គេនៅចាំបានថា លាន អាហ្វ្រីលគីនីន បានទទួលស្គាល់កាលពីចុងឆ្នាំ ២០១៩ ថា លោកពិតជាឡើងឧកញ៉ាមែន។ អតីតតារាប្រុសរូបនេះ បច្ចុប្បន្ន បានងាកទៅធ្វើជំនួញរកស៊ីផ្នែកអចលនទ្រព្យ ហើយលោកជិះរថយន្ដទំនើបៗមិនចាញ់ឧកញ៉ាល្បីឈ្មោះផ្សេងទៀតឡើយ។
ទោះយ៉ាងណា ថ្មីៗនេះ អតីតពិធីករ លាន អាហ្វ្រីលគីនីន ធ្លាយរឿងអាស្រូវជំពាក់លុយគេរាប់ម៉ឺនដុល្លារ។ ប៉ុន្ដែម្ដងនេះ មាននារីម្នាក់ ដែលជាសង្សារបស់លោក បានចេញមុខឈឺឆ្អាល ហើយថែមទាំងព្រមានអ្នកចេះដឹងរឿងគេ ថាប្រយ័ត្នឲ្យសមត្ថ,កិច្ចចាប់ទៅវាស់កម្ពស់ទៀតផង។
មុននឹងមានដៃគូថ្មីនេះ លាន អាហ្វ្រីលគីនីន ជាអតីតស្វាមីរបស់ កែវ វល័ក្ខ។ ប៉ុន្តែពេលនេះ ពួកគេសុទ្ធតែមានដៃគូថ្មីរៀងខ្លួនហើយដែរ ប៉ុន្តែយ៉ាងណា កែវ វល័ក្ខ នៅតែកើតទុក្ខមិនសុខចិត្តដោយថ្មីៗនេះ នាងបានបង្ហោះសារឌឺដងចំៗដល់អតីតស្វាមីផងដែរ។
ស្របពេលអតីតស្វាមី លាន អាហ្វ្រីលគីនីន កំពុងរស់នៅជាមួយអ្នកមេម៉ាយរូបស្រស់ជាអ្នកលក់អនឡាញយ៉ាងមានក្តីសុខនោះ កែវ វល័ក្ខ បានបង្ហោះសារដែលមានអត្ថន័យថា «អ្នកដឹងបានដឹង អ្នកអត់ដឹងនៅតែអត់ដឹង អាអើយអា មិនដឹងជាជេរបែបណាឱ្យ អស់កំហឹងដែរខឹង នូវទង្វើថោកទាបរបស់វា(កាតព្វកិច្ច+ទំនួលខុសត្រូវ+អាហារកិច្ច) បីចំណុចនឹងមានន័យយ៉ាងម៉េចបងប្អូន»។
គួរបញ្ជាក់ផងដែរថា ក្រោយរួមរស់រយៈពេលជាង ១០ឆ្នាំដោយមិនមានចំណងអាពាហ៍ពិពាហ៍ កែវ វល័ក្ខ និង លាន អាហ្វ្រីលគីនីន បានចែកផ្លូវគ្នារៀងខ្លួនដោយបន្សល់នូវកូនប្រុសស្រីចំនួនបួននាក់រស់នៅជាមួយ កែវ វល័ក្ខ ជាម្តាយ។
សព្វថ្ងៃនេះពួកគេទាំងពីរក៏មានដៃគូថ្មីរៀងខ្លួនដោយ កែវ វល័ក្ខ បានភ្ជាប់ពាក្យជាមួយបុរសម្នាក់កាលពីពាក់កណ្តាលខែមេសាកន្លងទៅនេះដោយមានការចូលរួមសាទរពីសំណាក់សាច់ញាតិជាច្រើន៕