កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង សួស វីហ្សា បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពលោកយាយដ៏កម្សត់ម្នាក់ ស្ថិតក្នុងភាពពិកា បានប្រើមាត់ហូបបាយ ដោយមិនប្រើជំនួយពីដៃនោះ បានធ្វើឲ្យមហាជន មានការអាណិតចំពោះលោកយាយជាពន់ពេក។
បង្ហោះភ្ជាប់ជាមួយវីដេអូ លោកយាយដ៏កម្សត់នេះ សួស វីហ្សា បានរៀបរាប់ទាំងទឹកភ្នែកថា «ឃើញហើយទប់ទឹកភ្នែកមិនជាប់ទេអ្នកម្តាយកូនអើយលោកយាយកម្សត់ពិកាភ្នែក ពិកាដៃ គ្មានកូនគ្មានចៅរស់នៅតែលតោលម្នាក់ឯង
ឃើញហើយឈឺចាប់ណាស់ នាងខ្ញុំនិងស្វាមី សូមប្រកាសស្វែងរកលោកយាយដើម្បីជួយលោកយាយបើមានបងប្អូនណាស្គាល់ទីតាំងលោកយាយសូមផ្តល់ព័ត៌មានដល់ខ្ញុំផង ឬក៏មានជាលេខទំនាក់ទំនងក៏បាន សូមអរគុណទុកជាមុន»។
ក្រោយមក សួស វីហ្សា បានប្រាប់ថា «លោកយាយដ៏កម្សត់អើយ ពេលនេះ ចៅរកលេខទំនាក់ទំនងលោកយាយ និងស្គាល់ទីតាំងរបស់លោកយាយហើយ ស្អែកចៅនឹងទៅជួបលោកយាយផ្ទាល់ដល់ផ្ទះលោកយាយតែម្តងអរគុណពូមីងបងប្អូន ដែលមានទឹកចិត្ត»។
ជាមួយគ្នា នេះ សួស វីហ្សា បានសម្ដែងការអរគុណតាមរយៈខំមិនថា «នាងខ្ញុំសូមអរគុណបងប្អូនអ៊ំពូមីងទាំងអស់គ្នាសម្រាប់ទឹកចិត្តដ៏បរិសុទ្ធ ក៏ដូចជាអរគុណសម្រាប់ការសហការ ជួយរកទីតាំង និងលេខទំនាក់ទំនងលោកយាយដល់ខ្ញុំបានយ៉ាងរហ័ស ពេលនេះនាងខ្ញុំស្គាល់ទីតាំងលោកយាយហើយ ស្អែកនាងខ្ញុំនឹងទៅផ្ទះលោកយាយ ទៅជួបលោកយាយផ្ទាល់តែម្តង»។
តាមការសន្យា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ តារាចម្រៀងមានដើមកំណើតពីខេត្តស្វាយរៀងរូបនេះ ក៏បានទៅជួបលោកយាយដោយផ្ទាល់ ដល់ទីតាំង និងបានជួយជាបច្ច័យ ជាមួយនឹងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់លោកយាយផងដែរ។
ជាមួយគ្នានេះ សួស វីហ្សា បានបញ្ជាក់នៅចំពោះមុខលោកយាយថា ខ្លួននឹងជូន ឧបភោគបរិភោគ ដល់លោកយាយរៀងរាល់ថ្ងៃ ជាមួយនឹងថវិកាមួយខែចំនួន៤០ម៉ឺនរៀល ក្នុងរយៈពេលមួយឆ្នាំពេញតែម្ដង៕