ប្រិយមិត្ត ទំនងជាបានជ្រាបរួចមកហើយថា លោក ឌួង ឆាយ បានភ្ជាប់ពាក្យស្ងាត់ៗ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅ ក្រោយពីរក្សាខ្លួនឲ្យនៅទំនេររយៈពេលជាងមួយឆ្នាំនោះ។
នារីដ៏ស្រស់ស្អាតនោះ ត្រូវបានគេដឹងថា ឈ្មោះ ហ៊ ម៉ីលី ឆ្នាំនេះ ទើបតែមានវ័យ១៨ឆ្នាំប៉ុណ្ណោះ។ នាង ជាម្ចាស់ហាងលក់មាសពេជ្រ និងការាសសាំងនៅផ្សារចំបក់ខេត្ដតាកែវ ហើយក៏ជាកូនលោកអធិការរងស្រុកបាទី និងជាចៅស្រីរបស់លោកឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹមលុន និងឧកញ៉ា ឃី គឹមលាង។
ក្នុងអំឡុងពេលភ្ជាប់ពាក្យនេះ លោក ឌួង ឆាយ កំពុងស្ថិតក្នុងភាពងងឹត បាត់បង់អ្វីៗគ្រប់យ៉ាង ជួបទុក្ខលំបាកវេទនាជាទីបំផុត តែលោក នៅតែទទួលបានស្នាមញញឹមដ៏ពិតប្រាកដមួយ។ ចំណុចនេះ សូម្បីតែសម្លាញ់របស់លោកម្នាក់ មានងារជាឧកញ៉ានោះ ក៏ធ្វើការសរសើរផងដែរ។
ជាក់ស្ដែង ឧកញ៉ា ឡុង និរន្ដរ ដែលបានចូលរួមក្នុងពិធីភ្ជាប់ពាក្យលោក ឌួង ឆាយ បានបង្ហោះរូបថត១សន្លឹកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ហើយធ្វើការសរសើរថា «ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ សូមជូនពរថ្ងៃល្អ ថ្ងៃសេរីសួស្ដី ថ្ងៃប្រារព្ធពិធីពិសាស្លាដក់ និងកន្សែង របស់អ្នកទាំងពីរ [ ឌួង ឆាយ ម៉ីលី ]
រឿងសប្បាយចិត្ត និងរឿងរីករាយ តែងតែកើតមានឡើងចំពោះមនុស្សដែលមានសន្តានចិត្តល្អ មនុស្សល្អពិតប្រាកដ មិនថាជួបរឿងលំបាកខ្លាំងប៉ុណ្ណា ក៏នៅតែមានឱកាសទទួលបានស្នាមញញឹមល្អសម្រាប់ជីវិត។ សូមចូលរួមអបអរសាទរអ្នកទាំងពីរផង ពីខ្ញុំ Long Niron»។
ជាការឆ្លើយតប លោក ឌួង ឆាយ បានធ្វើការអរគុណ ជាមួយនឹងការរៀបរាប់ថា «អរគុណណាស់សម្លាញ់ឧកញ៉ា ឡុង និរន្ដរ LONG NIRON ដែលតែងតែនៅក្បែរឯងជាប់រហូតទាំងពេលវេលាសប្បាយរីករាយបំផុតនៅក្នុងជីវិត (ពេលជោគជ័យ)
និងពេលវេលាលំបាកបំផុតនៅក្នុងជីវិត (ពេលខ្ញុំបួសមានបញ្ហានៅក្នុងគ្រួសារ និងជាប់បំណុលធនាគារ) តែងតែមានវត្តមានរបស់ឯងជានិច្ច។ ឯងមិនដែលខ្វល់អ្នកណានិយាយអ្វីពីសម្លាញ់ឯងនោះទេដឹងត្រឹមសម្លាញ់ឯងគឺជាមិត្តភ័ក្តដ៏ល្អសម្រាប់ឯង។ អរគុណសម្លាញ់សម្រាប់មិត្តភាពដ៏ល្អមួយនេះ។ ឌួង ឆាយ»៕