កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ មានការចែករំលែកព្រោងព្រាតថា លោកគ្រូ ព្រហ្ម ម៉ាញ បានទទួលមរណភាព ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងបង្ហាញការសោកស្ដាយជាពន់ពេក។
ទោះយ៉ាងណា នេះមិនមែនជាដំណឹងពិតឡើយ។ ផ្ទុយទៅវិញ ថ្ងៃនេះ លោកគ្រូ ព្រហ្មម៉ាញ មានស្ថានភាពសុខភាពល្អប្រសើរជាងថ្ងៃមុនៗទៅទៀត ដោយអាចដើរចូលបន្ទប់ទឹកបាន អង្គុយបាន ញុំាបាន។ នេះបើតាមការបញ្ជាក់របស់អ្នកនាង កា ឆយ ដែលយកចិត្តទុកដាក់សួរសុខទុក្ខ យកអាសាលោកគ្រូ ព្រហ្មម៉ាញ តាំងពីឈឺថ្ងៃដំបូងមកនោះ។
ជុំវិញរឿងនេះដែរ ក៏មានអ្នកសិល្បៈមួយចំនួនទៀត ធ្វើការបញ្ជាក់ពីភាព នៅរស់រានមានជីវិត និងស្ថានភាព សុខភាពលោកគ្រូ ព្រហ្មម៉ាញ ផងដែរ ដើម្បីបន្សាបព័ត៌មានមិនពិត ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ ថាជារឿងពិតនោះ។
ងាកមក យុវជន តាំង គឹមឡេង ដែលបានរួមចំណែកផ្សព្វផ្សាយព័ត៌មានមិនពិតដែរនោះ បានចុះទៅធ្វើការសុំទោសលោកគ្រូដល់មន្ទីរពេទ្យ ហើយជាការឆ្លើយតប លោកគ្រូ ព្រហ្ម ម៉ាញ បានលើកឡើងថា «យើងកែវិញទៅ មនុស្សយើងអាចកែបានតើ»។
បន្ថែមលើនេះ លោកគ្រូ ព្រហ្ម ម៉ាញ បានផ្ដាំផ្ញើថា «ខ្ញុំអត់ទាន់អីទេ ហើយនៅតែមានគំនិតថា បម្រើការងារ បង្ហាត់បង្រៀនក្មេងៗជំនាន់ក្រោយឲ្យចេះខាងផ្នែកអាយ៉ៃហ្នឹង ដោយសារវាតិចណាស់ អញ្ចឹងគួរតែជួយអភិរក្ស ហើយនិយាយទៅមួយអាស៊ីនេះ មានតែខ្មែរយើងទេ ដែលមានអាយ៉ៃហ្នឹងនោះ….»។
លោកគ្រូបន្តថា «ខ្ញុំក៏មានបំណងថា មុននឹងអស់ជីវិតទៅ ខ្ញុំនឹង បង្រៀន ឥឡូវនេះខ្ញុំ បង្រៀនបាន ១ឆ្នាំមុន បានរៀបចំប្រឡងឲ្យដឹងស្នាដៃកូនសិស្សហើយទៅជាកូវីដហ្នឹង យើងត្រូវរក្សាគំលាតហ្នឹង អស់មួយឆ្នាំ ហើយឥឡូវនេះ បានធ្វើសាលាថ្មី ហើយបង្រៀនជាថ្មី តាំងពីថ្ងៃទី៥ ខែ១ ឆ្នាំ២០២២…»។
សូមបញ្ជាក់ថា លោកគ្រូ ព្រហ្ម ម៉ាញ ជាសិល្បករអាយ៉ៃដ៏ឆ្នើម ដែលបានបូជាស្ទើរពាក់កណ្ដាលជីវិតក្នុងទម្រង់សិល្បៈដ៏កម្រមួយនេះ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានសិល្បករផ្នែកអាយ៉ៃរូបណាអាចមានសមត្ថភាពដូចលោកគ្រូ ព្រហ្ម ម៉ាញ ឡើយ។
ដោយសារតែទឹកចិត្តស្រឡាញ់ទម្រង់សិល្បៈកេរដំណែលដូនតាមួយនេះ លោកគ្រូក៏បានបើកថ្នាក់បង្រៀនអាយ៉ៃដោយមិនយកប្រាក់ ដល់អ្នកជំនាន់ក្រោយទៀតផង៕ សូមទស្សនាវីដេអូ ទាំងស្រុងខាងក្រោមនេះ ៖