កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤ វគ្គJudge Audition បានឈានដល់សប្ដាហ៍ទី៥ហើយ កាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ដោយចម្រាញ់បានបេក្ខជន បេក្ខនារីមានសមត្ថភាព និងទេពកោសល្យជាច្រើនរូប។
និយាយពីបេក្ខជនម្នាក់ឈ្មោះ ថន រតនា អាយុ២៧ឆ្នាំ ជាកម្មកររោងចក្រ និងមានបទពិសោធន៍ច្រៀងតាមAffair មុននឹងបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការនោះ រូបគេ បានរៀបរាប់ពីការតស៊ូក្នុងការប្រឡង ធ្វើឲ្យម្នាក់ៗផ្ទុះសំណើចពេញឆាកតែម្ដង។
រូបគេ បានរៀបរាប់ថា ក្នុងការមកប្រឡងនេះ ចំណាយ អស់មួយសន្លឹក (ទំនងសំដៅលើ១០០ដុល្លារ) ហើយឲ្យតែជាប់ម្ដាយសុខចិត្តដាក់ប្លង់ដីឲ្យធ្វើទុនប្រឡងបន្ត។ បើធ្លាក់សុំលុយតារាចម្រៀង ឆន សុវណ្ណរាជ យកទៅទិញហ្គាស៍ត្រឡប់ទៅផ្ទះវិញ។
ក្នុងការមកប្រឡងនេះ ថន រតនា បានប្រាប់គណៈកម្មការថា ខ្លួនជ្រើសរើសបទ«បេះដូងអ្នកចម្រៀង» មកបង្ហាញសមត្ថភាព ហើយស្រឡាញ់ឃ្លាចុងក្រោយ «ពេលនេះខ្ញុំជាប់ជយលាភីហើយ» ដោយខ្លួនចង់បានជាប់ជយលាភីដែរ។
និយាយដល់ចំណុចនេះ បេក្ខជនខាងលើ បានរៀបរាប់ទៀតថា ពីមុនមក មិនចង់ដាក់ពាក្យទេ ដល់ឃើញវង្ស ដារ៉ារតនា ជាប់, នី រតនា ជាប់ ដែរ ខ្លួនគិតថា បើថែម ថន រតនា មួយទៀតទៅ មិនដឹងកក្រើកឆាកយ៉ាងម៉េចទេ។
និយាយចប់រូបគេក៏ច្រៀងបទនេះ បានយ៉ាងពីរោះ អន្លង់អន្លោច ហើយត្រូវបានគណៈកម្មការលើកឡើងពីចំណុចល្អ ជាច្រើន។ ចំណែក ចំណុចខ្វះខាតគណៈកម្មការលើកឡើងថា សំឡេងរកភាពពីរោះខ្លួនឯងមិនទាន់ឃើញ ខ្វះទឹកដម, ច្រៀងចុងមាត់ច្រើន អត់សូវច្បាស់, អឿននៅត្រង់ៗ អត់ទាន់រលូនចំគោលដៅ តាមលំដាប់លំដោយ។
ទោះយ៉ាងណា ក្រោយលើកឡើងពីចំណុចល្អ ចំណុចខ្វះខាតរួច គណៈកម្មការបានសម្រេចផ្ដល់ «Yes» ទាំង៤ដល់ ថន រតនា ធ្វើឲ្យរូបគេ បានសំបុត្រមាស អាចជាប់ឈានទៅវគ្គបន្តទៀត។ តែសម្រាប់អ្នកទស្សនាវិញ ក្រោយស្ដាប់បទនេះ ហើយធ្វើឲ្យនឹកឃើញដល់ម្ចាស់បទ គឺ ម្ចាស់ពាន The Voice Cambodia ប៊ុត ស៊ីហា។
ជាក់ស្ដែង ពួកគេ បានលើកឡើងថា «ស្ដាប់បទនេះហើយ នឹកដល់ម្ចាស់បទណាស់ ( ប៊ុត សីហា ), ស្ដាប់បទនេះហើយនឹកដល់បង ប៊ុត សីហា កាលគាត់ឡើងប្រឡងចម្រៀងដល់ហើយ, បទ ប៊ុត សីហា Miss you Idol Buth seyha, ស្ដាប់បទនេះហើយនឹក ប៊ុតសីហា, ឮបទនឹង នឹក ប៊ុត សីហា ណាស់ , ចាញ់ ប៊ុត សីហាហើយ គ្មានតារា ម្ចាស់ពានសំឡេងស្មើបង ប៊ុត សីហា»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖