លោកអ្នកទំនងជាបានជ្រាបរួចមកហើយថា អ្នកនាង កែវ ចាន់និមល និងលោក សូវ៉ាត សីលា បានរៀបការជាមួយគ្នារហូតមកដល់ពេលនេះ រយៈពេលជាង១០ឆ្នាំមកហើយ ដោយមានកូនស្រីម្នាក់ ជាដំណក់ឈាមរួមគ្នា។
ជាការកត់សម្គាល់ កន្លងមក ពួកគេទាំង២ ហាក់មានភាពមមាញឹករៀងខ្លួន មិនសូវមានពេលស្និទ្ធស្នាលគ្នាទេ តែមួយរយៈចុងក្រោយនេះ ពួកគេ បានឆ្លៀតពេលវេលារកលុយមកសាកថ្មជីវិតរបស់ពួកគេឲ្យកាន់តែស្រស់បំព្រងឡើង។
ថ្មីៗនេះ លោក សូវ៉ាត សីលា បានចូលកាន់តំណែងជា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹត្យការ នៃវិទ្យាស្ថានជាតិអាកាសចរស៊ីវិល របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ក្នុងឱកាសនោះ គេឃើញ លោក សូវ៉ាត សីលា ថើបអ្នកនាង កែវ ចាន់និមល ជាភរិយា អមដោយបាច់ផ្កាយ៉ាងស្រស់ស្អាត១បាច់ នាមុខវេទិកាប្រកាសឡើងតំណែងថ្មីនោះទៀតផង។
ដោយឡែកនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃខួបកំណើតរបស់ភរិយានោះ លោក សូវ៉ាត សីលា បានបង្ហោះកម្រងរូបថតជាច្រើនសន្លឹកក្នុងឈុតប្រពៃណី ហើយពោលពាក្យជូនពរ និងសរសើរភរិយាថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ ជូនពរអូនឲ្យមានសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លៀសវៃ និងទទួលបានការគាំទ្រ និងស្រលាញ់ចូលចិត្តពីសំណាកមិត្តភក្តិ បងប្អូន និងអ្នកផងទាំងពួងឲ្យកាន់តែច្រើនឡើងៗ
ប៉ុន្មានឆ្នាំនេះអូនពិតជាហត់នឿយខ្លាំងណាស់ ធ្វើការផង មើលថែយកចិត្តទុកដាក់គ្រួសារផង មាតាដៃ ១០០០ តែអូនមិនដែលគិតថាបោះបងឡើយ បងពិតជាស្រលាញ់ និងមានមោទកភាពចំពោះអូនខ្លាំងណាស់»៕