កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ បេក្ខនារីឈ្មោះ អ៊ិត សុភាឧស្សាហ៍ ហៅ អ៊ិត ជូលីណា អាយុ១៨ឆ្នាំ មកពីខេត្តកំពង់ចាម បានបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ក្នុងកម្មវិធីCambodian Idol ក្នុងវគ្គJugde Audition ដោយទទួលបាន«Yes»ចំនួន៤ អាចឈានដល់វគ្គបន្ត។
នៅក្នុងវគ្គJudge Auditionទាំង សប្ដាហ៍ទី៦ ចម្រាញ់បានបេក្ខជន បេក្ខនារីសរុបចំនួន១២៩រូប ក្នុងនោះសប្ដាហ៍ទី១ បានបេក្ខជន១៨រូប, សប្ដាហ៍ទី២ ចំនួន២១រូប, សប្ដាហ៍ទី៣ ចំនួន២៣រូប, សប្ដាហ៍ទី៤ បាន២៣រូប, សប្ដាហ៍ទី៥ ចំនួន២៣រូប, សប្ដាហ៍ទី៦ ចម្រាញ់បានចំនួន២១នាក់។
ទោះយ៉ាងណា នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ បេក្ខជនទាំង១២៩រូប បេក្ខជនមួយចំនួន ត្រូវឆ្លងកាត់ នៅក្នុងវគ្គ Judge Cut Downម្ដងទៀត ដោយគណៈកម្មការ តម្រូវឲ្យពួកគេម្ដង៥នាក់ ច្រៀងគោកម្ដងម្នាក់ មុននឹងសម្រេចថា អ្នកណាខ្លះ ធ្លាក់ទៅផ្ទះវិញ ឬជាប់ឈានទៅកាន់វគ្គ Theater Round ជុំទី1នោះ។
ក្នុងចំណោមបេក្ខជន បេក្ខនារី ទី១២៩នោះ កញ្ញា អ៊ិត ជូលីណា ដែលត្រូវជាប្អូនជីទួតមួយ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវធ្លាក់ មិនអាឈានទៅវគ្គបន្តនោះទេ ធ្វើឲ្យរូបនាងសោកស្ដាយ និងយំសោកជាខ្លាំងនៅចំពោះមុខគណៈកម្មការ។
ចំពោះបរាជ័យនេះដែរ អ៊ិត ជូលីណា បានបង្ហោះសារយ៉ាងក្ដុកក្ដួលថា «ជូលីណាធ្លាក់ហើយ ជាដំបូងសូមអរគុណបងៗ ដែលចូលចិត្ត សំឡេងជូលីណា ទាំងអស់គ្នា ហើយក៏សូមទោសបងៗ ដែលគាំទ្រ ពេលនេះ ជូលីណា ត្រូវចាកចេញពី កម្មវិធីហើយ
នាងខ្ញុំពិតសោកស្តាយដែល ជូលីណា មិនទាន់បានបញ្ចេញ សមត្ថភាព អោយបងៗ ទស្សនា ឬ មិនបានទៅវគ្គ Theater round ក្តីក៏ជូលីណា សប្បាយចិត្ត ដែលបានបង្ហាញមុខអោយបងៗទាំងអស់គ្នាស្គាល់ ជូលីណា។ ជូលីណា មានថ្ងៃនេះគឺបានមកពីបងៗទាំងអស់គ្នា ចូលចិត្ត សង្ឃឹមថា បងៗមិនភ្លេចជូលីណា។ ស្រលាញ់បងៗទាំងអស់គ្នា»។
បន្ថែមលើនេះ ជូលីណា បានបញ្ជាក់ទៀតថា «ខ្ញុំបានចាកចេញពី កម្មវិធី Cambodian Idol ហើយ។ទោះមិនបានបញ្ចេញសមត្ថភាពនៅកម្មវិធីប្រលង ទៀត ក៏នាងខ្ញុំមានកាដូសម្រាប់បងៗ ទាំងអស់គ្នា ដែលចូលចិត្ត និងគាំទ្រសំឡេង អ៊ិត ជូលីណា។ ជួបគ្នាស្អែកម៉ោង ៨ព្រឹក»៕