រំលឹកដល់អតីតតារាសម្ដែងជើងចាស់ កែវ កល្យាណ ប្រិយមិត្តច្បាស់ជាលាន់មាត់សរសើរមិនខាន ពីរូបសម្រស់ស្រស់ស្អាត គួរជាទីបេតី កាលពីជំនាន់មុនរបស់អ្នកស្រី ជាសម្រស់បែបធម្មជាតិ គ្មានកែខៃបន្តិចនោះទេ។
ជាការកត់សម្គាល់អតីតតារាសម្តែងនាទសវត្សរ៍ឆ្នាំ៩០អ្នកនាង កែវ កល្យាណ បានបោះបង់ការសម្តែងរបស់ខ្លួនទាំងស្រុង បន្ទាប់ពីនាង បានកសាងគ្រួសារ និងមានកូន បើទោះបីជាអ្នកស្រីកំពុងមានវត្តមានរស់នៅក្នុងស្រុកក៏ដោយ។
ទោះមិនបានបង្ហាញមុខនៅក្នុងអាជីពសម្តែងដូចមុនទៀតក៏ពិតមែន តែ អតីតតារាសម្តែង កែវ កល្យាណ បានជំរុញកូនស្រីរបស់ខ្លួន កែវ ឡាវិញ ចូលប្រឡូកនៅក្នុងអាជីពមួយនេះ ដែលត្រូវបានគេមើលឃើញថាជោគជ័យគួរសម។ គ្រាន់តែថា អ្នកនាង បានប្រកាសជាសាធារណៈឈប់ឱ្យកូនស្រី សម្ដែងភាពយន្ដណា ដែលប្រភេទភាពយន្ដស្នេហាភេទដូចគ្នាទៀតហើយ។
ក្រឡេកមកមើលជីវិតគូវិញ គេកម្រឃើញ អ្នកស្រីបង្ហាញមុខមាត់ស្វាមី ឬ រូបភាពផ្អែមល្ហែមនៅក្នុងគ្រួសារនៅតាមបណ្តាញសង្គមណាស់។ ប៉ុន្តែកាលពីឆ្នាំកន្លងទៅ អ្នកស្រី បានបង្ហាញរូបភាពអាពាហ៍ពិពាហ៍មួយសន្លឹករបស់អ្នកនាងជាមួយស្វាមី ដោយក្នុងនោះ គេបានឃើញលោក ឈុំ អាឈុន ក៏ជាអ្នកកំដរកូនកំលោះផងដែរ។
បច្ចុប្បន្ន អតីតតារាសម្តែងរូបនេះ កំពុងរស់នៅ ក្នុងកម្រិតជីវភាពធូរធារមិនចាញ់អតីតមិត្តរួមជំនាន់ឡើ់យ។ ជាក់ស្តែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកស្រី កែវ កល្យាណ បានរៀបចំឡើងផ្ទះវិឡារថ្មីនៅបុរីជីពម៉ុងផ្លូវជាសុផារ៉ា ដែលត្រូវបានគេដឹងថា មានតម្លៃរាប់សែនដុល្លារឯណោះ។ ពិធីឡើងគេហដ្ឋានថ្មីរបស់ អ្នកស្រី កែវ កល្យាណ ពិតជាអធិកអធម និងមានការតុបតែងលំអរយ៉ាងទាក់ទាញផងដែរ ។
ក្រៅពីរៀបចំពិធីឡើងគេហដ្ឋានថ្មី បែបសាសនាហើយ អ្នកស្រី កែវ កល្យាណ ក៏បានរៀបចំពិធីជប់លៀងដោយមានការចូលរួមពីសំណាក់អ្នកសិល្បៈជំនាន់អ្នកស្រីជាច្រើនចូលរួម ដែលអ្នកសិល្បៈខ្លះសុខចិត្តហោះពីប្រទេសបារាំងដើម្បីចូលរួមនៅក្នុងពិធីឡើងគេហដ្ឋានរបស់អ្នកស្រី កែវ កល្យាណ ជាមិត្តភក្តិផងដែរ។
នៅក្នុងកម្មវិធីឡើងគេហដ្ឋានថ្មី កែវ កល្យាណ បានបង្ហាញវត្តមានជាមួយកូនស្រីប្រុសទាំងពីរ រួមនឹងតារាចម្រៀង ចាន់ ចរិយា ជាម្ចាស់កម្មវិធីជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាពិសេសបង្ហាញនូវការរីករាយជាខ្លាំងដោយបានឃើញភ្ញៀវមកចូលរួមជាច្រើនកុះករ៕