តារាសម្ដែង កញ្ញា មាន សូនីតា កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បានប្រកាសដំណឹងដ៏ក្រៀមក្រំមួយ ក្រោយពីឪពុកទទួលមរណភាព។ ដំណឹងនេះបានធ្វើឱ្យមហាជន សិល្បករសិល្បការិនីជាច្រើនសម្ដែងការតក់ស្លុត និងសោកស្ដាយជាខ្លាំង។
ឪពុករបស់ មាន សូនីតា លោកឧត្ដមសេនីយ៍ទោ ចៅ ម៉ៅវីរៈ មានតួនាទីជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ លោកបានទទួលមរណភាពនៅក្នុងវ័យ ៦០ឆ្នាំ ដោយជំងឺកាលពីថ្ងៃទី១៤កន្លងទៅ។ ឪពុករបស់ មាន សូនីតា ក៏ជាប្អូនជីដូនមួយរបស់អ្នកម្តាយតារាសម្តែង ចន ច័ន្ទលក្ខិណា ផងដែរ។
មុនឪពុកទទួលមរណភាព ហើយកំពុងសម្រាកព្យាបាលនោះ, គេបានឃើញវត្តមាន មាន សូនីតា និង អ្នកម្តាយបានទៅសួរសុខទុក្ខលោកឪពុកដល់មន្ទីរពេទ្យទាំងទឹកមុខក្រៀមក្រំ បើទោះឪពុករបស់នាង បែកពីម្ដាយនាងរយៈពេលប្រមាណ២០ឆ្នាំ ហើយនាងមិនបានរស់នៅជួបជុំ និងមានភាពស្និទ្ធស្នាលក៏ដោយចុះ។
បន្ថែមលើនេះ ពេលឪពុកទទួលមរណភាព, តារាសម្តែងរូបស្រស់ មាន សូនីតា នៅតែបំពេញតួនាទីជាកូនស្រីដ៏ល្អ ដោយបានច្រានចោលការងារជាច្រើន ហើយធ្វើដំណើរ២នាក់ម្ដាយ ទៅចូលរួមពិធីបុណ្យសពលោកឪពុក និងជូនដំណើរជាលើកចុងក្រោយនៅឯខេត្តសៀមរាបប្រកបដោយទឹកមុខក្រៀមក្រំជាខ្លាំង។
នៅក្នុងពិធីបូជាសពលោកឪពុកកាលពីល្ងាចថ្ងៃទី ១៧ មិថុនានៅវត្តឥន្ទ្រាធិរាជ ស្ថិតក្នុងខេត្តសៀមរាប មាន សូនីតា បានរៀបរាប់ថា «ឱកាសចុងក្រោយ និង ការចង់ចាំមិនភ្លេចក្នុងជីវិតរបស់ខ្ញុំ សូមឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខន្ធលោកឳពុក ឆាប់បានយកកំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
អ្វី ដែលកាន់តែចាប់អារម្មណ៍ទៀតនោះ នៅទិវាគុណឪពុកនេះ មាន សូនីតា បានទៅរាប់បាត្រ ហើយពោលពាក្យថា «គ្មានឱកាសស្និទ្ធស្នាល គ្មានឱកាសមើលថែ គ្មានឱកាសនៅជិត តែកូនសូមបួងសួងលោកទៅបរលោកខាងមុខប្រកបដោយព្រះធម៌ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕