លោកអ្នក ទំនងជាបានជ្រាបរួចមកហើយថា អ្នកស្រី ទ្រី ដាណា បានប្រកាសផ្ដាច់ចំណងជាប្ដីប្រពន្ធជាមួយពូម៉ៅ អស់រយៈពេលប៉ុន្មានខែមកហើយ ហើយក៏ធ្លាប់បើកបេះដូងរួចមកហើយ ដោយទទួលយកសូម្បីតែអ្នករត់ម៉ូតូឌុប។
ទោះយ៉ាងណា ក្រោយមកស្រាប់តែអ្នកស្រីប្ដូរចិត្តវិញ ដោយបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ឲ្យអ្នកណាគេស្រឡាញ់ខ្ញុំ ជាខ្ញុំ ខ្ញុំនិយាយត្រង់រស់ផ្គាប់គេពិបាកណាស់បងប្អូន រស់ផ្គាប់ចិត្តគេពិបាកណាស់ ចឹងបានថា ខ្ញុំឆ្អែតហើយ និយាយទៅឆ្អែតហើយ ហើយខ្ញុំក៏ចាស់ដែរឥឡូវ ប៉ុណ្ណឹងបានហើយ ព្រោះខ្ញុំដឹងថា អត់មានអ្នកណាគេស្រឡាញ់ខ្ញុំទៀតទេ»។
អ្នកស្រី បានសង្កត់ធ្ងន់ថា ចំណុចមួយទៀត ដែលពិបាកបំផុត គឺចំណុច ដែលខ្លួនមានខ្លាំង លំដាប់ប៉ុនខ្លួនពិបាករស់ប្ដីបន្តិច។ អ្នកស្រី លើកឧស្សាហ៍ថា បើប្រុសៗណាមកស្រឡាញ់ខ្លួន ឬក៏ជាស្នេហាពិតក៏ដោយ, អញ្ចឹងមហាជន ប្រាកដជាគិតថា បុរសម្នាក់នោះ ស្រឡាញ់ទ្រព្យខ្លួនមិនខាន។
អ្នកស្រី បានបញ្ជាក់ច្បាស់ៗថា អញ្ចឹងយើងពិបាកកន្លែងហ្នឹង ឥឡូវមានតែជ្រើសរើសយករស់នៅម្នាក់ឯងម៉ងទៅ សប្បាយចិត្តជាង។ ទន្ទឹមគ្នានេះ នៅពេលមាន អ្នកគាំទ្រម្នាក់ ជាមនុស្សស្រី ខំមិនថា ស្រឡាញ់ខ្លួននោះ, អ្នកស្រី បាននិយាយបែបលេងសើចថា ឥឡូវឈប់ស្រឡាញ់ប្រុសៗហើយ ស្រឡាញ់ស្រីៗម្ដង ស្រឡាញ់ស្រីៗវិញ។
ដោយឡែក នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ អ្នកស្រី ទ្រី ដាណា កាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ថែមមួយកម្រិតទៀត ដោយអ្នកស្រី បានបង្ហោះរូបថតខ្លួនជាច្រើនសន្លឹក មើលទៅពិតជាក្មេងខ្លាំងណាស់ ក្រឡេកមួយភ្លែត សឹងមិនស្គាល់ទៀតផង។ លុះនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ អ្នកស្រី បានបង្ហោះរូបថតជាច្រើនសន្លឹកទៀត ហើយប្រាប់ថា «មើលទៅដូចជាកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ»។
ដោយឡែកនៅថ្ងៃដដែលនោះ ពូម៉ៅ ក៏បានលេងសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ តែខុសប្លែកពីអ្នកស្រីទ្រី ដាណា ដែលលេងបាញ់ទឹក ដោយពូម៉ៅ លេងប៉ាតម្សៅ មើលទៅក៏សប្បាយរីករាយមិនចាញ់អតីតភរិយាឡើយ។
បង្ហោះភ្ជាប់ជាមួយរូបថត៣សន្លឹក ពូម៉ៅ បានបញ្ជាក់យ៉ាងខ្លីថា «សប្បាយថ្ងៃចូលឆ្នាំប្រពៃណីជាតិ»។ ដោយឃើញបែបនេះ អ្នកគាំទ្រ លើកឡើងថា «ចុមសប្បាយប៉ាតម្សៅទៀត.នៅណាហ្នឹង, សប្បាយជំនួសខ្ញុំផងហ៊ា, មើលទៅសប្បាយណាស់បង»៕