កម្មវិធីទស្សន៍ទាយតារាចម្រៀងលាក់សំឡេង ហៀរហូរដោយសំណើច I Can See Your Voice Cambodia របស់ស្ថានីយទូរទស្សន៍ហង្សមាស រដូវកាលទី៣ បានដំណើរការដល់សប្ដាហ៍ទី៩ហើយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ។
ទោះយ៉ាងណា សូមត្រឡប់មកនិយាយពីអ្នកចម្រៀងលាក់សំឡេងម្នាក់នៅក្នុងសប្ដាហ៍ទី៧វិញ ដោយសារតែវីដេអូមួយនោះ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ហើយអ្នកទស្សនាមួយចំនួនទាំងនៅលើបណ្ដាញសង្គមយូធូប និងហ្វេសប៊ុក សុទ្ធតែអះអាងថា សំឡេងរបស់នាងពីរោះជាម្ចាស់ដើម ជាកញ្ញា វី ឌីណែត នោះ។
បេក្ខនារីលាក់សំឡេងរូបនោះ ត្រូវបានកញ្ញា វី ឌីណែត ជ្រើសរើសដោយផ្ទាល់ថា មានសំឡេងពីរោះ ហើយម្ចាស់ពានI Am A Singer Cambodia រដូវកាលទី២រូបនេះ ក៏ចាប់ផ្ដើមច្រៀងមុននូវបទល្បីរបស់ខ្លួន«កុំស្ដាយពេលបាត់បង់ខ្ញុំ» ដោយច្រៀងស្ទើរតែចប់មួយបទទៅហើយ ទើបបេក្ខនារីលាក់សំឡេងច្រៀងបន្ត។
ក្រោយបេក្ខនារីលាក់សំឡេងបង្ហើរសំនៀងភ្លាម សំឡេងហ៊ោកញ្ជ្រៀវ បានកើតឡើងចំពោះអ្នកទាយត្រូវ ដែលលើកឡើងថា សំឡេងរបស់នាង ពីរោះនោះ។ ក្រោយច្រៀងចប់ សួរនាំទៅទើបដឹងថា បេក្ខនារីម្នាក់នោះ មានឈ្មោះ ណៃ កន្និកា ជាតារាចម្រៀងនៅភោជនីយដ្ឋានមួយកន្លែងនា ទីក្រុងភ្នំពេញ។
ងាកមកទស្សនាមួយចំនួន តាមបណ្ដាញសង្គមយូធូប និងហ្វេសប៊ុក ដែលហង្សមាស បានបង្ហោះវិញ បានលើកឡើងស្រដៀងៗគ្នាថា «សំឡេងចង់ពីរោះជាងម្ចាស់ដើម, លោកព្រះ ពីរោះជាងម្ចាស់ដើមទៀត, ពីរោះជាងម្ចាស់ដើមទៀត, ម្ចាស់ដើមច្រៀងមិនសូវពីរោះទេ, ច្រៀងពីរោះជាងតារាច្រៀងមុនទៀត, ពីរោះជាងម្ចាស់បទ, ច្រៀងផ្ទាល់ដូចគ្នាពីរោះជាងម្ចាស់ដើមទៀត»។
ទោះយ៉ាងណា ក៏មានអ្នកលេងបណ្ដាញសង្គមផ្សេងទៀត យល់ឃើញខុសពីនេះ និងលើកឡើងថា «ស្តាប់ម៉េចថា ពីរោះជាងម្ចាស់ដើម, មិនអាចទេម្ចាស់បទពីរោះជាង»។ ប៉ុន្តែតាមការពិនិត្យជាក់ស្ដែងមតិ កាន់ជើងម្ចាស់បទ មានតិចជាងមតិសរសើរបេក្ខនារីលាក់សំឡេង។
ចំពោះការសរសើរខ្លួនថា ពីរោះជាងម្ចាស់បទនេះ បេក្ខនារីលាក់សំឡេង មិនហ៊ានទទួលយកនោះទេ បានត្រឹមពោលពាក្យឆ្លើយតបថា «គុណណាស់បងស្រី ដែលស្រលាញ់ការច្រៀងរបស់ប្អូន តែសមត្ថភាពប្អូននៅមានកម្រិតខ្ញុំនឹងស៊ូបន្ដទៀត»៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖