កន្លងមក ទំនាក់ទំនងរវាង ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និង តារាសម្ដែងប្រុស សេង មង្គល ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រយុវវ័យ ជាមួយនឹងសកម្មភាពផ្អែមល្ហែមល្អូកល្អិននឹងគ្នាយ៉ាងឥតល្ហែរបស់អ្នកទាំងពីរ។
គេសង្កេតឃើញថា មិនថាការឡាយវីដេអូ បង្ហោះរូបភាពជាគូ និង សារឆ្លើយឆ្លងគ្នាសុទ្ធតែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តអៀនជំនួស ព្រមទាំងកាន់តែចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតមែន។
បង្ហោះភ្ជាប់ជាមួយរូបថតកាន់ដៃគ្នាឲ្យឃើញតែខ្នង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បានពោលពាក្យយ៉ាងមានន័យ ពាក់ព័ន្ធ មិត្តភាព និងស្នេហាថា «មិនថាមនុស្សស្រលាញ់គ្នា ឬមនុស្សដែលរាប់អានគ្នា បើមានអ្នកធ្វើឲ្យបាត់ភាពស្មោះត្រង់ហើយវាគឺជាការស្រលាញ់ និងរាប់អានតែសំបកក្រៅប៉ុណ្ណោះ»។ នៅពេលនោះ អ្នកគាំទ្រ គិតថា បុរសម្នាក់នេះ ជាលោក សេង មង្គលទៀតផង។
ទោះយ៉ាងណាអ្វីគួរឲ្យចាប់អារម្មណ៍ថ្មីៗនេះ អ្នកស្រី ទ្រី ដាណា បានបង្ហើបដំណឹងជិតបានរៀបការ ហើយបង្ហោះរូបថតបុរសម្នាក់ឲ្យឃើញតែខ្នងផងដែរ។ ទីបំផុត បុរសម្នាក់នោះ ត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះ បែរជាលោក សេង មង្គល ដែលគេសង្ស័យថា កំពុងមានស្នេហាជាមួយ ហ៊ិន ចាន់នីរ័ត្ន ទៅវិញ ធ្វើឲ្យអ្នកគាំទ្រជាច្រើនខកចិត្តខ្លាំងណាស់។
ក្រោយពីពង្ហាញមុខBAថ្មី កាលពីម្សិលមិញ ទ្រី ដាណា បានបង្ហោះវីដេអូ បង្ហូរទឹកភ្នែកនៅមុខមនុស្សជាច្រើន ហើយពោលពាក្យថា «មានមនុស្សប៉ុន្មាននាក់ ដែលយល់អារម្មណ៍មួយនេះខ្ញុំយំឆ្អែតហើយ ខ្ញុំឈឺចា,ប់ឆ្អែតហើយខ្ញុំសន្យានឹងខ្លួនឯងថា ចាប់ពីពេលនេះតទៅនឹងធ្វើឲ្យខ្លួនឯងរីករាយ និងមានស្នាមញញឹមគ្រប់ពេលហើយញញឹមចេញពីការពិតមិនមែនដូចពីមុនទៀត»។
បើទោះតារាសម្ដែង សេង មង្គល ជាBAផលិតផលថ្មីរបស់អ្នកស្រី ទ្រី ដាណា ក៏ពិតមែន តែរឿងស្នេហាជាមួយគ្នានេះ នៅមិនទាន់ច្បាស់នៅឡើយ កំពុងស្ថិតក្នុងការសង្ស័យ។ តែមុនពេលបង្ហាញមុខជាមួយអ្នកស្រី ទ្រី ដាណា សេង មង្គល បង្ហោះរូបថតជាមួយអ្នកម្ដាយ បង្ហើបដំណឹងថា «ម៉ាក់ប្រាប់ថា កូនដល់វ័យល្មមរៀបការហើយ»។
ក្រោយមក ងាកមក ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបថត អមដោយសារហាក់មិនសប្បាយចិត្តនោះឡើយ ដោយនាងលើកឡើងថា «លើលោកនេះគ្មានអ្វីឋិតឋេរទេ»។
បន្ថែមលើនេះ នៅថ្ងៃទី១១ ខែកក្កដា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបថតរបស់ខ្លួន៣សន្លឹក ក្នុងនោះរូបសេដ ១សន្លឹក សើច២សន្លឹក អមដោយសារលើកទឹកចិត្តខ្លួនឯងថា «ពេលវេលាមិនត្រឡប់ក្រោយ តែមិនបានន័យថាពេលវេលាឈប់ដើរទៅមុខឯណា»។ តាមរយៈនេះ មានការលើកទឹកចិត្ត ពិធីការិនីរូបនេះជាច្រើន ពីសំណាក់អ្នកគាំទ្រ។
ជាក់ស្ដែង មានការផ្ដល់យោបល់ថា «រក្សាស្នាមញញឹមអោយដូចក្នុងរូបអោយរហូតទៅ..មិនខ្វះទេមនុស្សល្អៗ នឹងចូលមកក្នុងជីវិតរបស់ស៊ីស…អតីតវាជាអតីត កុំអោយអតីតមករំខាន បច្ចុប្បន្ន និងអនាគតដ៏ស្រស់ស្អាតរបស់ស៊ីស, មនុស្សស្រីឆ្លាត នាងដាច់ខាតមិនខូចចិត្តស្ដាយស្រណោះចំពោះមនុស្ស ដែលខ្លួនធ្លាប់ស្រលាញ់ បែរជាចាកចេញទៅដោយលុយ និងសម្ភារៈនិយម»៕