លោកអ្នក បានជ្រាបរួចមកហើយថា តារាចម្រៀងតន់ ចន្ទសីម៉ា ជាអតីតជាសិស្សជយលាភីស្មូតកំណាព្យលេខ១ប្រចាំ ខេត្តតាកែវ ហើយមាននិស្ស័យសិល្បៈទាំងពីកំណើត ដោយនាងមានឪពុកជាមន្ត្រីរាជការ ម្ដាយជាស្ត្រីមេផ្ទះ។
ពេលឈានជើងចូលមកកាន់ទីក្រុងភ្នំពេញដំបូង តន់ ចន្ទសីម៉ា មានតែម្នាក់ឯង គ្មានគ្រួសារ សាច់ញាតិអ្វី ដែលអាចពឹងពាក់បានឡើយ។ ដូច្នេះហើយ រឿង ដែលនាងត្រូវធ្វើពេលនោះ គឺត្រូវខំរស់ដោយខ្លួនឯង ព្រោះស្ថានភាពគ្រួសាររបស់នាង ក៏មិនជាធូរធារដែរ។
ទោះយ៉ាងណានៅពេលនោះ ដោយសំអាងលើទេពកោសល្យសិល្បៈចម្រៀងរបស់នាង នាងក៏ចេញរកការងារធ្វើ ហើយជាភ័ព្វល្អ នៅខ្ទង់ពាក់កណ្ដាលឆ្នាំ ២០១៧ នាងត្រូវបានថៅកែហាងមួយ ព្រមទទួលយកនាងធ្វើជាតារាចម្រៀងក្នុងហាងរបស់ខ្លួន ហើយពេលនោះ ជីវិតតស៊ូ ជាអ្នករៀនផង ធ្វើការផង ក៏បានចាប់ផ្ដើមឡើង។
ក្រោយពីច្រៀង នៅក្នុងហាង បានមួយរយៈធំ នាងក៏បានឈប់វិញ ហើយក៏បានដាក់ពាក្យប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកThe Voice Cambodiaរដូវកាលទី២ ដោយចូលរួមប្រឡងក្នុងអំឡុងឆ្នាំ២០១៦ ហើយគិតមកទល់នឹងពេលនេះ មានរយៈពេលប្រមាណ៦ឆ្នាំហើយ។
នៅក្នុងកម្មវិធីនេះ នាងបានឆ្លងកាត់វគ្គជម្រុះដំបូង រហូតដល់វគ្គLive Showទៀតផង ប៉ុន្តែនាងត្រូវបានធ្លាក់ក្នុងវគ្គLive Show សប្ដាហ៍ទី៣ ក្រោយពីអ្នកនាងឱក សុគន្ធកញ្ញា បានសម្រេចចិត្តជ្រើសរើសយកថែល ថៃ ឲ្យឡើងទៅកាន់វគ្គLive Show សប្ដាហ៍ទី៤នោះ។
ទោះមិនបានជោគជ័យក្នុងការប្រឡងចម្រៀងនេះក៏ពិតមែន តែរហូតមកដល់ពេលនេះ តន់ ចន្ទសីម៉ា បានក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់ផលិតកម្មGalaxy Navatra ហើយភាពល្បីល្បាញរបស់នាងមិនចាញ់ម្ចាស់ពានក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះឡើយ។
តាមប្រវត្តិខាងលើឃើញថា ម្ដាយរបស់តារាចម្រៀង តន់ ចន្ទសីម៉ា ជាស្ត្រីមេផ្ទះប៉ុណ្ណោះ ហើយគេក៏មិនឃើញអ្នកស្រីបង្ហាញសមត្ថភាពច្រៀងនោះដែរ។ តែកាលពីថ្ងៃទី២៩ ខែមិថុនា អ្នកគាំទ្រ តារាចម្រៀង តន់ ចន្ទសីម៉ា មានការចាប់អារម្មណ៍ខ្លាំងណាស់ ខណៈពេលម្តាយរបស់នាង កំពុងតែមកលេងខ្លួន នៅភ្នំពេញ ស្រាប់តែ សីម៉ា បានអញ្ជើញម្តាយមកច្រៀងយីកេ រួមគ្នានោះ។
បង្ហោះភ្ជាប់ជាមួយវីដេអូ ច្រៀងរួមគ្នាជាមួយអ្នកម្ដាយ រយៈពេលជាង២នាទី តារាចម្រៀង តន់ ចន្ទសីម៉ា បានដាក់Captionថា «កម្របានច្រៀង ជាមួយIdol ក្នុងបេះដូងណាស់ ថ្ងៃនេះ មានកិត្តិយស បានច្រៀងជាមួយអ្នកម៉ែ ផ្ញើជូនបងប្អូនមុនចូលគេង»។ ក្រោយស្ដាប់ការច្រៀងរបស់ម្ដាយ តន់ ចន្ទសីម៉ា រួចមក អ្នកគាំទ្រ លាន់មាត់សរសើរស្ទើរគ្រប់គ្នាថា ពិតជាពីរោះខ្លាំងណាស់៕ សូមទស្សនាវីដេអូ ខាងក្រោម ៖