គេនៅចាំបានថា តារាចម្រៀងស្រី ដ៏ល្បីល្បាញ របស់ផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយ លោក ឡៅ ឆលី កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ។ ប៉ុន្តែ រៀបការបានរយៈពេល៣ខែប៉ុណ្ណោះ ស្នេហារបស់ពួកគេ ក៏ឈានដល់ផ្លូវបំបែក។
ក្រោយមក នៅក្នុងឆ្នាំ២០១៨ ក៏បានលេចឮថា អ្នកនាង ពេជ្រ សោភា មានស្នេហាថ្មីជាមួយ តារាសម្ដែង ឆឹម សក្កដា។ ការលេចឮទំនាក់ទំនងដំបូង មានការចាប់អារម្មណ៍ថា ជាស្នេហាក្លែងក្លាយ តែក្រោយមកទើបដឹងច្បាស់ថាជាស្នេហាពិត។ ទោះយ៉ាងណា ស្នេហារបស់ពួកគេ ក៏ដើរដល់ផ្លូវបំបែកទៀត ហើយអ្នកគាំទ្រទើបតែដឹងកាលពីពេលថ្មីៗកន្លងទៅនេះប៉ុណ្ណោះ។
ជុំវិញរឿងអតីតកាលពាក់ព័ន្ធនឹងការរៀបការរបស់ខ្លួនកាលពីអំឡុងឆ្នាំ២០១៥នោះ គេកម្រឃើញពេជ្រ សោភា ធ្វើការរំលឹកឡើងណាស់ តែថ្មីៗនេះ មានគណនីទីកតុកមួយធ្វើការបង្ហោះវីដេអូ ថ្ងៃមង្គលការនោះ ហើយសម្ដែងការអាណិតចំពោះនាង។
បង្ហោះភ្ជាប់ជាមួយវីដេអូថ្ងៃមង្គលការពេជ្រ សោភា គណនីទីកតុកមួយ បានរៀបរាប់ថា «ចែភា គាត់ធ្លាប់រៀបការម្ដងរួចមកហើយ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ មិនបានប៉ុន្មាន ពួកគាត់ក៏បានបែកគ្នា ដោយសារពេលហ្នឹងគាត់ឈឺធ្ងន់ ស្វាមីគាត់មិនមកអើត មិនមកសួរសុខទុក្ខ មិនខ្វល់ខ្វាយពីគាត់ ឲ្យគាត់នៅដេកពេទ្យម្នាក់ឯង»។
ទំនងឆ្លើយតបទៅនឹងការបង្ហោះនេះ ពេជ្រ សោភា បានចេញវីដេអូមួយ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នៅលើគណនីទីកតុករបស់ខ្លួន ហើយនិយាយដូចបញ្ចូលសំឡេងយ៉ាងទន់ភ្លន់ថា អ្នកណាគេហ្ន៎ បង្ហោះរូបថតអាពាហ៍ពិពាហ៍របស់ខ្លួន បង្ហោះដើម្បីអ្វីទៅ ដើម្បីឲ្យគេចាប់អារម្មណ៍មែនទេ? ផុសទៀតទៅអញ្ចឹង។
ពេជ្រ សោភា បន្តថា ទោះយ៉ាងណា ខ្លួនក៏ធ្លាប់ក្រាបក្បាលដល់កន្ទេល ទទួលផ្កាស្លាពីមេបាចាស់ទុំត្រឹមត្រូវ ហើយរាល់ថ្ងៃហ្នឹង មេម៉ាយមានខាន់ស្លា មិនខ្វល់ពីរឿងគេទេ ខ្លាចអត់មានអង្ករច្រកឆ្នាំង ហើយអ្នកផុសរាល់វីដេអូហ្នឹង មានអង្ករញុំាទេ មានលុយសល់នៅ? បើនៅទេ ឈប់សិនទៅ៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖