ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា កូនប្រុសច្បងអ្នកនាង គង់ សុជាតិ ឈ្មោះថា ម៉ៅ សាល់ភាពបុត្រ បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ឈន ពុទ្ធាវីន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ និងបានដឹកដៃគ្នាចូលរោងការ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ។
ពិធីមង្គលការរបស់ពួកគេ ធ្វើឡើងនៅThe Premier Centre Sen Sokជាមួយនឹងការការរៀបចំតុបតែង ព័ស្តុភារបណ្ដាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ។ ចំណែកឯកូនកំលោះកូនក្រមុំ ក៏ស្រស់ស្អាត និង ស្រស់សង្ហាស័ក្ដិសមនឹងគ្នាខ្លាំងណាស់។
នៅក្នុងកម្មវិធីពេលព្រឹកនេះ គេក៏ឃើញមានវត្តមានភ្ញៀវកិត្តិយសសុទ្ធតែជាអ្នកសិល្បៈ និង អ្នកមានមុខមាត់ក្នុងសង្គម ក្នុងនោះមានដូចជា លោកជំទាវ ហ៊ុន ស៊ីណាត, លោក ជា វណ្ណារិទ្ធ និងភរិយា, អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត,តារាចម្រៀង នៅ ស៊ីនឿន, ពិធីការ សុខ រ៉ាស៊ី , តារាសម្ដែង អ៊ឹម ជីវ៉ា, ពិធីករ ប៉ែន ចំរុង និងភរិយា, អ្នកនាង សាយ សៀរ៉ា, តារាចម្រៀង សុខ សីឡាលីន, លោក អេឡិច ចាន់ត្រា, ឯម រៀម,អ្នកនាង យុគ ចិន្តា, ម៉ាដូណា ជាដើម។
យប់ឡើង កាន់តែមានអ្នកសិល្បៈចូលរួមច្រើនថែមទៀត (មិនបានរៀបរាប់ឈ្មោះ អាចមើលតាមរូបថត) ពិសេសវត្តមានរបស់ឧកញ៉ាជាច្រើននាក់ បានបង្ហាញវត្តមាន។ ជាក់ស្ដែង ឧកញ៉ា ហេង ឡុង បានទៅចូលរួមពិធីមង្គលការនោះ ហើយរូបថត៣សន្លឹក មានឧកញ៉ា រហូតដល់ទៅ៤នាក់បាត់ទៅហើយ ដោយរាប់បញ្ចូលទាំងរូបលោកផងនោះ។
រូបថត៣សន្លឹកមានឧកញ៉ាចំនួន៤រូប រួមមាន ឧកញ៉ា ហេង ឡុង, ឧកញ៉ា ខេមរៈ សិរីមន្ត, ឧកញ៉ា ព្រាប សុវត្ថិ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ បង្ហោះភ្ជាប់ជាមួយរូបថតទាំងនេះ ឧកញ៉ា ហេង ឡុង បានជូនពរថា «ជូនពរកូនប្រុសបងស្រី គង់ សុជាតិ និងជូនពរខ្លួនឯង អោយមានសិរីសួស្ដី»។
គួរបញ្ជាក់ថា អ្នកនាងគង់ សុជាតិ បានរៀបការជាមួយ លោក ជា វិបុល កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគាអាំងទែរកុងទីណង់តាល់ ដោយចំណាយថវិកាជាច្រើនម៉ឺនដុល្លារ។ ក្រោយរៀបការ បានប៉ុន្មានឆ្នាំ ពួកគេ ក៏ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។
មុននឹងរៀបការជាមួយលោកជា វិបុលនោះ អ្នកនាងគង់ សុជាតិ មានកូន២នាក់ក្នុងបន្ទុក ដែលជាដំណក់ឈាមរួមគ្នាជាមួយ លោក វិសាលភាព។ ក្រោយលែងលះគ្នា អ្នកទាំងពីរ នៅរាប់អាននឹងគ្នាធម្មតា ហើយពេលនេះ កូនរបស់ពួកគេពេញវ័យអស់ហើយដែរ។ ពេលនេះ កូនប្រុសច្បងរបស់ពួកគេ បានចូលរោងការ បញ្ចប់ភាពនៅលីវហើយ៕