កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤ វគ្គJudge Audition សប្ដាហ៍ទី៥ គណៈកម្មការទាំង៤នាក់ បានធ្វើឲ្យបេក្ខនារីជាជើងឯកស្មូតលេខ១ម្នាក់ ភ័យលស់ព្រលឹងមិនស្ទើរនោះទេ ព្រោះតែការSurpsriseដ៏ប៉ះសក់មួយ។
បេក្ខនារីម្នាក់ឈ្មោះ ស៊ុយ សុភ័ក្ត្រ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំជាទី១ ផ្នែក ហិរញ្ញវត្ថុ និងធនាគារ ហើយជាជើងឯកស្មូតលេខ១ តាំងពីរៀនថ្នាក់ទី៩មកម្ល៉េះ។ ក្នុងការបង្ហាញសមត្ថភាពចំពោះមុខគណៈកម្មការ ជើងឯកស្មូតលេខ១រូបនេះ បានលើកយកបទ«មាតាដៃ១០០» មកបកស្រាយ បានយ៉ាងពីរោះផងដែរ។
ទោះពីរោះបែបណាក៏ដោយ ក៏នៅមានចំណុចខ្វះខាត ហើយត្រូវគណៈកម្មការ លើកឡើងថា នៅខ្វះភាពតម្អូញ, អារម្មណ៍ដាក់មនោសញ្ចេតនាអត់ទាន់ចូលជ្រៅ។ ក្រោយវាយតម្លៃចប់ គណៈកម្មការឲ្យបេក្ខនារីម្នាក់នេះ ស្មូត ហើយពេលស្មូតឡើងព្រឺរោមចប់ ស្រាប់តែគណៈកម្មការSurpsrise ដោយស្រែក«Yes» ព្រមៗគ្នា ធ្វើឲ្យ ស៊ុយ សុភ័ក្ត្រ ឡើងភ្ញាក់ព្រើត អារម្មណ៍ស្ទើរតែហោះទៅស៊ីព្រលឹងបាត់ទៅហើយ។
ដោយឡែកអ្នកទស្សនានៅលើបណ្ដាញសង្គមយូធូប បានលើកឡើងថា «បងស្រី លេងសុទ្ធតែ ជូនពរឲ្យឆ្លងផុតយប់ហ្នឹង, ចម្រៀងមិនសូវទេ តែពីរោះខ្លាំងស្មូតនឹងហ្មង, ពីរោះណាស់ តែបើដាក់មនោសញ្ចេតនាជាងនេះបន្តិចទៀត កាន់តែល្អ, ខ្ញុំឡើងអស់ព្រលឹងរលីង!, មនោសញ្ចេតនាស្ទើរ សំឡេងដង្ហក់»។
គួរកត់សម្គាល់ថា អ្វីជាការចាប់អារម្មណ៍មួយទៀតនោះ, មុនពេលបេក្ខនារីខាងលើ ចូលបង្ហាញខ្លួននៅចំពោះមុខគណៈកម្មការ, បងស្រីបង្កើតរបស់នាងប្រើពាក្យជូនពរប្អូនថា «ជូនពរឲ្យឆ្លងផុតយប់ហ្នឹង» រហូតលោកជាវិបុល ភ្ញាក់ព្រើត ទើបបងស្រីនាងក៏កែពាក្យវិញថា «ជូនពរឲ្យប្រឡងជាប់យប់ហ្នឹង»៕