គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ Admin ជីងចក់ និងភរិយា បានបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលនៅផ្ទះរបស់អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ដើម្បីចុះកុងត្រាការងារជាមួយលុយដុល្លារទាំងបាច់ៗនោះ។
ក្រោយពីរាសីឡើងបែបនេះ កាលពីចុងឆ្នាំ២០២១ អ្នកនាង ផល្លា បានបង្ហោះសារយ៉ាងមានន័យថា «អំណាចនៃសំពាយបុណ្យ និងសំពាយបាបរបស់យើងមានរៀងៗខ្លួន ប្រជែងអ្វីអាចប្រជែងបាន តែចង់ប្រជែងនឹងព្រេងវាសនា គឺប្រជែងមិនបានទេ វាសនាមនុស្សមើលមិនឃើញទេ ហេតុនេះរស់នៅត្រូវសាងកុសលអោយច្រើន
សន្សំសុខអោយច្រើន ហើយកុំកំណាញ់ត្រឹមពាក្យលើកទឹកចិត្តដល់គ្នា បើឃើញគេបានល្អ គួរលើកទឹកចិត្តគេ នោះ អ្នកនឹងបានទាំងបុណ្យផង បានមិត្តភាពផង បានទាំងការគោរពស្រលាញ់ និងបានជួយពង្រីកសេចក្តីល្អរបស់អ្នកផង»។
ទោះយ៉ាងណា រាសីឡើងប៉ុននេះ ទំនងជាមិនទាន់គ្រប់គ្រាន់នោះទេ ព្រោះកន្លងមកល្បីថា ទិញមាសពេជ្រ អ្នកស្រី ទ្រី ដាណា ហេងហេងនោះ ទើបនៅថ្ងៃទី១០ ខែមិថុនា ពូចក់ និងភរិយា បានដឹកដៃគ្នាទៅទិញ ស្រាប់តែឃើញភ្ញៀវចេញចូលដូចផ្សារទំនើប ក៏លាន់មាត់ថា ឮ១០ដង មិនស្មើបានឃើញមួយដង។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនោះ អ្នកនាង ទ្រិញ ផល្លា បានរៀបរាប់ដូច្នេះថា «លឺដប់ដង មិនស្មើបានទៅមួយដង ភ្ញៀវពេញហាង ភ្ញៀវចេញចូល ដូចផ្សារទំនើបចឹងលោកអើយ មកទិញលក្ខណៈគ្រួសារម៉ង ដោយសារតែមាសសុទ្ធ ពេជ្រសុទ្ធ សេវាកម្មល្អ អ្វីដែលសំខាន់នឹងគឺទិញហើយដឹងតែហេងៗម៉ង បើមានសំណាងល្អ បានជួបបងស្រីទ្រីដាណាទៀតរឹតតែហេងៗ ជោគជ័យគ្រប់ភារកិច្ចម៉ងទ្រី ដាណា Dana Try»។
ដោយឡែក អ្នកស្រី ទ្រី ដាណា ក៏បានបង្ហោះរូបថត អមដោយសារបញ្ជាក់ដែរថា «សូមអរគុណអូនសម្លាញ់និងពូកចក់ ដែលបានមកគាំទ្រមាស និងពេជ្រនៅហាងរបស់ចែដាណាជូនពរហេងៗណា»។ ជាការឆ្លើយតប អ្នកនាង ផល្លា បានបញ្ជាក់ថា «បានរបស់ស្រលាញ់ហើយ មកវិញហេងៗទៀត សប្បាយចិត្តណាស់បងស្រី»៕