លោក ព្រាប សុវត្ថិ បច្ចុប្បន្ន ជាតារាចម្រៀងប្រចាំក្នុងផលិតកម្មGalaxy Navatra ដែលបានក្លាយជាអ្នកចម្រៀងបុរសលំដាប់លេខមួយប្រចាំប្រទេសអស់រយៈពេលជិត៣ទសវត្សមកហើយ ដោយមិនទាន់មានតារាប្រុសរូបណា អាចបំបែកកំណត់ត្រានេះ បាននៅឡើយទេ។
កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ា។
ក្រោយពេលលោកឡើងងារជាអ្នកឧកញ៉ានោះ នៅក្នុងឱកាសសន្និសីទសារព័ត៌មានក្នុងពិធីសម្ពោធគម្រោងដីឡូតិ៍លំនៅឋានទី២របស់ខ្លួន ស្ថិតនៅ ភូមិធំ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លោកឧកញ៉ា ព្រាប សុវត្ថិ បានប្រកាសពីជំហរថា លោកនៅតែបន្តអាជីពចម្រៀងដដែល ព្រោះអាជីពនេះ ទើបលោកអាចឈានជើងមកដល់ពេលនេះ។
ស្របពេលកំពុងមានជំនួញជាច្រើនក្នុងដៃ ហើយមានងារជាឧកញ៉ាទៀតនោះ ស្រាប់តែ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ កំពូលតារាចម្រៀងរូបនេះ បានសម្រេចទិញរថយន្ត Rolls-Royce Phantom Coupe រួចភ្ជាប់សារខ្លីៗជាបន្តបន្ទាប់ថា «និស្ស័យ, អារម្មណ៍ស្រស់ស្រាយ, សមាជិកថ្មី ហេងៗ»។
បន្ថែមលើនេះ នៅក្នុង វីដេអូ story ដែលកូនប្រុសច្បងលោកបានបង្ហោះ ក៏សរសេរអក្សរមួយឃ្លាបញ្ជាក់ដែរថា «Say hello to Royce phantom coupe congratulations to my father» ដែលមានន័យជាភាសាខ្មែរថា «សូមស្វាគមន៍ ឡានទំនើប Rolls-Royce Phantom Coupe និងសូមអបអរសាទរ ប៉ាៗរបស់ខ្ញុំ»៕