្របពេលមានការជួយជ្រោមជ្រែងច្រើន ហើយមហាជនគាំទ្រដូចភ្លូកទឹកភ្លូកដីនោះ យុវជន ទុំ សុវត្ថិ បានទទួលឱកាសរកលុយមួយទៀត តាមរយៈការឡើងច្រៀងក្នុងកម្មវិធីរបស់ក្រុមហ៊ុនទូរសព្ទដ៏ល្បីមួយ នាពេលខាងមុខនេះ។
ជក់ស្ដែង នៅថ្ងៃទី៣ ខែមិថុនា នេះ ទំព័រហ្វេសប៊ុក ក្រុមហ៊ុន HUAWEI បានបង្ហោះសារភ្ជាប់ជាមួយរូបថត ទុំ សុវត្ថិ ដោយបញ្ជាក់ថា «កាន់តែរំភើប! ជួបជាមួយអាយដលលោក ទុំ រដ្ឋា ច្រៀងចម្រៀងជាច្រើនបទនៅថ្ងៃទី10 មិថុនា 2022 វេលា ម៉ោង 4 ល្ងាច នៅកម្មវិធីសម្ពោធលក់ជាផ្លូវការ HUAWEI nova Y70 ដោយមាន ការដើរលើកម្រាលព្រំក្រហម ច្រៀងរាំកម្សាន្ត បង្ហាញម៉ូត និង ទស្សនាខ្សែភាពយន្ត Jurassic World Dominion 3D មុនគេ នៅក្នុងរោងកុន Prime Cineplex, Samai Square ទួលគោក!»។
ជាមួយគ្នានេះ ទុំ សុវត្ថិ បានចែករំលែកចូលគណនីហ្វេសប៊ុករបស់ខ្លួន ហើយបញ្ជាក់ដែរថា «កុំភ្លេចជួបជាមួយខ្ញុំបាទ!ទុំ សុវត្ថិ អតីតបេក្ខភាព Cambodia idol នៅថ្ងៃទី១០ មិថុនា នេះ នៅក្នុងកម្មវិធីជំនួបកំរាលព្រំក្រហម សម្ពោធទូរស័ព្ទ NOVA Y70 របស់ក្រុមហ៊ុន HAUWEI នៅផ្សារទំនើប ចាប់ពីម៉ោង ៥រសៀល តទៅ Samai Quare (ជិតផ្សារTKទួលគោក)។ អរគុណពុកម៉ែបងប្អូន សម្រាប់ការគាំទ្រ»។
តាមរយៈឱកាសរកលុយ ដោយឡើងច្រៀងក្នុងកម្មវិធីបែបនេះ ម្ចាស់ពានក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោករបស់ស្ថានីយទូរទស្សន៍ហង្សមាស មួយចំនួន មិនទាន់មានសំណាងបែបនេះផង រហូតដល់អ្នកខ្លះប្រិយមិត្តសឹងតែភ្លេចមុខបាត់ទៅហើយនោះ៕