យើងដឹងហើយថា មុនពេលរៀបការជាមួយគ្នានោះ Admin ជីងចក់ និងភរិយា សុទ្ធតែធ្លាប់បានបញ្ជាក់រួចហើយ ពីមូលហេតុនៃការយកគ្នាជាគូអនាគតរៀងៗខ្លួន ក្នុងនោះអ្នកនាង ផល្លា ក៏បាននិយាយពីប្រវត្តិស្នេហារបស់ពួកគេផងដែរ។
ក្រោយសម្រេចចិត្តដើរផ្លូវជាមួយគ្នា និងស្វែងយល់ចិត្តគ្នាហើយនោះ ពួកគេ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងថ្ងៃមង្គលការនោះ មានការចាប់អារម្មណ៍ទៅលើ អ្នកអត្ថាធិប្បាយបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បីរូបនេះ ត្រង់ថា សូម្បីតែស្បែកជើង ក៏លោកពាក់ម៉ាក Jorden ដែរ ដោយមើលទៅសក្ដិសមទៅនឹងអ្វី ដែលលោកហៅខ្លួនឯងថា ជាអភិជននោះខ្លាំងណាស់។
លើសពីនេះទៅទៀត គ្រាន់តែថ្លៃបណ្ដាការ ដែលភរិយាលោកទទួលបានរហូតដល់ទៅ១១ម៉ឺនដុល្លារឯណោះ ពិតជាថ្លៃខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាព្រឺរោមតែម្ដង។ នេះមិនទាន់រាប់បញ្ចូលចិញ្ចៀនពេជ្ររបស់ពួកគេទាំង២នាក់ផង។
នៅក្នុងការឡាយ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលមានការសួរនាំពីតម្លៃចិញ្ចៀនពេជ្រនោះ អ្នកនាង ផល្លា ភរិយា Admin ជីកចក់ បានបញ្ជាក់ច្បាស់ៗថា ចិញ្ចៀនពេជ្ររបស់ខ្លួនមានទំហំ១២លី តម្លៃ៨ម៉ឺន ៨ពាន់ដុល្លារ។
ចំពោះចិញ្ចៀនពេជ្រស្វាមីរបស់ខ្លួនវិញ ធ្វើអស់តែតម្លៃជាង១ម៉ឺនដុល្លារទេ។ តាមការអះអាងខាងលើនេះ បើយើង សរុបថ្លៃបណ្ដាការ និងចិញ្ចៀនពេជ្ររបស់ពួកគេទាំង២នាក់នោះ ឃើញថា លើសពី២០ម៉ឺនដុល្លារបាត់ទៅហើយ។
ក្រោយរៀបការ អ្វី ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ថែមមួយកម្រិតទៀតនោះ ត្រង់ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ភរិយា អេដមីនជីងចក់ បានមកពញ្ញាក់អារម្មណ៍លោកមួយទំហឹងតែម្តង ដោយទិញរថយន្តម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ីថ្មីពណ៌ខ្មៅមួយគ្រឿង ជូនលោក ដោយតាមដឹង មានតម្លៃក្បែរ១០ម៉ឺនដុល្លារឯណោះ។
ទោះយ៉ាងណាពេលនេះ ពួកគេ កំពុងតែមានរឿងក្ដីក្ដាំជាមួយគ្នា ហើយពេលរឿងរ៉ាវមិនទាន់បញ្ចប់នោះ អេដមីន ជីងចក់ បានបង្ហោះរូបថត១ឡាន២គ្រឿង ដែលលក់យកលុយដណ្ដឹងប្រពន្ធ ភ្ជាប់ជាមួយCaptionលើកជាសំណួរថា «ជីវិតមុនរៀបការមានអ្វីគ្រប់យ៉ាង! រៀបការហើយអស់អ្វីគ្រប់យ៉ាង! ហេតុអីក្មួយៗ ចូរបកស្រាយ?»។ បន្ថែមលើនេះ ពូចក់ បញ្ជាក់ក្នុងខំមិនថា «បងមានគ្រាប់យ៉ាងហើយ តែសម្រាប់អូន No»។
ដោយឡែក នៅក្នុងការឡាយបកស្រាយនៅថ្ងៃទី២៧ ខែមិថុនា នេះ អ្នកនាង ផល្លា ក៏បានឆ្លៀតនិយាយបណ្ដាការ និងឡាននេះផងដែរ ដោយអ្នកនាង លើកឡើងថា ពូចក់លក់ឡានដើម្បីយកមកឲ្យបណ្ដាការ ដល់អត់មានអីជិះ អ្នកនាងក៏យកលុយបណ្ដាការនេះ ទៅទិញឡាន Jeep ឲ្យគាត់ជិះវិញ។
ថៅកែអនឡាញរូបនេះ បន្តថា ឡានJeepនោះ ដាក់ឈ្មោះរបស់អ្នកនាង ហើយនៅពេលនោះ ដោយសារតែគាត់ថាអត់ចេះជិះឡានជាមួយអ្នកនាង ទើបអ្នកនាងទិញឡាននេះឲ្យ ឥឡូវម៉ោងនេះ ពេលនេះ គាត់មកនិយាយជាមួយអ្នកនាងថា សុំបញ្ចប់រឿងត្រឹមហ្នឹង ប៉ុន្តែគាត់សុំតែឡាន១ហ្នឹងទៅវិញ៕