ភ្នំពេញ ៖ ទោះបីចំណងស្នេហ៍ រវាងអតីតឧកញ៉ា ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា ត្រូវបានបញ្ចប់ នៅចុងឆ្នាំ២០២០ ក៏ដោយ ក៏នៅតែកើតមានរឿងប្រទាំងប្រទើស និងមន្ទិលសង្ស័យថា អ្នកទាំងពីរបែកគ្នានេះ អាចមកពីអ្នកទី៣។
ការមានមន្ទិល និងសង្ស័យបែបនេះ ព្រោះព្រះតេជព្រះគុណ ឌួង ឆាយ ក៏ធ្លាប់បង្ហើបកាលពីនៅជាបាសកថា “ដេត ម៉ាលីណា មានអ្នកទី៣” តែពេលនោះ ព្រះតេជព្រះគុណ មិនបានបង្ហើបថាមានឈ្មោះអ្វីឡើយ ដោយគ្រាន់តែដឹងថា ទំនងជាខ្នងក្រាស់មានបុណ្យស័ក្ដិធំ។
ដូចការសង្ស័យមែន អាថ៌កំបាំង ត្រូវបានទម្លាយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដោយលោកជំទាវ ខុង លីស៊ីអាណា ភរិយាឧកញ៉ា ឌួង ងៀប ថា អតីតកូនប្រសា ដេត ម៉ាលីណា និងឪពុកក្មេក ឌួង ងៀប បានចូលដៃចូលជើងគ្នា ដើម្បីរៀបចំគម្រោងការជាន់ឈ្លីកេរ្តិ៍ឈ្មោះ លោក ឌួង ឆាយ ឲ្យវិនាសខ្ទេចខ្ទី និងញុះញង់ឲ្យមានបទល្មើសហិង្សាទៀតផង
ខណៈដែលអ្នកទាំង២ បានរៀបចំកាមេរ៉ានៅក្នុងផ្ទះជាច្រើនកន្លែង និងបានអនុញ្ញាតឲ្យលោក ឌួង ឆាយ ទៅជួប ហើយក៏ប្រើពាក្យពេចន៍ប្រមាថជា ច្រើន ក្នុងគោលបំណងធ្វើឲ្យលោកទប់កំហឹងមិនបាន ក៏ប្រើហិង្សាលើនាង ហើយក៏ប្រមូលវីដេអូទុកជាភស្តុតាង សម្រាប់ដាក់បន្ទុកមកលើរូបលោកតែម្តង។
បើការរៀបរាប់របស់លោកជំទាវខុង លីស៊ីអាណា ជាការពិតនោះ, នេះជា ទង្វើដ៏ស្មោកគ្រោក ដែលមនុស្សគ្រប់គ្នាសឹងតែមិនជឿថា ឪពុកហ៊ានធ្វើបែបនេះចំពោះកូនឡើយ តែឧកញ៉ា ឌួង ងៀប ពាក់ផ្កាយពីក្រសួងមហាផ្ទៃអាចធ្វើទៅបាន
ព្រោះតែលួចមានស្រីឈ្មោះ ប្រាក់ សី ហា ដែលវេចលុយពីផ្ទះរាប់សិបម៉ឺនដុល្លារ ទៅជួយសាច់ញាតិខាងស្រីរហូតបានខ្ពស់មុខខ្ពស់មាត់ ដូចជាការទិញផ្ទះវិឡារឲ្យ ទិញឡាន៥៧០ឲ្យ ជួបឲ្យបងថ្លៃចូលធ្វើជាប៉ូលិសជាដើម ហើយកូនប្រុសច្បង ឌួង ឆាយ តែងតែប្រឆាំងមិនចង់ឲ្យឪពុកមានស្រី ហើយព្យាយាមការពារម្ដាយ ទើបត្រូវឪពុកកើតក្តីហ្មងសៅ ខឹងសម្បាចាប់ពីពេលនោះមក រហូតមានការរៀបគម្រោងបែបនេះ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ខុង លីស៊ីអាណា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែឧសភា។
ជុំវិញរឿងសមគំនិត ដែលលោកជំទាវ អះអាងនៅក្នុងសន្និសីទសារព័ត៌មាននេះ, មិនទាន់មានការបកស្រាយពីលោកស្រី ដេត ម៉ាលីណា នៅឡើយទេ។
យើងក៏មិនដឹងថា ហេតុអ្វី បានជាអ្នកស្រី មិនទាន់ចេញបកស្រាយនោះឡើយ។ ប៉ុន្តែ លោកជំទាវ ខុង លីស៊ីអាណា ធ្លាប់បានបញ្ជាក់ថា លោកស្រីដេត ម៉ាលីណា បានទាមទារទ្រព្យសម្បត្តិ រួមមានផ្ទះ២កន្លែងមុខជំនួញ ទាំង៥ ថែមទាំងលុយ៥០ម៉ឺនដុល្លារទៀតពី ឌួង ឆា យ អស់ហើយ។
មិនត្រឹមតែប៉ុណ្ណឹងទេ បំណុលរួម ៣លាន៥ម៉ឺនដុល្លារ បានឲ្យ ឌួង ឆាយ ជាអ្នករកសងតែម្នាក់ទៀតផង។ ចំណែកព្រះតេជព្រះគុណឌួង ឆាយ ចុះចេញតែខ្លួនទទេសង្ឃឹមសន្សំសុខ ផ្ទុយ ទៅវិញ ដេត ម៉ាលីណា បានដាក់ពាក្យប្តឹងព្រះតេជព្រះគុណ ឌួង ឆាយ (កាលនៅជាគ្រហស្ថ) ទៀតផង។
ប្រការនេះ ត្រូវបានលោកជំទាវ អះអាងថា ផ្ទុយស្រឡះពីកិច្ចព្រមព្រៀងលែងលះប្រការ១ថា “…គូភាគីឯកភាពលែងលះគ្នាដោយសន្តិវិធី ពាក់ព័ន្ធនឹងរឿងរ៉ាវមុនៗរហូតមកដល់ថ្ងៃចុះកិច្ចព្រមព្រៀងនេះគូភាគីឯកភាពគ្នាថាបញ្ចប់ដោយគូភាគីពុំអាចលើកយកមកធ្វើការប្តឹងផ្តល់បរិហារគ្នាបន្តតទៅថ្ងៃក្រោយទៀតបានឡើយ…”។
បន្ថែមពីនេះ អ្នកស្រី ដេត ម៉ាលីណា ដែលលេចឮថា ពូកែផឹកស្រា និងឆេវឆាវផងនោះ បានអនុវត្តផ្ទុយពីប្រការ៤ អំពីកូន ត្រង់ថា កិច្ចសន្យាបានផ្ដល់សិទ្ធិឲ្យលោក ឌួង ឆាយ អាចយកកូនៗទៅលេងបាន ប៉ុន្តែជាក់ស្តែងនាងតែផ្តល់ផលពិបាកក្នុងការយកកូនៗមកលេង។
បញ្ហាដ៏ក្ដៅគគុកខាងលើនេះ មហាជន បានសំណូមពរឲ្យលោកជំទាវ ដេត ម៉ាលីណា ចេញមុខស្រាយបំភ្លឺ ដើម្បីជម្រះមន្ទិល ជុំវិញការបញ្ជាក់ពីអតីតម្ដាយក្មេក(លោកជំទាវខុង លីស៊ីអាណា ) ថា អ្នកស្រី បានសហការជាមួយឪពុកក្មេក រៀបចំគម្រោងធ្វើបាបព្រះតេជព្រះគុណ ឌួង ឆាយនោះ៕ ចំពោះប្រិយមិត្ត ដែលមិនទាន់ បានស្ដាប់ លោកជំទាវខុង លីស៊ីអាណា បកស្រាយក្នុងសន្និសីទសារព័ត៌មានកន្លងមក សូម ទស្សនាទាំងអស់គ្នា ៖