លោក Tony Weeks ដែលជាអាជ្ញាកណ្តាលលំដាប់ពិភពធ្លាប់កាត់ក្តីក្នុងការប្រកួតរបស់កីឡាករ Manny Pacquiao, Floyd Mayweather, Timothy Bradley និងកីឡាករល្បីៗលំដាប់ពិភពលោកជាច្រើនរូបទៀតនឹងមកកាត់សេចក្តីក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយដែលរៀបចំឡើងនៅប្រទេសកម្ពុជា។
លោក Tommy ដែលជាអ្នកតំណាងកម្មវិធី MAS FIGHT ប្រចាំកម្ពុជាបាននិយាយថា លោក Tony Weeks នឹងមកកាត់ក្តីក្នុងជំនួបរវាងកីឡាករថៃ ប៊ូ ខាវ ជាមួយកីឡាករចិន យុន ប៊ិន តែមួយគូប៉ុណ្ណោះ។
ជាមួយគ្នានោះ លោក Tommy បន្ថែមថា លោកបានស្នើទៅ MAS FIGHT ប្រចាំទីក្រុងហុងកុងរួចហើយឲ្យជួយចរចាដាក់លោក Tony Weeks ចូលកាត់ក្តីរវាងកីឡាករកម្ពុជា កែវ រំចង់ និងកីឡាករថៃ ឆាងភឿក ជេស្តា មួយគូទៀតផងដែរប៉ុន្តែមិនទាន់មានការឆ្លើយតបទេ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតប្រដាល់ MAS FIGHT គុនខ្មែរ នៅស្ថានីយទូរទស្សន៍ Town Full HD TV នឹងរៀបចំធ្វើឡើងនៅថ្ងៃទី២៧តុលាខាងមុខនេះ។ កម្មវិធីនេះមានការប្រកួតប្រដាល់សេរីត្រឹមមួយទឹកប៉ុណ្ណោះដែលមានរយ:៩នាទី។ ប្រសិនបើកីឡាករទាំងសងខាងមិនសន្លប់ទេនោះ នោះលទ្ធផលនឹងស្មើគ្នា៕