នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត បន្ទាប់ពីភរិយា Admin ជីង ចក់ បានទម្លាយពីវិវាទគ្រួសារជាលើកទីពីរ។ ម្ដងនេះខុសពីលើកមុន ដែលនិយាយហែកហួរគ្នារឿងលើគ្រែ តែលើកនេះ ស្រីស្អាត ទ្រិញ ផល្លារ បានប្រកាសយ៉ាងច្បាស់ថា ប្ដីរបស់ខ្លួនលួចទ្រព្យសម្បត្តិរត់ចេញពីផ្ទះ ហើយពេលនេះកំពុងរត់គេចខ្លួន។
បើទោះជាយ៉ាងណា ការប្រកាសរបស់ថៅកែអនឡាញអ្នកនាង ទ្រិញ ផល្លា ជាលើកទីពីរនេះ ហាក់ត្រូវបានមហាជនគិតថា ជាការលេងសើច និងមិនសូវមានអ្នកជឿជាក់ថា ជារឿងពិតប៉ុន្មានឡើយ ព្រោះកន្លងមក ពួកគេធ្លាប់បង្កព្យុះភ្លៀង ទាញយកប្រជាប្រិយភាពដើម្បីរកស៊ីម្ដងរួចហើយ។
ពេលនេះ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍នោះ គឺស្រីស្រស់ដែលជាថៅកែអនឡាញល្បីឈ្មោះខាងលើនេះ បានប្រកាសសង្កត់ធ្ងន់ផ្ដល់ប្រាក់រង្វាន់ចំនួន ១០,០០០ដុល្លារ ចំពោះបុគ្គល ឬបើអាជ្ញាធរសមត្ថកិច្ចចាប់ខ្លួន ជីងចក់ បាន។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ទ្រិញ ផល្លារ បានបញ្ជាក់ឱ្យដឹងតាមរយៈសរសេរយ៉ាងច្បាស់ដូច្នេះថា ៖ «មនុស្សរត់ទៅពោធិ៍សាត់ អ្នកពោធិ៍សាត់ ឃើញប្រាប់ប៉ូលិសចាប់មនុស្សបាន១០,០០០$ ជិះព្រូសពណ៌ស ជិះគ្នាបីនាក់» ។ បន្ថែមពីនោះ ប្រភពដដែលបានបន្តដោយទម្លាយនូវរូបភាពAdmin ជីង ចក់ ជាស្វាមីលុតជង្គង់ក្រាបក្បាលដល់ចុងជើងប្រពន្ធ ដើម្បីសុំអភ័យទោសចំពោះកំហុសថែមទៀតផង។
បើទោះជាយ៉ាងណាស្រីស្អាត ទ្រិញ ផល្លា នៅតែអះអាងដោយទទូចថា ចាំដោះស្រាយគ្នានៅប៉ុស្តិ៍ប៉ូលិស។ ស្រីស្រស់សម្រស់ទ្រលុកទ្រលន់អ្នកនាង ទ្រិញ ផល្លា បានបញ្ជាក់ថា ៖ «នេះជារូបភាពសុំទោសខ្ញុំ កាលពីម្សិលមិញ ចាំដោះស្រាយជាមួយប៉ូលិស រត់ទៅពោធិ៍សាត់ ជិះព្រូសពណ៌ស ម្ចាស់ឡានឈ្មោះសី ប៉ូលិសឃើញឃាត់ខ្លួនផងពីបទដឹកចោររត់ ចោរឈ្មោះ ចក់» ។
ក្រោយមកសាររបស់នាងបង្ហោះទាំងប៉ុន្មានត្រូវបានលុបចេញអស់ ហើយបង្ហោះសារថ្មី បញ្ជាក់ថា «អ្វី ដែលខ្ញុំផុសនឹង ចាក់សោទុកសិន កំពុងអោយប៉ូលិស មេធាវី ធ្វើការសិន ធ្វើហើយខ្ញុំនឹងដោះសោចេញវិញ គ្រប់យ៉ាងធ្វើទៅតាមច្បាប់ហើយ តិចទៀតគ្រប់យ៉ាងនឹងបញ្ចប់ដោយច្បាស់លាស់ !»។
ក្រោយមកទៀត អ្នកលក់អនឡាញដ៏ល្បីរូបនេះ បានបង្ហោះសារទាំងទឹកភ្នែក១ទៀតថា «ខុសខ្លាំងបំផុតនៅពេលដែលចិត្តទន់ លើកលែងអោយម្ដងហើយម្ដងទៀត ធ្វើដាក់ប្រពន្ធខ្លួនឯងបានគ្រប់រឿង តែពេលប្រពន្ធកាចទៅវិញ ប្រពន្ធមានឈ្មោះជាមនុស្សអាក្រក់ចុះការឈឺចាប់ ដែលទទួលយកគ្រប់រឿងកន្លងមក អ្នកណាខ្លះដែលដឹងថាខ្ញុំឈឺប៉ុនណា ??»។
សូមរំលឹកថា នេះគឺជាលើកទីពីរហើយ ដែលប្ដីប្រពន្ធដ៏មានឥទ្ធិពលនៅលើបណ្ដាញសង្គមមួយគូនេះ យករឿងគ្រួសារលាតត្រដាងឱ្យគេបានដឹងជាសាធារណៈ ពោលគឺកាលពីប៉ុន្មានកន្លងទៅនេះ ប្ដីប្រពន្ធAdmin ជីង ចក់ និងស្រីស្អាត ទ្រិញ ផល្លា បានធ្វើព្យុះភ្លៀងយ៉ាងខ្លាំងពាក់ព័ន្ធនឹងវិវាទដោយសារស្វាមីរបស់ខ្លួនមានទំនាក់ទំនងជាមួយនារីខាងក្រៅជាច្រើន។ តែរឿងរ៉ាវនោះ បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានការទម្លាយថា អ្នកទាំងពីរត្រូវរ៉ូវគ្នាវិញ ខណៈមហាជនភាគច្រើនយល់ថា ពួកគេគ្រាន់តែប្រឌិតរឿងនេះឡើង ដើម្បីទាញយកប្រជាប្រិយភាពរកស៊ីប៉ុណ្ណោះ។
ប៉ុន្តែមិនបានប៉ុន្មាននៅព្រឹកមិញនេះ ស្រីស្អាត ទ្រិញ ផល្លារ ក៏បានប្រកាសជាថ្មីម្ដងទៀតថា Admin ជីង ចក់ ដែលជាស្វាមីបណ្ដូលចិត្តរបស់ខ្លួនបានលួចទ្រព្យសម្បត្តិរត់ចេញពីផ្ទះ និងកំពុងរត់គេចខ្លួន។
លើសពីនេះនាងបានប្រកាសផ្ដល់ប្រាក់រង្វាន់១ម៉ឺនដុល្លារដល់អ្នកដែលចាប់ខ្លួន Admin ជីង ចក់ បានថែមទៀតផង ។ ទោះបីជាយ៉ាងណា នាងមិនទាន់បានបញ្ជាក់នោះទេថា ទ្រព្យសម្បត្តិដែលស្វាមីរបស់ខ្លួនយកទៅនោះមានចំនួនប៉ុន្មាននោះដែរ។
មហាជនកំពុងតាមដានរឿងនេះ តើជាការសម្ដែង ឬជាការពិត។ ប្រសិនបើជាការពិតមែននោះ អនាគត និងកេរ្តិ៍ឈ្មោះរបស់ ពូចក់ ដែលខំកសាងរាប់ឆ្នាំមកនោះ ប្រហែលជាត្រូវរលាយសាបសូន្យមិនខាន៕