វាជារឿងដ៏កម្រមួយ ហើយអាចនិយាយបានថាមិនធ្លាប់មាននៅកម្ពុជាពីមុនមកផងដែរ ខណៈពិធីមង្គលការមួយនេះ កូនក្រមុំកូនកំលោះ មិនតម្រូវឲ្យអ្នកចូលរួមចងដៃ ហើយថែមទាំងមានចាប់រង្វាន់ទៀតនោះ។
ពិធីមង្គលការនេះ ប្រព្រឹត្តិឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ ដោយមាន សុភ័ក្រ កុសុម៉ា និងលោក ជា វណ្ណារិទ្ធ ជាពិធីករ។ ក្រោយចូលរួម ជា ពិធីករ ពិធីការិនី ក្នុងមង្គលការនេះរួចមក ពួកគេ បានលាន់មាត់សរសើរទឹកចិត្តកូនកំលោះកូនក្រមុំមិនដាច់ពីមាត់។
ជាក់ស្ដែង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ពិធីការិនី សុភ័ក្រ កុសុម៉ា បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយបង្ហាញអារម្មណ៍ប្រាប់អ្នកគាំទ្រថា «MC យប់មិញជាមួយបងរឹទ្ធសប្បាយខ្លាំង កូនកំលោះកូនក្រមុំគួរឲ្យស្រលាញ់ណាស់ សំខាន់មានចាប់រង្វាន់ iPhone 13 5គ្រឿង ហើយជាពិសេសភ្ញៀវ ដែលចូលរួមគឺមិនតម្រូវអោយចងដៃនោះទេ កប់ហ្មង»។
ដោយឡែក លោកជា វណ្ណារិទ្ធ នៅយប់ថ្ងៃទី២២ ខែមេសា បានបង្ហោះរូបថតក្នុងពិធីមង្គលការនោះជាច្រើនសន្លឹក ហើយលាន់មាត់សរសើរដែរថា «សិរីសួស្តីអាពាហ៍ពិពាហ៍ដែលពោរពេញដោយស្នាមញញឹម ដ៏កក់ក្តៅបំផុតពីកូនកំលោះ និងកូនក្រមុំ ដែលមានចិត្តទូលាយ ដោយមិនតម្រូវអោយភ្ញៀវចូលរួមចងដៃនោះទេ សំខាន់មានចាបរង្វាន់ទូរសព្ទទំនើបចំនួន5គ្រឿងទៀតផង អរគុណដែលផ្តល់កិត្តិយសដល់ខ្ញុំ និង ប្អូនស្រី sopheakkosoma ចូលរួមជាពិធីករ»។
ចំពោះអ្នកគាំទ្រ ដោយឃើញបែបនេះ ក៏បានបញ្ចេញមតិជាច្រើន ក្នុងនោះពួកគេ បានលើកឡើងថា «ពិតជាអស្ចារ្យណាស់, ពិតជាល្អខ្លាំងណាស់ ប៉ុន្តែមានតែគាត់ជាអ្នកមានទេដែលអាចធ្វើបាន, លុយគេចាយលេងអស់ហើយបានគេអត់យក, ស្រុកខ្មែរទឹមតែមានមួយ មិនដែលឮទេ មិនអោយចងដៃហើយមានចាប់រង្វាន់ទៀត។,
គ្រួសារពួកគាត់ អភិជនណាស់ហើយ, ពិតជា អស្ចារ្យណាស់បង កូនក្រមុំកូនកំលោះស្អាតហើយ ចិត្តបានទៀតមិនដែលជួបពីមុនមកទេបង, មាន មិនធម្មតាទេចឹងប្រហែលមានតែមួយទេ, បើដឹងគេអត់អោយចងដៃចឹង ខ្ញុំទៅស៊ីដែរបាត់ ឃ្លានម្ហូបការផង, ទៅញុំាទាំងញញឹមព្រោះអត់យកចំណងដៃ, ស្អាតហើយចិត្តល្អទៀត, កូនក្រមុំស្អាតណាស់បង, សមគ្នាណាស់»៕