បរទេស ៖ នេះ ពិតជាសំណាងពិតជាមើលមិនឃើញមែន ខណៈស្ត្រីជនជាតិថៃម្នាក់ កំពុងមានជីវភាពលំបាកខ្វះមុខខ្វះក្រោយ ស្រាប់តែប្រទះឃើញគជ់ពណ៌ទឹកក្រូចដ៏កម្រមួយ ដែលមានតម្លៃរហូតដល់រាប់សែនដុល្លារ នៅក្នុងខ្យងសមុទ្រ ដែលទិញមកបម្រុងនឹងធ្វើអាហារ។
ស្ត្រីសំណាងរូបនេះ ឈ្មោះ Kodchakorn Tantiwiwatkul មកពីខេត្ត Satun ប្រទេសថៃ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កន្លងទៅ រូបនាងបានទិញខ្យងសមុទ្រមកពីផ្សារ ក្នុងតម្លៃប្រមាណ៧០ បាត ហើយនាងក៏បានធ្វើការសម្អាត និង ឆ្កឹះវា ស្រាប់តែភ្លាមៗនោះ នាងបានប្រទះឃើញវត្ថុម្យ៉ាងពណ៌ទឹកក្រូចប្លែក ដែលដំបូងនាងស្មានថាជាដុំថ្ម។
ក្រោយមក នាងពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយដឹងថា វាគឺជា គជ់ខ្យងដ៏កម្រ ដែលមានទម្ងន់រហូត៦ ខាំ និង ប្រវែង ១.៥ សង់ទីម៉ែត្រ ដែលមានតម្លៃរហូតដល់រាប់សែនដុល្លារ។
ស្ត្រីរូបនេះ បានបន្តទៀតថា ដោយខ្លាចអ្នកលក់ខ្យងមកទារយកគជ់នេះទៅវិញ ទើបនាងបានព្យាយាមធ្វើការលាក់បាំង តែក្រោយមក ដោយសារគ្រួសារនាងមានការខ្វះខាតខ្លាំង និងត្រូវការប្រាក់មកព្យាបាលឪពុក និង ម្ដាយដែលមានជំងឺមហារីក ទើបនាងសម្រេចចិត្តដាក់លក់វា។
នាង Kodchakorn បានដាក់គជ់ខ្យងនេះលក់ជាសាធារណៈនៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២១ ហើយសង្ឃឹមថានឹងមានអ្នកទិញឲ្យតម្លៃសមរម្យផងដែរ។ យ៉ាងណាមិញ នាងមិនមែនជាមនុស្សទីមួយទេ ដែលបានរកឃើញគជ់ខ្យងនេះទេ តែនាងពិតជាមានសំណាងណាស់ ដែលបានមកជួបវា ស្របពេលគ្រួសារកំពុងតែខ្វះខាតបែបនេះ៕