លោកអ្នកទំនងជាបានជ្រាបរួចមកហើយថា លោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅ ក្រោយពីរក្សាខ្លួនឲ្យនៅទំនេររយៈពេលជាងមួយឆ្នាំនោះ។
នារីដ៏ស្រស់ស្អាតនោះ ត្រូវបានគេដឹងថា ឈ្មោះ ហ៊ ម៉ីលី ឆ្នាំនេះ ទើបតែមានវ័យ១៨ឆ្នាំប៉ុណ្ណោះ។ នាង ជាម្ចាស់ហាងលក់មាសពេជ្រ និងការាសសាំងនៅផ្រសាចំបក់ខេត្ដតាកែវ ហើយក៏ជាកូនលោកអធិការរងស្រុកបាទី និងជាចៅស្រីរបស់លោកឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹមលុន និងឧកញ៉ា ឃី គឹមលាង។
ក្រោយពីភ្ជាប់ពាក្យរួច លោកឌួង ឆាយ ឧស្សាហ៍នាំអនាគតភរិយារបស់ខ្លួនដើរកម្សាន្តដើម្បីបង្កើនភាពរីករាយ និងស្និទ្ធស្នាលខ្លាំងណាស់ ហើយពេលនេះទៀតសោត រូបលោក និងអនាគតភរិយារួមនឹងគ្រួសារកំពុងមានវត្តមាននៅប្រទេសឌូបៃនៅឡើយនោះ។
នៅក្នុងការនាំអនាគតភរិយាដើរកម្សាន្តនេះ លោកឌួង ឆាយ ក៏បានឡាយវីដេអូឲ្យអ្នកគាំទ្របានឃើញពីទិដ្ឋភាពមួយចំនួននៅទីនោះផងដែរ។ ចំណែកអ្នកម្ដាយរបស់លោកឌួង ឆាយ ថែមទាំងបានទិញរបស់ពិសេសឲ្យកូនប្រសា និងអនាគតកូនប្រសាក្នុងអំឡុងពេលដើរផ្សារនៅទីនោះទៀតផង ធ្វើឲ្យពួកគេរំភើបបិទមាត់មិនជិតនោះឡើយ។
លោក ឌួង ឆាយ បានបង្ហោះរូបថត១សន្លឹក កាលពីពេលថ្មីៗនេះ ហើយបញ្ជាក់ថា «នេះទើបថ្ងៃទី១ ដើរផ្សារ។ អ្នកម៉ាក់កាដូជូនកូនៗបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ»។ នៅក្នុងរូបថតនេះ គេមិនដឹងថា កាដូ ដែលអនាគតម៉ាក់ក្មេកទិញឲ្យកូនប្រសា និងអនាគតកូនប្រសាជាអ្វីនោះទេ តែដល់ទៅមើលអាខោន កញ្ញា ហ៊ ម៉ីលី ទើបដឹងថា កាដូនោះ ជាកាបូបដៃប្រេនដ៏ស្រស់ស្អាតមួយ។
ឆ្លើយតបទៅនឹងទឹកចិត្តរបស់អនាគតម្ដាយក្មេកនេះ កញ្ញា ហ៊ ម៉ីលី បានសម្ដែងការអរគុណ និងបង្ហាញអារម្មណ៍ថា «អគុណម៉ាក់សម្រាប់កាដូចូលឆ្នាំថ្មី អគុណម៉ាក់សម្រាប់ការស្រលាញ់ដល់កូនប្រសាស្រីទាំងពីរ អគុណណាស់ម៉ាក់ដែលស្រលាញ់កូនប្រសា ហើយមើលថែកូនប្រសាទាំងពីរ ប្រៀបដូចជាកូនបង្កើត ម៉ាក់ញញឹមមកកូនប្រសាទាំងពីរពោរពេញដោយក្ដីស្រលាញ់ កូនមានសំណាងណាស់ដែលមានម៉ាក់ក្មេកល្អដូចជាម៉ាក់ កូនៗអរគុណណាស់ម៉ាក់»។
ចំណែកអ្នកនាង ដេត ម៉ារីណា ទទួលបានកាដូ ពីម៉ាក់ក្មេកដែរនោះ បានសម្ដែងការអរគុណ និងបង្ហាញអារម្មណ៍ដែរថា «អគុណម៉ាក់សម្រាប់កាដូឆ្នាំថ្មី អគុណការស្រឡាញ់ធំធេងរបស់ម៉ាក់ចំពោះកូនប្រសាស្រីទាំងពី. ជាតិនេះកូនសំណាងណាស់បានជួបម្តាយក្មេក មានចិត្តមេត្តា ស្រឡាញ់ អាណិត កូនប្រសា សឹងតែជាងកូនប្រុសបង្កើតទៀត. ចង់ប្រាប់ម៉ាក់ថា កូនៗស្រឡាញ់ម៉ាក់ណាស់ និងចង់ឃើញស្នាមញញឹមម៉ាក់ ដូចដំណើរកម្សាន្តលើកនេះជារាងរាល់ថ្ងៃ. ចង់អោយម៉ាក់សប្បាយចិត្តអោយច្រើនៗ»៕