ដូចការដែលការគ្រោងទុកតារាចម្រៀងស្រីអ្នកនាង ម៉ូលីកា ធ្លាប់បានអះអាងថា នៅពេលដែលស្ថានភាពកូ,វី,ដស្ងប់ស្ងាត់ គឺនាងនឹងធ្វើពិធីឡើងផ្ទះវិឡារថ្មីផ្គួបជាមួយខួបកំណើតកូនស្រីសំណព្វចិត្តរបស់ខ្លួន ហើយនៅថ្ងៃទី៧ ខែកក្កដា នេះ នាងក៏បានរៀបចំកម្មវិធីតាមការគ្រោងទុក។
បើតាមការបញ្ជាក់ឲ្យដឹងពីតារាស្រីម៉ូលីកា និយាយថា ចំពោះពិធីជប់លៀងធំនេះ គឺហៅភ្ញៀវរហូតដល់ទៅ១០០តុឯណោះ ហើយភ្ញៀវដែលនាងបានអញ្ជើញនោះ មានលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត និងតារាធ្លាប់រួមអាជីពព្រមទាំងអ្នកលក់Online រួមទាំងដៃគូសហការរកស៊ីជាមួយនាងទាំងអស់ផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ដែរនោះ គឺនាងបានទិញរថយន្ដ១គ្រឿងម៉ាកJaguarកាដូឲ្យដល់កូនស្រីនាងឈ្មោះ នុណ ច័ន្ទម៉ូនីតា សម្រាប់ខួបគម្រប់២ឆ្នាំ នេះ។ អ្វីជាការចាប់អារម្មណ៍ទៀតនោះ ម៉ូលីកា និងស្វាមី បានធ្វើការតុបតែងខ្លួន ដូចកូនក្រមុំ ចូលរោងការម្តងទៀត អ៊ីចឹង មើលទៅពិតជាសក្ដិសមគ្នាខ្លាំងណាស់។
ចំពោះលោក ជំទាវ ហ៊ុន ស៊ីណាត ដែលបានចូលរួមពិធីនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក ភ្ជាប់ជាមួយសារ បញ្ជាក់ថា «សិរីសួស្ដីពិធីឡើងគេហដ្ឋានថ្មី និងខួបកំណើតចៅស្រីនុណ ច័ន្ទម៉ូនីកា សូមជូនពរដល់កូនៗ និងចៅសុខចម្រើនគ្រប់ប្រការ សូមជ្រាបថា ល្ងាចនេះខ្ញុំឡាយឆ្លងទៅអ្នកមិនស្គាល់មួកមិនស្គាល់ម្កុដ»។
សូមរម្លឹកថា ម៉ូលីកា បានដឹកដៃតារាសម្ដែងលោកហុង មានុណ ហៅ ឆានុន រៀបការកាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២០និងបានសម្រាលកូនស្រីថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២០។ ដោយសារតែមានការមមាញឹកក្នុងអាជីវកម្មផ្ទាល់ខ្លួន ម៉ូលីកា បានផ្អាកឡើងច្រៀងសម្ដែងតាមបណ្ដាឆាកតន្ដ្រីទាំងឡាយរយៈ ពេលជាច្រើនខែមកហើយខណៈដែលស្វាមីនាងលោកឆានុណ វិញក៏មិនសូវមានពេលថតភាពយន្ដដូចមុនទៀតដែរ។
គូស្នេហ៍តារា១គូនេះ ត្រូវបានគេសរសើរពីជីវភាពរបស់ពួកគេថាធូរធារខ្លាំង ក្រោយចាប់ដៃគ្នាជាង២ឆ្នាំនេះ ដោយពេលនេះ មានផ្ទះយ៉ាងប្រណិត និងជិះរថយន្តទំនើបៗ ខណៈដែលអ្នកទាំងពីរក៏តែងតែបានលេចមុខធ្វើកម្មវិធីសប្បុរសធម៌ជាបន្ដបន្ទាប់ផងដែរ តាមរយៈការផ្ដល់ជំនួយដល់តារាចាស់ជរាគ្មានទីពឹង ននិងជនទីទ័លក្រមួយចំនួនជាដើម។
គេចាំបានថា មួយរយៈមុនជីវិតគូរបស់ ម៉ូលីកា ហាក់ដូចជាមានភាពរកាំរកូសជាច្រើន តែចុងក្រោយនេះ គេសង្កេតឃើញថា ហាក់ពោរពេញទៅដោយសុភមង្គល ជាពិសេសក្រោយសម្រស់ក្រោមមុខកាំ.បិតរបស់នាងកាន់តែទាក់ទាញជាងមុន។
ម៉ូលីកា បាននិយាយថា «ពួកយើងប្រហែលជាគ្មានចំណុចល្អឥតខ្ចោះដូចគ្នាឆ្លងកាត់នូវរឿងរ៉ាវជាច្រើនផ្សេងគ្នា ប៉ុន្តែពួកយើងនឹងសាងភាពឥតខ្ចោះសម្រាប់គ្នាក្នុងពេលបច្ចុប្បន្នកាលដែលពួកយើងមានគ្នា»៕