គេនៅចាំបានថា កាលនៅត្រូវគ្នាជាមួយពូម៉ៅនោះ ថៅកែហាងពេជ្រចិត្តធម៌ អ្នកស្រី ទ្រី ដាណា បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ហើយជួបស្ត្រីម្នាក់ ដែលល្បីល្បាញតាមបណ្ដាញសង្គម ឈ្មោះសៀវឡុងនី។ នៅពេលនោះ ដោយឃើញស្ត្រីខាងលើ មានជីវភាពលំបាក រ៉ាប់រងចិញ្ចឹមកូន៤នាក់ម្នាក់ឯង ព្រោះបែកពីប្ដីនោះ អ្នកស្រីក៏បានសន្យាថា នឹងសាងសង់ផ្ទះតូចល្មមជូនគាត់។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ អ្នកស្រី ទ្រី ដាណា បានសរសេររៀបរាប់ថា «ចៃដន្យណាស់ មកព្រះអង្គចេក ព្រះអង្គចម ស្រាប់តែឮសំឡេងគាត់ហៅ idol ហើយលួ,ចថតទៀត បងប្អូនស្គាល់គាត់ទេ គាត់ហ្នឹងហើយ ល្បីថាសៀវ ឡុងនីខ្មែរ ចូលចិត្តធ្វើឱ្យគេសើចនៅសៀមរាបនោះ តាមពិត ជីវិតគាត់កម្សត់ណាស់ មិនមែនសប្បាយដូចនៅក្រៅចឹងទេ គាត់ធ្វើចឹង ព្រោះចង់លក់ការ៉េមដាច់ គាត់និងប្ដីបែកគ្នា ហើយឥឡូវគាត់ចិញ្ចឹមកូន ៤នាក់ និងម្ដាយ គ្មានកន្លែងនៅស្រួលទេ។
គាត់រួសរាយណាស់ មកជិតខ្ញុំ សើចដាក់ខ្ញុំ ខ្ញុំក៏សួរនាំជីវិតគាត់ ហើយគាត់ថា ចង់បានកូនផ្ទះល្មមមួយនៅជាមួយកូនៗ និងម៉ែគាត់។ អាណិតគាត់ ខំប្រឹង ហើយក៏ឃើញគាត់តាម tiktok ច្រើនដែរ។ ខ្ញុំនឹងសង់ផ្ទះល្មមមួយឱ្យគាត់ ឃើញគាត់រំភើបចិត្ត ខ្ញុំនេះក៏សប្បាយដែរ។ ខ្ញុំចូលចិត្តអ្នកតស៊ូណាស់ ដូចគាត់ចឹង គឺចង់ជួយមែនទែន»។
តាំងពីសន្យា រហូតមកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំហើយ គេឃើញថា សៀវឡុងនីនៅតែរស់នៅផ្ទះពីមុនដដែល ព្រោះតែអាជ្ញាធរអប្យរា មិនទាន់អញ្ញាតឲ្យសាងសង់ ពេលអនុញ្ញាតពេលណា អ្នកស្រី ទ្រី ដាណា នឹងឲ្យក្រុមការងារទៅសាងសង់ជូនភ្លាមតាមការសន្យានោះ។
មកដល់ពេលនេះ សៀវឡុងនី មានប្ដីថ្មី ហើយក៏មានដំណក់ឈាមរួមគ្នាដែរ។ លើសពីនេះ កូនប្រុសរបស់នាង បានឃើញភ្លឺថ្ងៃហើយ ហើយពេលដឹងដំណឹងនេះភ្លាម មិនចាំយូរ អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ បានចូលរួមអបអរសាទរភ្លែតតែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹករបស់សៀវឡុងនី និងកូន, ថៅកែហាងពេជ្រចិត្តធម៌រូបនេះ បានសម្ដែងការអបអរដូច្នេះថា «សូមអបអរសាទរផង បង សៀវ ឡុងនី ខ្មែរ ទទួលបានកូនប្រុសម្នាក់ទៀត ជូនពរសុខភាពល្អ ទាំងម្ដាយ និងកូន នាងខ្ញុំបានជួយ 1000$ សម្រាប់គាត់ បានសម្រាកនៅមន្ទីរពេទ្យដែរ»។ តាមរយៈនេះ មានការលើកឡើងថា កូនរបស់សៀវ ឡុងនី មុខដូចកូនកាត់អញ្ចឹង៕