ប្រិយមិត្តមួយចំនួន ទំនងជាបានជ្រាបរួចមកហើយថា មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយធ្វើការប្រមូលទុកនូវឯកសាររូបភាព និងសំឡេងពីអតីតកាលកម្ពុជា សម្រាប់ទុកឲ្យសាធារណជនធ្វើការស្រាវជ្រាវ សិក្សា ស្វែងយល់។
អនុប្រធានមជ្ឈមណ្ឌល ជា សុភាព ធ្លាប់បានបញ្ជាក់ថា “បុប្ផាណា” មានបេសកកម្មសំខាន់ ៣ ចំណុច។ បេសកកម្មទី១ ធ្វើការប្រមែប្រមូលរាល់បណ្ណាសារសោតទស្សន៍ទាំងអស់ទាក់ទងទៅនឹងប្រទេសកម្ពុជា និងថែរក្សាឱ្យបានគង់វង្ស ដូចជាភាពយន្តចាស់ៗ រូបថត ខ្សែអាត់សំឡេង និងវីដេអូឯកសារជាដើម។ បណ្ណាសារទាំងនោះ នៅសេសសល់តាំងពីឆ្នាំ ១៨៤៩ ខណៈបារាំងមកថតនៅក្នុងដែនដីឥណ្ឌូចិន ជាពិសេសថតប្រទេសកម្ពុជាតែម្ដង។
ទីនោះ ក៏បានរក្សាទុកនូវឯកសារជាច្រើនទាក់ទងទៅនឹងសម័យទទួលបានឯករាជ្យ និងសង្គមរាស្ត្រនិយម សម្រាប់អ្នកជំនាន់ក្រោយស្វែងយល់។ បន្ទាប់ពីនេះ ក៏មានឯកសារពីការធ្វើរដ្ឋប្រហារទម្លាក់ព្រះករុណា ដែលផលិតឡើងដោយរដ្ឋាភិបាល លន់ ណុល និងឯកសារផលិតឡើងដោយជនបរទេស។
កាលពីពេលថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌល ខាងលើ បានបង្ហោះរូបភាពដ៏កម្រជាច្រើនសន្លឹក ហើយធ្វើការបញ្ជាក់ច្បាស់ៗថា «វីដេអូ និងរូបភាពដ៏កម្រកាលពីឆ្នាំ 1962 រូបភាពទាំងនេះ ដកស្រង់ចេញពីខ្សែភាពយន្ដឯកសារ ពិធីរៀបអភិសេករបស់អ្នកអង្គម្ចាស់ស៊ីសុវត្ថិ អូឡារី កាលពីឆ្នាំ១៩៦២។
នេះគឺជាភាពយន្ដឯកសារដ៏កម្រមួយ ស្ថិតក្នុងគុណភាពពណ៌ធម្មជាតិ ភ្លឺច្បាស់ ដែលត្រូវបានអភិរក្សដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។ ពិធីរៀបអភិសេករបស់អ្នកអង្គម្ចាស់ស៊ីសុវត្ថិ អូឡារី មានការអញ្ជើញចូលរួមយ៉ាងច្រើនពីព្រះរាជវង្សានុវង្ស មន្ដ្រីរដ្ឋាភិបាលនៃសម័យសង្គមរាស្ដ្រនិយម អ្នកនយោបាយ អ្នកតំណាងរាស្ដ្រ និង សិល្បករជាច្រើននាក់រូបទៀត។
ដោយក្ដីរីករាយ មជ្ឈមណ្ឌលបុប្ផាណា នឹងបើកឱកាសអោយសាធារណជនទាំងអស់មកពីជុំវិញពិភពលោក អាចសិក្សាស្រាវជ្រាវពីបណ្ណសារទាំងនេះដោយសេរី និង ឥតគិតថ្លៃ។ សូមអញ្ជើញមកកាន់មជ្ឈមណ្ឌលបុប្ផាណា៖ អាសយដ្ឋាន៖ ផ្ទះលេខ៦៤ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ»។
តាមរយៈនេះ មានមតិមួយចំនួន បានលើកឡើងជាសំណូមពរថា «តើអាចទៅទស្សនា Video នេះបានដែរឬទេ ?»។ ជាការឆ្លើយតប មជ្ឈមណ្ឌលបុប្ផាណា បានប្រាប់ថា «សូមប្អូនអញ្ជើញមកចុះ ដោយក្ដីរីករាយ»៕