ពិតណាស់ថា យុវជន ទុំ សុវត្ថិ បានធ្លាក់ចេញពីកម្មវិធី លំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ ក្នុងវគ្គJudge Audition ក្រោមការសម្រេចចិត្តចុងក្រោយ របស់គណៈកម្មការ ឆន សុវណ្ណរាជ ដែលនិយាយថាNo តែរូបគេបែរជាទទួលបានសំណាងផ្ទួនៗទៅវិញ។
នេះមិនខុសអ្វីពីពាក្យគេនិយាយថា គ្រោះក្លាយជាលាភនោះទេ ដោយរហូតមកដល់ ពេលនេះ រូបគេ បានទទួលការជ្រោមជ្រែងពីបុគ្គលល្បីៗក្នុងវិថីសិល្បៈជាច្រើន តាមរយៈការផ្ដល់ជាថវិកា, ការទទួលឲ្យចូលច្រៀង, ការទទួលធ្វើជាកូនសិស្ស, ការនិពន្ធបទចម្រៀង ហើយថែមទាំងមានឱកាសឡើងច្រៀងក្នុងកម្មវិធីសម្ពោធលក់ជាផ្លូវការ HUAWEI nova Y70ទៀតផង។
អ្វី ដែលកាន់តែពិសេស និងសំណាងជាងនេះ ទៅទៀតនោះ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ យុវជន ទុំ សុវត្ថិ បានទទួលការឧបត្ថម្ភ ថវិកាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថែមទៀតផង។
ជាក់ស្ដែង បើយោងតាមទំព័រហ្វេសប៊ុក «កាកបាទក្រហមកម្ពុជា-Cambodian Red Cross» បានបញ្ជាក់ដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥.០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ។
ក្រៅពីការឧបត្ថម្ភថវិកា ៥០០០ដុល្លារ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា២លានរៀល ជូនជីដូនរបស់យុវជន ទុំ រដ្ឋា ដែលបានចិញ្ចឹមបីបាច់យុវជនកំព្រាឪពុកម្តាយរូបនេះផងដែរ។
ចំពោះថវិកាឧបត្ថម្ភ បានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ តាមរយៈ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
យុវជន ទុំ រដ្ឋា មានក្តីរំភើបដល់ស្រក់ទឹកភ្នែកក្រោយពេលទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលធ្វើឱ្យខ្លួនគេមានក្តីសង្ឃឹមក្នុងជីវិត និងបន្តខិតខំតស៊ូ ជម្នះរាល់ការលំបាកដើម្បីសម្រេចបានក្តីស្រមៃ និងជោគជ័យក្នុងជីវិត»។
លើសពីនេះ បើយោងតាមការផ្សាយរបស់ហ្វ្រេសញូស៍, សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេច បាននិងកំពុងពិនិត្យសិក្សាឲ្យលោក ទុំ រដ្ឋា ចូលក្របខណ្ឌមន្រ្តីយោធានៅកងយោធពលខេមរភូមិន្ទ និងអាចច្រៀងនៅក្នុងក្រុមតន្រ្តីនៃកងអង្គរក្សទៀតផង។
ក្រៅពីទទួលបានការជួយឧបត្ថម្ភជាបន្តបន្ទាប់ហើយនោះ, ទុំ សុវត្ថិ ក៏បានCoverចម្រៀងមួយបទ ដែលត្រូវនឹងសាច់រឿងរបស់ខ្លួន មានចំណងជើងថា «អរគុណបរាជ័យ» ដោយទទួលបានការចាប់អារម្មណ៍ និងសរសើរលោកជាច្រើនផងដែរ។
ក្នុងនោះ សូម្បីតែលោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសរបស់សម្ដេចតេជោ ក៏បានចែករំលែកបទនេះចូលទៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន កាលពិថ្ងៃទី១១ ខែមិថុនា ហើយលើកឡើងថា «ន័យបទនេះល្អសម្រាប់យើងទាំងអស់គ្នា
ពេលយើងក្រឬបរាជ័យ គ្មានអ្នកណាស្គាល់យើងឡើយ តែពេលជោគជ័យវិញ គឺមានអ្នកអបអរហើយអមច្រើន។
ខំប្រឹងឡើង ខំប្រឹងឡើងដើម្បីខ្លួនឯងនឹងក្រុមគ្រួសារ»៕