គេនៅចាំបានថា អ្នកនាងគង់ សុជាតិ បានរៀបការជាមួយ លោក ជា វិបុល កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគាអាំងទែរកុងទីណង់តាល់ ដោយចំណាយថវិកាជាច្រើនម៉ឺនដុល្លារ។ ក្រោយរៀបការ បានប៉ុន្មានឆ្នាំ ពួកគេ ក៏ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។
មុននឹងរៀបការជាមួយលោកជា វិបុលនោះ អ្នកនាងគង់ សុជាតិ មានកូន២នាក់ក្នុងបន្ទុក ដែលជាដំណក់ឈាមរួមគ្នាជាមួយ លោក វិសាលភាព។ ក្រោយលែងលះគ្នា អ្នកទាំងពីរ នៅរាប់អាននឹងគ្នាធម្មតា ហើយពេលនេះ កូនរបស់ពួកគេពេញវ័យអស់ហើយដែរ។
អ្វីជាការចាប់អារម្មណ៍នោះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កន្លងទៅ កូនប្រុសច្បង របស់ពួកគេ បានភ្ជាប់ពាក្យជាមួយ នារីដ៏ស្រស់ស្អាតម្នាក់ ហើយនៅថ្ងៃទី១៧ ខែមិថុនា អ្នកនាង គង់ សុជាតិ បានបង្ហោះរូបថតកូនប្រុសច្បង និងអនាគតកូនប្រសា របស់ខ្លួនបញ្ជាក់ពីថ្ងៃចូលរោងជ័យ កាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ថែមមួយកម្រិតទៀត។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនោះ អ្នកនាង គង់ សុជាតិ បានបញ្ជាក់ថា «ពេលវាលាដែលរង់ចាំបានមកដល់ ពិតជាមានក្តីរីករាយនឹងរំភើបដែលស្អែកនេះជាថ្ងៃជយ័សិរីសួស្តីរបស់កូនទាំងពីរ សូមញាតិមិត្ត បងប្អូនចូលរួមជាកិត្តយសសម្រាប់ក្រុមគ្រួសាររបស់យើងខ្ញុំ»។
ដោយឃើញបែបនេះ អ្នកគាំទ្រ បានចូលរួមអបអរសាទរ និងលើកសរសើរព្រោងព្រាត ដោយចាប់អារម្មណ៍ត្រង់ថា «ម៉ាក់ក្មេកស្អាតមានកូនប្រសារហើយ, មួយមានកូនការហើយនៅតែក្មេងស្អាតដដែល, អ្នកម៉ាក់ក៏ស្អាតកូនក៏ស្អាតជូនពរឲ្យមានសុភមង្គលក្នុងក្រុមគ្រូសារជារាងរហូត, នៅក្មេងសោះបានកូនប្រសារហើយខ្ញុំច្រណែនបងណាស់, Congratulationsបងស្រីសុជាតិពេលនេះបានក្លាយជាម៉ាក់ក្មេកហ្នឹងគេហើយ»៕