ប្រិយមិត្តអ្នកអាន ទំនងជាបានជ្រាបរួចមកហើយថា ក្នុងរយៈពេលចុងក្រោយនេះ ការផលិតវីដេអូ ប្លែកៗ បែកកម្សាន្ត មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយវីដេអូ ខ្លះ មិនជាពេញចិត្តសម្រាប់មហាជននោះឡើយ។
ជាក់ស្ដែង ករណីគ្រូតឿស៊ី អាចម៍គោ ធ្វើឲ្យមហាជនរិះគន់ខ្លាំងកាលពីពេលថ្មីៗកន្លងទៅនេះ រហូតត្រូវសមត្ថកិច្ចហៅទៅអប់រំ ឲ្យឈប់ផលិតវីដេអូបែបនេះទៀត។ ទោះយ៉ាងណា គ្រូតឿ បានបញ្ជាក់ថា «អាចម៍គោហ្នឹងពិត ប៉ុន្តែអត់បានហូបទេ ពេលដែលខ្ញុំហូបហ្នឹងសូកូឡាទេ សូកូឡាដាក់នៅពីក្រោមម្រាមដៃ អ្នកថតកាត់ត គ្រាន់តែជាការសម្ដែងទេ មិនមែនគោលបំណងអ្វីទេ»។
ក្រោយរឿងគ្រូតឿស៊ីអាចម៍គោ មិនទាន់សាបផង ស្រាប់តែផ្ទុះរឿងថ្មីមួយទៀត ចំពោះស្ត្រីម្នាក់ ដែលតែងតែញុំារបស់ប្លែកៗ សឹងមិនគួរឲ្យជឿថា អាចញុំាបាននោះ បានបង្វែរមកញុំាអាចម៍គោដូចគ្រូតឿដែរ តែអាចម៍គោខ្ចីស្រស់ៗ។
នៅក្នុងវីដេអូរយៈពេលជិត៧នាទី ដែល ត្រូវបានបង្ហោះ ដោយផេក Primitive TV នោះ គេសង្កេតឃើញ ស្ត្រីម្នាក់ បានវះ យកលាមកគោខ្ចី ចេញមួយដុំធំ រួចបេះវា ចេញពីស្បែក ១០០ ស្រទាប់ ហើយយកលាង ជាមួយទឹក និង ពូតទឹកចេញ ដោយយកតែកាកដែលខ្សោះល្អ។
ក្រោយមកទៀត គេឃើញ ស្ត្រីខាងលើបានយកវា មក លាង ទឹកម្ដងទៀត ដោយពូតលាមកគោនោះឱ្យស្ងួត រួចយកវាមកហូបជាមួយអំបិលម្ទេសតែម្ដង ធ្វើឲ្យមហាជនឃើញហើយសម្ដែងការហួសចិត្តមិនស្ទើរនោះទេ។
នៅការចាប់ផ្ដើមវីដេអូនោះ ស្ត្រីខាងលើ បានរៀបរាប់ថា សួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះ មកញុំាអាចម៍គោខ្ចីជាមួយអំបិលម្ទេស ប្លែកភ្នែកសម្រាប់បងប្អូនទៀតហើយ ហើយអភ័យទោសផង បងប្អូនណាញុំាបាយ គ្របបាយសិន ទុកមួយឡែកសិន។
គួរបញ្ជាក់ថា វីដេអូនេះ ត្រូវបានបង្ហោះកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២កន្លងទៅ ហើយគិតរហូតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២មានអ្នកចុចមេដៃបេះដូងរហូតដល់ទៅ២០២ខេ, បញ្ចេញមតិ៤៩ខេ និងអ្នកទស្សនាសរុបជាង៨លានដង។ ក្នុងចំណោមអ្នកខំមិនដ៏ច្រើនលើសលប់នេះ ក៏មានបរទេសជាច្រើនផងដែរ។ តាមរយៈនេះ ឃើញថា មិនចាញ់គ្រូតឿនោះឡើយ៕ សូមទស្សនាវីដេអូ ខាងក្រោម ៖