គេនៅចាំបានថា អ្នកនាងសួស វីហ្សា និង លោកថមមី បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រោយពីពួកគេ បានតស៊ូ និងស្វែងយល់ចិត្តគ្នាប្រមាណជាង៤ឆ្នាំ។
នៅថ្ងៃខួបអាពាហ៍ពិពាហ៍រយៈពេល២ឆ្នាំ កាលពីអំឡុងឆ្នាំ២០២១ លោកថមមី បានធ្វើឲ្យអ្នកនាង សួស វីហ្សា រំភើបចិត្ត មិនស្ទើរនោះទេ ដោយលោក បានរំលឹកអនុស្សាវរីយ៍ជាច្រើនកាលនៅគ្រាក្រ និងធ្វើតាមការសន្យា ដោយនាំភរិយារបស់ខ្លួនទៅជិះកន្ទុំរុយទៀតផង។
នៅថ្ងៃខួបអាពាហ៍ពិពាហ៍នេះដែរ ពួកគេ បានពញ្ញាក់អារម្មណ៍គ្នារៀងៗខ្លួន ដោយអ្នកនាង សួស វីហ្សា បានយកនំខេក ជាមួយនឹងនាឡិកា ទៅស៊ុបប្រាយប្ដី ដល់ក្រុមហ៊ុន។ តែជាការឆ្លើយតប ថមមី បែរជាស៊ុបប្រាយតបទៅវិញយ៉ាងភ្ញាក់ផ្អើល តាមរយៈការទិញរថយន្តយ៉ាងទំនើបជូនភរិយានោះ។
បច្ចុប្បន្ន សួស វីហ្សា និងស្វាមី កំពុងមមាញឹកខ្លាំងណាស់លើមុខជំនួញ ស្ទើរតែគ្មានពេលសម្រាប់ការងារសិល្បៈទៅហើយ។ ស្របពេលកំពុងសម្ងំសន្សំកើបលុយលើមុខជំនួញ ជាមួយនឹងការខិតខំស្ទើរគ្មានថ្ងៃសម្រាកនេះ សួស វីហ្សា ក៏ចង់សម្រេចបំណងរបស់ខ្លួន១ទៀត ដោយទិញរថយន្ត Rolls-Royce ព្រោះនាងបានស្រឡាញ់យូរហើយ។
ជាក់ស្ដែង ថ្មីៗនេះ សួស វីហ្សា បានបង្ហោះរូបថត១សន្លឹក ហើយបញ្ជាក់ពីបំណងប្រាថ្នារបស់ខ្លួនថា «យកពេលគិតតែរឿងល្អៗ អារម្មណ៍យើងក៏ល្អ ស្មុគស្មាញពេកមិនបានអីមកវិញទេជឿទៅ ខ្ញុំសុខចិត្តយកខួរក្បាលមកគិតរឿងប្រឹងរកស៊ី ហើយប្រឹងសន្សំលុយវិញល្អជាង ក្រែងឆាប់បានទៅចែចូវអាសេះសចូលផ្ទះជាសមាជិកថ្មីនឹងគេ ព្រោះលួ-ចស្នេហ៍យូរហើយ Rolls……R….. បេះដូងអូន»៕