ប្រិយមិត្ត ប្រាកដជា បានដឹងខ្លះហើយពីខ្សែជីវិតរបស់ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTNអ្នកនាង សេន ចិន្តា ហៅ ស្រីអ៊ីត ដោយនាង បានសម្រេចលែងលះដាច់ស្រេចជាមួយអតីតស្វាមីជាគ្រូបង្រៀន បន្សល់ទុកកូនស្រីម្នាក់ក្នុងបន្ទុកនោះ។
ក្រោយពីលែងលះជាមួយស្វាមី និងអោបក្រសោបយកកូនស្រីបណ្ដូលចិត្តមកចិញ្ចឹមបីបាច់ថែទាំយ៉ាងយកចិត្តដាក់តែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំនោះ, ពេលនេះ កូនស្រីបណ្ដូលចិត្តរបស់ ស្រីអ៊ីត ឈ្មោះថា ង៉ា ស្រីណាន កំពុងទទួលការទំនុកបម្រុង និងត្រួសត្រាយផ្លូវបានយ៉ាងល្អប្រសើរពីសំណាក់អ្នកម្ដាយជាទីស្រឡាញ់លើវិថីសិល្បៈ។
ង៉ា ស្រីណាន ពេលស្ថិតក្នុងអាយុប្រមាណ១៥ឆ្នាំ នាងក៏បានចូលប្រឡងចម្រៀងបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធី Xfactor Cambodia កាលពីកំឡុងឆ្នាំ២០១៩ថែមទៀតផង ហើយកាលនោះនាងតូចរូបនេះ ក៏ទទួលបានប្រជាប្រិយភាពពីសំណាក់មហាជនអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់ផងដែរ ដោយសារតែនាងមានទឹកដមសំឡេងពីរោះក្រអួនក្រអៅបំពេអារម្មណ៍អ្នកស្ដាប់នោះ។
ដោយឡែក បើគិតមកទល់បច្ចុប្បន្ន ង៉ា ស្រីណាន មានអាយុ១៨ឆ្នាំ កំពុងពេញវ័យលូតលាស់ពេញរូបពេញរាងស្រស់ស្អាតមិនចាញ់អ្នកម្ដាយឡើយ ពោលគឺរូបសម្រស់ស្អាតប្លែកជាងពីក្មេងសឹងតែ ៣៦០ដឺក្រេ មានសម្បុរសថ្លា ទម្រង់មុខគួរឱ្យស្រឡាញ់ ជាពិសេសមានរូបរាងស្រឡូនស្អាតដូចទាក់ទាញដូចតារាម៉ូដែល តុបតែងខ្លួនស៊ីវិល័យស្រស់ស្អាតខ្លាំង អន្ទងចិត្តកំលោះៗឱ្យលង់ស្នេហ៍មិនតិចនោះឡើយ។
បើនិយាយពីការងារសិល្បៈវិញ មិនថាសម្ដែង ឬច្រៀងឡើយ ស្រីស្អាតមានរូបឆោមស្រស់បែបធម្មជាតិ ង៉ា ស្រីណាន តែងតែធ្វើបានយ៉ាងល្អ ហើយរមែងទទួលបានការគាំទ្រ និងកោតសរសើរមិនដាច់ពីមហាជន ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាងល្បីសុំសាយមិនចាញ់ម្ដាយនោះឡើយ។
កាលពីពេលថ្មីៗនេះ ណាន ណាន មានឱកាសថតសម្ដែងនៅស្ថានីយទូរទស្សន៍CNC ហើយស្រីអ៊ីត ជាម្ដាយ បានបង្ហោះរូបថតប៉ុន្មានសន្លឹកជាមួយគ្នា មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ មើលមួយភ្លែតដូចបងប្អូនអញ្ចឹង រហូតដល់អ្នកខ្លះស្មានតែកូនភ្លោះទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបថតដ៏ស្រស់ស្អាតឈរបង្អួតរាងនៅពីមុរថយន្តពណ៌លឿងប៉ុន្មានសន្លឹក ស្រីអ៊ីត បានបញ្ជាក់ថា «ចប់ដោយជោគជ័យ អរគុណដល់បងប្រុសសឿន នឹងCNC តែងតែផ្ដល់កិត្តិយសដល់កូនស្រីរបស់នាងខ្ញុំ ណាន ណាន សូមជូនពរអោយជោគជ័យគ្រប់ភាកិច្ច រលូនទៅមុខ ហេង ហេង 12.6.2022»។
តាមរយៈនេះ មានការលើកសរសើរថា «ម៉ែវាបានកូនស្រីមួយស្រស់ស្អាតខ្លាំងណាស់, កូនស្រីស្អាតណាស់, កាន់តែធំច្រៀងកាន់តែពីរោះ, ម៉ែ និងកូនស្រដៀងគ្នា, មើលមួយភ្លែតស្មានតែកូនភ្លោះ, ស្រស់ស្អាតណាស់បងស្រី និងក្មួយស្រី»៕