លោកអ្នក បានជ្រាបរួចមកហើយថា លោកឌួង ឆាយ បានលែងលះជាផ្លូវការជាមួយអ្នកនាង ដេត ម៉ាលីណា កាលពីអំឡុងចុងឆ្នាំ២០២០ ដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន៣នាក់ កំពុងរស់នៅក្រោមការមើលថែរបស់អតីតភរិយានោះ។
ក្រោយពីប្រកាសលែងលះជាមួយភរិយាដាច់ស្រេច កាលពីអំឡុងចុងឆ្នាំ២០២០ លោកឌួង ឆាយ បានរក្សាខ្លួនឲ្យនៅទំនេរជាច្រើនឆ្នាំហើយដែរ តែពេលនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងថា លោក បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់។
លោក ឌួង ឆាយ និងគ្រួសារ បានបង្ហាញវត្តមានជាមួយនឹងក្រុមគ្រួសារខាងស្រី ក្នុងពិធីភ្ជាប់ពាក្យ ឬ ពិធីពិសាស្លាដក់កន្សែង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ម្សិលមិញ។ ចំពោះកូនក្រមុំ មានឈ្មោះ ហ៊ ម៉ីលី ត្រូវជាសាច់ញាតិខាងប្អូនថ្លៃរបស់លោកតែម្ដង។
ក្រោយពីឃើញទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យរបស់លោកឌួង ឆាយ រួចមក ក្រៅពីការបង្ហាញអារម្មណ៍រំភើបជំនួស និងអបអរសាទរនោះ អ្នកគាំទ្រជាច្រើន ក៏បានចាប់អារម្មណ៍ទៅលើរូបសម្រស់ ដ៏ស្រស់ស្អាតរបស់អនាគតភរិយាលោកឌួង ឆាយ ផងដែរ។
ទោះយ៉ាងណា ភ្លាមៗ អ្នកគាំទ្រមួយចំនួន មិនបានដឹងនោះទេថា នារីម្នាក់ ដែលម្ដាយរបស់លោកជាអ្នកជ្រើសរើសឲ្យនោះ មានអាយុប៉ុន្មាន។ តែពេលនេះដឹងហើយ ដោយរូបនាង ទើបតែមានអាយុ១៨ឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមរូបថត នៃពិធីខួបកំណើតរបស់នាង ដែលធ្វើឡើងកាលពីដើមខែមករា កន្លងទៅ។
ងាកមកលោក ឌួង ឆាយ វិញ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ នៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន មិនទាន់ឃើញមានបង្ហោះសារ ក៏ដូចជារូបភាពផ្សេងៗ ក្នុងពិធីភ្ជាប់ពាក្យនោះនៅឡើយទេ៕