បេក្ខជន ខេមមន្ត លេវ បច្ចុប្បន្នជាចុងភៅមួយរូប ធ្លាប់តែប្រឡងនៅសាលា ចង់ក្លាយជាតារាចម្រៀង ក៏បានឈានជើងចូលមកប្រឡងចម្រៀងនៅកម្មវិធីCambodian Idol រដូវកាលទី៤ តែត្រូវធ្លាក់ក្នុងវគ្គJudge Auditionសប្ដាហ៍ទី៦។
មុននឹងចាប់ផ្ដើមច្រៀងនោះ បេក្ខជនមកពីខេត្តសៀមរាបរូបនេះ បានរៀបរាប់ពីជីវិតជាក្មេងកំព្រារបស់ខ្លួនត្រូវទៅរស់នៅរៀនសូត្រនៅអង្គការ រហូតដល់ធំពេញវ័យមករស់នៅផ្ទះជួលចេញរកការងារជាចុងភៅដើម្បីផ្គត់ផ្គង់ជីវភាព។
អ្វីជាការចាប់អារម្មណ៍នោះ ពេលនៅអង្គការ យុវជនរូបនេះ បាននិពន្ធបទចម្រៀងរៀបរាប់ពីខ្សែជីវិតរបស់ខ្លួន ហើយក៏មានឱកាសទៅសម្ដែងនៅប្រទេសជប៉ុនអំឡុងឆ្នាំ២០១៤។ លើសពីនេះ ខ្សែជីវិតរបស់លោក ត្រូវបានជនជាតិជប៉ុន ដែលនាំទៅសម្ដែងនៅទីនោះ យកទៅនិពន្ធចេញVersionថ្មីជាភាសាជប៉ុនថែមទៀតផង។
ពេលរៀបរាប់ចប់ ខេមមន្ត លេវ បានលើកយកបទចម្រៀង «តឹងទ្រូងធ្វើធ្លាយនិយាយមិនចេញ» មកបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ដោយឃើញថា សំឡេងល្អ មានគុណភាពតែបានសាងកំហុសនៅក្នុងបទចម្រៀងនេះ ដោយសារច្រៀងបានបន្តិច ស្រាប់តែអាក់ ទំនងភ្លេចប៉ារ៉ូ ហើយក៏ច្រៀងបន្តទៀតជាមួយនឹងសំឡេងស្រែកតឹងៗ វែងអន្លាយ រហូតដល់ចប់។
ក្រោយបកស្រាយចប់ គណៈកម្មការ ណុប បាយ៉ារិទ្ធ មើលឃើញកំហុសតែត្រង់ អាក់បន្តិចនោះប៉ុណ្ណោះ, សុខ ស៊ីឡាលីន ថា នៅស្ទើរតិចៗ កន្លុកគន្លាក់ត្រង់ឃ្លាបញ្ចប់កន្ទុយ, ឱក សុគន្ធកញ្ញា សរសើរថា ដង្ហើមវែង តែត្រង់កន្ទុយៗធ្វើអត់ទាន់បានល្អ រកកន្លែងពីរោះអត់ទាន់ឃើញ។ ចំណែក ឆន សុវណ្ណរាជ វាយតម្លៃកន្លែងខ្វះខាតត្រង់ចំណុចបទនេះតឹង ស្ទើរតែលើសពីសមត្ថភាព ធ្វើឲ្យប្រឹងសំឡេងស្អកស្អាមកអស់ ពិសេសត្រង់ចំណុច អាក់ ដូចទៅនឹងតារាចម្រៀង ណុប បាយ៉ារិទ្ធ ដែរ។
ជាលទ្ធផល ណុប បាយ៉ារិទ្ធ ឆ្លើយ«Yes», ឆន សុវណ្ណរាជ ឆ្លើយ «No», ឱក សុគន្ធកញ្ញា ឆ្លើយ «Yes» ខណៈ សុខ ស៊ីឡាលីន ឆ្លើយថា «No» ធ្វើឲ្យបេក្ខជនរូបនេះ បាន «Yes» ២ , «No» ២ មិនអាចជាប់ឈានទៅវគ្គបន្តទៀតបាននោះឡើយ៕ ដើម្បី ជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖