នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២២ ដោយក្នុងនោះ – ម៉ាស៊ូត ៦ ១០០រៀល ក្នុងមួយលីត្រ – សាំងធម្មតា ៥ ៨០០ រៀល ក្នុងមួយលីត្រ។
ស្របពេលក្រសួងចេញតម្លៃប្រេងឥន្ធនៈថ្មី មិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែ ទំព័រហ្វេសប៊ុកឈ្មោះ «TotalEnergies ChhukVa តូតាល់អេនើជី ឈូកវ៉ា» បានទម្លាយរូបថតអតិថិជនរបស់ខ្លួនជាច្រើនសន្លឹក ដែលចាក់សាំងហើយ មិនទូទាត់លុយឲ្យនោះ ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
បង្ហោះភ្ជាប់ជាមួយរូបថតម្ចាស់រថយន្ត ជានារីដ៏ស្រស់ស្អាតនៅរសៀលថ្ងៃទី១៣ ខែមិថុនានេះ ទំព័រហ្វេសប៊ុកខាងលើ បានទទូចថា «សូមអញ្ជើញអ្នកនាងដ៏ស្រស់ស្អាតដែលបើកឡានស្លាកលេខ កម្ពុជា CH.TREA9 ដែលបានចាក់សាំងនៅស្ថានីយ TotalEnergies ChhukVa សូមមកទូទាត់ថ្លៃសាំង 40$ ដែលបានចាក់នៅថ្ងែទី 13/06/2022 វេលាម៉ោង 12:17នាទីថ្ងៃត្រង់»។
ទោះយ៉ាងណា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានស្នើដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈខាងលើថា «សុជីវធម៌ក្នុងនាមជាអ្នករកស៊ីសំខាន់ណាស់ ទាស់ខុសអី បិទបាំងស្លាកលេខរថយន្តគេសិនទៅ បើគេមិនទៅបង់ ឬរកម្ចាស់មិនឃើញ ចាំបង្ហាញទូទៅ ព្រោះជួនកាលអាចថាគាត់ភ្លេច ជាកំហុសដោយអចេតនាកើតឡើងក៏ថាបាន។
ខ្ញុំខ្លួនឯងក៏ធ្លាប់ដែរ ម្ចាស់ការ៉ាស់ក៏មិនបង្ហោះ ប៉ុន្តែគាត់ទុកពេលឱ្យ៣ថ្ងៃ បើមិនទៅបង់ គាត់នឹងបង្ហោះលើកទីមួយ ដោយបិទបាំងស្លាកលេខ និងមុខ រួចគាត់ទុកពេលឱ្យ៥ថ្ងៃ បលក្នុងពេល៥ថ្ងៃអត់ឃើញទៅបង់ទៀត ទើបគាត់បង្ហោះស្លាកលេខឡាន ដើម្បីរកម្ចាស់។ ភាគីការ៉ាស់ធ្វើបែបនេះមិនសមទាល់តែសោះ កិត្តិយសគេសំខាន់ណាស់ ការ៉ាស់បែបនេះ ខ្ញុំស្បថ មិនចូលចាក់អស់មួយជីវិត»៕