កាលពីពេលថ្មីៗកន្លងទៅនេះ បុរសម្នាក់ ប្រើប្រាស់គណនីទីកតុកឈ្មោះ «ស៊ី នួន» បានធ្វើត្រាប់កាយវិការតាមសំឡេងរបស់ Adminជីងចក់បានយ៉ាងល្អ ធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរ សូម្បីអ្នកស្រីទ្រី ដាណា ក៏លាន់មាត់ថាដូចផងដែរ។
វីដេអូ ធ្វើត្រាប់កាយវិការតាមសំឡេងនោះ គ្រាន់តែចេញមិនទាន់បានប៉ុន្មានផង មានអ្នកចុចបេះដូងជាង៣០ម៉ឺន, បញ្ចេញមតិជាង២ពាន់ និងកូពីលីង ជាង២០០០ផងដែរ។ ក្នុងចំណោមមតិជាង២ពាន់នោះ ពួកគេ លើកឡើងថា «ចុម មុខដូចម្ល៉េះ, ឡូយជាងម្ចាស់ដើមទៀត, ខ្លាំងជាងម្ចាស់ដើមទៀត, មុខដូចគ្នាទៀត, មុខស្រដៀងពូចក់ កាលនៅស្គម»។
ចំពោះម្ចាស់សំឡេង Adminជីងចក់ ក្រោយពីឃើញបុរសខាងលើ ធ្វើត្រាប់កាយវិការបានយ៉ាងល្អ ខ្លាំងជាងលោកទៅទៀតនោះ ក៏សម្រេចឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល។ ដោយឡែកនៅថ្ងៃទី៩ ខែមិថុនា ពេលនៅជានាជាមួយអតីតភរិយានោះ Adminជីងចក់ បានចេញវីដេអូមួយទៀតនៅលើបណ្ដាញសង្គមទីកតុក ដោយបញ្ជាក់ថា ដំបូងឡើយខ្លួនថាឲ្យ២០ម៉ឺនទេ ដល់ពេលភរិយារបស់ខ្លួនមើលហើយ ក៏សម្រេចថែមលុយចំនួន៦០ម៉ឺនរៀលទៀត។ ដូច្នេះសរុបបានចំនួន៨០ម៉ឺន ឬស្មើនឹង២០០ដុល្លារនោះ។
ក្រោយពីទទួលបានថវិកា២០០ដុល្លាររួចមក, បុរស ដែលអ្នកខ្លះហៅថាជាពីចក់ទី២នោះ មានឱកាសចូលរួមសម្ដែងរឿងខ្លី ដែលជាបំណងរបស់លោកជាយូរមកហើយផងដែរ ដើម្បីបានលុយខ្លះយកទៅផ្គត់ផ្គង់ជីវភាព ដែលកំពុងមានការខ្វះខាត។
បន្ថែមលើនេះ អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ដែលកន្លងមក ធ្លាប់ដេកសើចមើលវីដេអូ បុរសខាងលើធ្វើត្រាប់តាមពូចក់នោះ បានសម្រេចឧបត្ថមថវិកាដល់បុរសរូបកម្សត់រូបនេះចំនួន១ពាន់ដុល្លារផងដែរ។
ជាការឆ្លើយតប ចំពោះទឹកចិត្តដ៏ប្រពៃណីនេះ លោក ស៊ី នួន បានចេញវីដេអូ នៅលើទីកតុកថ្លែងអំណរគុណ ដល់ថៅកែហាងពេជ្រចិត្តធម៌រូបនេះ ដែលឧបត្ថម្ភថវិកាដល់ខ្លួន១ពាន់ដុល្លារ និងបានធ្វើការជូនពរអ្នកស្រី រួមនឹងក្រុមការងារផងដែរ៕