គេនៅចាំបានថា កាលព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២២ ដោយក្នុងនោះ – ម៉ាស៊ូត ៦ ១០០រៀល ក្នុងមួយលីត្រ – សាំងធម្មតា ៥ ៨០០ រៀល ក្នុងមួយលីត្រ។
ស្របពេលក្រសួងចេញតម្លៃប្រេងឥន្ធនៈថ្មី មិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែ ទំព័រហ្វេសប៊ុកឈ្មោះ «TotalEnergies ChhukVa តូតាល់អេនើជី ឈូកវ៉ា» បានទម្លាយរូបថតអតិថិជនរបស់ខ្លួនជាច្រើនសន្លឹក ដែលចាក់សាំងហើយ មិនទូទាត់លុយឲ្យនោះ ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
បង្ហោះភ្ជាប់ជាមួយរូបថតម្ចាស់រថយន្ត ជានារីដ៏ស្រស់ស្អាតនៅរសៀលថ្ងៃទី១៣ ខែមិថុនានេះ ទំព័រហ្វេសប៊ុកខាងលើ បានទទូចថា «សូមអញ្ជើញអ្នកនាងដ៏ស្រស់ស្អាតដែលបើកឡានស្លាកលេខ កម្ពុជា CH.TREA9 ដែលបានចាក់សាំងនៅស្ថានីយ TotalEnergies ChhukVa សូមមកទូទាត់ថ្លៃសាំង 40$ ដែលបានចាក់នៅថ្ងែទី 13/06/2022 វេលាម៉ោង 12:17នាទីថ្ងៃត្រង់»។
ទោះយ៉ាងណា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានស្នើដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈខាងលើថា «សុជីវធម៌ក្នុងនាមជាអ្នករកស៊ីសំខាន់ណាស់ ទាស់ខុសអី បិទបាំងស្លាកលេខរថយន្តគេសិនទៅ បើគេមិនទៅបង់ ឬរកម្ចាស់មិនឃើញ ចាំបង្ហាញទូទៅ ព្រោះជួនកាលអាចថាគាត់ភ្លេច ជាកំហុសដោយអចេតនាកើតឡើងក៏ថាបាន។
ខ្ញុំខ្លួនឯងក៏ធ្លាប់ដែរ ម្ចាស់ការ៉ាស់ក៏មិនបង្ហោះ ប៉ុន្តែគាត់ទុកពេលឱ្យ៣ថ្ងៃ បើមិនទៅបង់ គាត់នឹងបង្ហោះលើកទីមួយ ដោយបិទបាំងស្លាកលេខ និងមុខ រួចគាត់ទុកពេលឱ្យ៥ថ្ងៃ បលក្នុងពេល៥ថ្ងៃអត់ឃើញទៅបង់ទៀត ទើបគាត់បង្ហោះស្លាកលេខឡាន ដើម្បីរកម្ចាស់។ ភាគីការ៉ាស់ធ្វើបែបនេះមិនសមទាល់តែសោះ កិត្តិយសគេសំខាន់ណាស់ ការ៉ាស់បែបនេះ ខ្ញុំស្បថ មិនចូលចាក់អស់មួយជីវិត»។
ងាកមកស្ត្រីខាងលើនោះវិញ ក្រោយឃើញការបង្ហោះខាងលើ និងមានអ្នកបញ្ចេញមតិ ជាមួយនឹងការស៊ែរព្រោងព្រាតនោះ បានឡាយវីដេអូ ប្រតិកម្មធ្ងន់ៗថា «ខ្លួនអត់វេរលុយ ដោយសារចង់ជួបផ្ទាល់, ម្ចាស់ការ៉ាស់សាំងនឹងចង់ល្បី បើមិនចង់ល្បីមិនមែនយកគេមកធ្វើប្រធានបទ ពេញបណ្ដាញសង្គមនោះទេ។ ត្រឹមលុយ៤០ដុល្លារ យកទៅធ្វើប្រធានបទឲ្យខ្លួនខូចឈ្មោះ ហើយអ្នកបញ្ចេញបញ្ចូលយោបល់ អ្នកយកគេទៅធ្វើប្រធានបទ, អ្នកដាក់Captionមកសុទ្ធតែគេចង់បាន, ខ្លួនជិះឡានតម្លៃ៧ម៉ឺនដុល្លារ រឿងអីអត់លុយ៤០ដុល្លារ ចាក់សាំង មុនឹងស៊ែរគេចេះយកខួរក្បាលមកគិតផង។
បន្ថែមលើនេះ ស្ត្រីជាម្ចាស់រថយន្តខាងលើ បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានតារាញូស៍ ហើយរៀបរាប់ថា «ថ្ងៃ ដែលខ្ញុំចូលចាក់សាំងហ្នឹង គឺខ្ញុំចូលចាក់សាំង បន្ទាប់មកទៀត ខ្ញុំចាក់សាំងបណ្តើរ ខ្ញុំជាប់និយាយទូរសព្ទបណ្តើរ នៅពេលដែលខ្ញុំបញ្ឆេះឡាន គឺខ្ញុំបាននិយាយទូរសព្ទជាមួយ កូនចៅរបស់ខ្ញុំនៅកន្លែងអ៊ីចឹង
ខ្ញុំនិយាយជាមួយគាត់បណ្តើរ ព្រោះទូរស័ព្ទរបស់ខ្ញុំមានពីរគ្រឿង ខ្ញុំនិយាយជាមួយគាត់ហ្នឹងគឺ ខ្ញុំ connect ជាមួយ Bluetooth ឡាន ទី១ ហើយទី២ អាទូរស័ព្ទមួយទៀត គឺខ្ញុំបានចុច ដោយសារពេលហ្នឹង គឺខ្ញុំត្រូវរៀបអីវ៉ាន់ដាក់ឲ្យម៉ូយ ខ្ញុំត្រូវឆាតទៅកូនចៅខ្ញុំថាដាក់អីវ៉ាន់ទៅខាងណាៗ ចំនួនប៉ុន្មានកេះៗ ដាក់ទីតំាងណា លេខទូរស័ព្ទណាអ៊ីចឹង ហើយខ្ញុំក៏បានភ្លេចឲ្យលុយគេមែន ដោយសារតែរាល់ដងគឺខ្ញុំអត់ដែលចាក់សាំងគឺ PAY លុយទេ គឺខ្ញុំ PAY តាម ABA
សូមបងប្អូនមហាជនទំាងអស់កុំ តែតែ ស្ករស្ករពេក ខ្ញុំសួរបងប្អូនថាអ៊ីចេះ ខ្ញុំមានលុយទិញឡានជិះប៉ុណ្ណឹង តម្លៃប៉ុណ្ណឹង មុខមាត់ខ្ញុំប៉ុណ្ណឹង តើខ្ញុំទៅលក់មុខខ្ញុំត្រឹមតែលុយ 40 $ ហ្នឹងមែន ខ្ញុំមិនភ្លើដល់ថ្នាក់ខ្ញុំមិនដឹងថា ហ្គារ៉ាសសំាងមួយៗគេមិនមាន កាមេរ៉ាដែរ ប្រហែលកន្លែងខ្ញុំរកស៊ីតូចមួយក៏ខ្ញុំមានកាមេរ៉ាដែរ…»៕