ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភ​ក្នុង​កម្មវិធី​ខ្មុក​ខោល​ នូវ​ទឹកប្រាក់​២០​លាន​រៀល​ ​

ភ្នំពេញ ៖ នា​ល្ងាច​ថ្ងៃទី​១៩ ​ខែ​មិថុនា ​ឆ្នាំ​២០២២​ លោក​ឧកញ៉ា ឡេង ប្រុស អគ្គនាយក​ក្រុមហ៊ុន​ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស បាន​អញ្ជើញ​ជា​គណៈអធិបតី​កម្មវិធី​ខ្មុក​ខោល និង​បាន​នាំយក​ថវិកា​ចំនួន​$5,000​ជូន​សាលា​សិល្បៈ​ហ្វ៊ូ​ណន​ដើម្បី​ពង្រឹងគោលជំហរ​និង​ក្ដី​បំណង​របស់​Galaxy navatra​ក្នុង​យុទ្ធនា​ការចូល​រួមគ្នា​ជំរុញ និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​បុ​រាណ​ខ្មែរ​ទៅ​អន្តរជាតិ​។


​ក្នុង​សន្ទរកថា​របស់ខ្លួន​លោក​ឧកញ៉ា ឡេង ប្រុស បាន​ថ្លែងថា​លោក​ពិត​ជាមាន​ក្ដី​សោមនស្ស​ក្រៃ​លែ ង ដែល​បាន​ចូលរួម​កម្មវិធី ខ្មុក​ខោល​។ លោក​ថា កម្មវិធី​នេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​បំផុស​ការចូលរួម​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ និង​យុវជន ឱ្យ​ឈ្វេងយល់​កាន់តែច្បាស់​អំពី​ទម្រង់​សិល្បៈ​បុរាណ ជាពិសេស​ល្ខោនខោល​ខ្មែរ ដើម្បី​បន្ត​សាមគ្គី​គ្នា​ថែរក្សា ការពារ ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស​ជានិច្ច​និ​រ​ន្តិ៍​។

​ទន្ទឹមគ្នា​នោះ លោក​ឧកញ៉ា អគ្គនាយក​ក្រុមហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស ក៏បាន​អំពាវនាវ សូម​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ចូលរួម​ទាំងអស់គ្នា ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​ដែល​បុព្វបុរស​យើង បាន​បន្សល់ទុក​រហូត​ដល់​សព្វថ្ងៃ​។


​លោក​បន្តថា ការចូលរួម​គ្រប់រូប​ភាព​នៃ​ការថែរក្សា អភិរក្ស និង​ជួយ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ដូនតា​យើង មិន​ត្រឹមតែ​ជា​សក្ខីភាព​បង្ហាញ​ពី​ភាពរុងរឿង​ថ្កុំថ្កើង​គួរ​ជាទី​ស្ងប់​ស្ងែ​ង​នៃ​មនុស្សជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​ផ្សារភ្ជាប់​រវាង​មនុស្ស និង​មនុស្ស សង្គម និង​សង្គម ព្រមទាំង​រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​។​

​កម្មវិធី “​ខ្មុក​ខោល​” គឺ​គម្រោង​មូលនិធិ ១០០០​រៀល ដើម្បី​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ សម្ដែង​ល្ខោនខោល​ដ៏​អស្ចារ្យ នា​ចុងឆ្នាំ​២០២២ ក្រោម​ការរៀបចំ និង​កៀរ​គង​មូលនិធិ​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស ដោយ​លោក ស៊ុប ស័​ក្ខ​រា ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​ល្ខោនខោល​ខ្នាត​ធំ រួមទាំង​សហការី​ជាច្រើនរូប​ទៀត​។


​គួរ​រំ​ឮ​ក​ឡើងវិញ​ដែរ​ថា របាំ​ព្រះរាជ​ទ្រព្យ ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ដោយ​អង្គការ​យូណេស្កូ ថា​ជា​ស្នាដៃឯក​ផ្នែក​វោហា​កោសល្យ​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០០៣​។ ដោយឡែក ល្ខោន​ស្រមោល​ស្បែក​ធំ ត្រូវបាន​ប្រកាស​ទទួល​ស្គាល់ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥​។

​សម្រាប់​ល្ខោនខោល វិញ​ក៏ត្រូវ​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ ដោយ​អង្គការ​យូណេស្កូ ថា​ទម្រង់​ល្ខោន​ដ៏​ចំណាស់​របស់​កម្ពុជា ដែល​ត្រូវ​គាំពារ និង​ត្រូវ​យកចិត្តទុកដាក់​ជា​ប​ន្ទា​ន់ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ៕​

Related posts

Leave a Comment