កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ, កម្មវិធីបើកបង្ហាញម្កុដពេជ្រ ដ៏អស្ចារ្យដល់បវរកញ្ញា ចក្រវាឡកម្ពុជា Miss Universe Cambodia 2022 ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ស៊ីណាត និងលោកជំទាវ ឈា សេងអ៊ីម។
ម្កុដពេជ្រដ៏ស្រស់ស្អាត និងអស្ចារ្យនេះ ជាការឧបត្ថម្ភរបស់លោកចិនសំណាង ម្ចាស់ហាងមាសពេជ្រ CSNJ ហើយក្នុងឱកាសនោះ លោកបាននិយាយថា ការធ្វើម្កុដនេះ គឺដើម្បីជួយលើកស្ទួយដល់បវរកញ្ញាកម្ពុជាឲ្យមានភាពរីកចម្រើនទៅកាន់ពិភពលោក និងចង់បង្ហាញពីត្បូងដ៏មានតម្លៃគឺត្បូងរតនគីរីរបស់ខ្មែរយើង។
លោក បានបន្តទៀតថា ម្កុដនេះគឺធ្វើរយៈពេលបីខែ ដែលគូដោយជនជាតិឥណ្ឌា ដាំត្បូងរចនាដោយជនជាតិអ៊ីតាលី ផ្តួចផ្តើមគំនិតដោយកែច្នៃកូនខ្មែរគឺលោកចិនសំណាងផ្ទាល់តែម្តង ហើយម្កុដនេះ មានត្បូងរតនគីរីនិងត្បូងពេជ្រ ដែលមានតម្លៃរហូតដល់ មានតម្លៃ 180000$ ( ដប់ប្រាំបីម៉ឺនដុល្លារ ) ដែលជាការឧបត្ថម្ភដោយ លោក ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ ! ចំពោះបេក្ខនារីទាំង២០នាក់ទទួលបានចិញ្ចៀនពេជ្រម្នាក់១វង់ និងអ្នកជាប់លេខ១ទទួលបានថវិកាចំនួន ៥០០០$ ។
ក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាសន៍ កោតសរសើរដល់លោកចិន សំណាង ដែលបានជួយលើកស្ទួយដល់វិស័យបវរកញ្ញាចក្រវាឡកម្ពុជានិងត្បូងរតនគីរីរបស់ខ្មែរ ជាពិសេសលោកជំទាវ សូមផ្តាំផ្ញើសូមអោយកូនៗដែលជាបវរកញ្ញាទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីអោយបានទទួលបានភាពជោគជ័យនៅថ្ងៃប្រកួត។
ក្រោយពីចូលរួមពិធីនោះរួចមក លោកជំទាវចិត្តធម៌រូបនេះ បានលើកឡើងដែរថា «មិនទាន់បានផុសក្នុងកម្មវិធីបើកបង្ហាញម្កុដពេជ្រ ដ៏អស្ចារ្យសម្រាប់បវរកញ្ញា ចក្រវាឡកម្ពុជា Miss Universe Cambodia 2022 ដែលឧបត្ថម្ភដោយ កូនប្រុស ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ ក្នុងតម្លៃម្កុដ 180000 ដុល្លារដែលធ្វើនៅសណ្ឋាគារណាហ្គាវើលសូមជូនពរដល់ក្មួយៗបវរកញ្ញា ចក្រវាឡ ទាំងអស់សូមឲ្យបានជោគជ័យហើយទទួលបានម្កុដពេជ្រនេះកុំបីខានឡើយ»៕