នាយពែកមី ជាតារាកំប្លែងដ៏ល្បីមួយរូបនៅប្រទេសកម្ពុជា ដោយឈរជើងលើវិថីសិល្បៈអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ ក្រោយពីវិវឌ្ឍខ្លួនពីកម្មករសំណង់។ នាយមានកំណើតសិល្បៈដល់សព្វថ្ងៃនេះ ក៏ដោយសារតែស្ថានីយទូរទស្សន៍CTNដែរ តែពេលនេះ នាយ ប្រកាសដើរចេញពីទីនោះជាផ្លូវការហើយ។
មុនប្រកាសចាកចេញជាផ្លូវការនេះ កាលពីនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នាយពែកមី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារ ខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី។
នាយពែកមី បន្តថា ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិន ដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នូវរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើអោយបុគ្គលិកមានសម្ពាធ»។
តារាកំប្លែងមានដើមកំណើតពីខេត្តស្វាយរៀងរូបនេះ បន្តថា សង្ឃឹមថាការឈប់របស់ខ្ញុំ នឹង អ្នកកំប្លែងផ្សេងទៀត អាចធ្វើអោយអ្នកគ្រប់គ្រងថ្មីគាត់មានការបន្ធូរបន្ថយ នូវច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិក ដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ ។
បន្ថែមលើនេះ នាយពែកមី បានបង្ហោះសារមួយទៀត ដោយបញ្ជាក់ថា សូមបងប្អូនសិល្បៈ ឬ បុគ្គលិក ដែលចូលទៅក្នុងCTN ហើយមានការសួរនាំច្រើន តឹងតែង ត្រូវបំពេញឯកសារផ្សេងៗ …ពីខាងសន្តិសុខ សូមបងប្អូនកុំខឹងនឹងគាត់អី គាត់ធ្វើតាមតែបញ្ជាថ្នាក់លើទេ បើគាត់មិនធ្វើគេដកគាត់គាត់ចេញ ដូចនេះសូមបងប្អូនអនុគ្រោះអោយខាងសន្តិសុខផង សូមអរគុណ ។
ក្រោយផុសសារខាងលើ ផ្អើលអស់អ្នកគាំទ្រអស់ប៉ុន្មានម៉ោងនោះ នាយពែកមី ក៏សម្រេចលុបផុសនោះចោលវិញ ដោយសារតែក្រុមហ៊ុន បានស្នើឲ្យលុប ហើយមានដោះស្រាយសម្រាប់នាយ និងបុគ្គលទាំងអស់គ្នានោះ។
ទោះជាបែបនេះក្ដី ក៏ទីបំផុត នាយពែកមី នៅតែត្រូវចាកចេញដដែល ដោយនាយប្រកាសនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ដូច្នេះថា «លាហើយ ទីកន្លែងកំណើតសិល្ប: របស់ខ្ញុំ CTNធ្វើអោយខ្ញុំមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ខ្ញុំឈប់ពីស៊ីធីអិន តែខ្ញុំមិនឈប់ពីអាជីពសិល្ប:ខ្ញុំទេ ខ្ញុំនៅតែសម្តែងតាមកម្មវិធីផ្សេងៗដដែល»៕