និយាយដល់ឈ្មោះ សួ វិចិត្រ ច្បាស់ណាស់ ចាស់ក្មេងស្ទើរតែគ្រប់ទិសទីប្រាកដបានស្គាល់ ដ្បិតកន្លងមកបទចម្រៀង Cover របស់យុវជនមកពីខេត្តពោធិ៍សាត់រូបនេះ សុទ្ធសឹងតែមានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Facebook, YouTube និង TikTok ជាដើម។
ក្នុងនោះយូធូបរបស់លោកផ្ទាល់ ក៏ជាផ្នែកមួយក្នុងការជួយឲ្យមហាជនស្គាល់លោក និងគាំទ្រលោកច្រើនផងដែរ។ ទោះយ៉ាងណា ក្រោយមក សួ វិចិត្រ ក៏បានដាក់ពាក្យចូលប្រឡងក្នុងកម្មវិធី Beat The Best ហើយទុកយូធូបរបស់ខ្លួនចោល។
ឆ្លងកាត់ការចម្រាញ់អស់រយៈពេលជាច្រើនសប្ដាហ៍នោះ ទីបំផុត សួ វិចិត្រ ក៏បាន ម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកមួយនេះ កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២កន្លងទៅនោះ។ តាំងពីពេលនោះមក លោកក្លាយជាអ្នកចម្រៀង ហង្សមាស ដូចសេចក្ដីប៉ងប្រាថ្នា និងប្ដេជ្ញា របស់លោក មុនពេលប្រឡងនោះ។
ងាកមកយូធូបរបស់លោក ដែលទុកជិត១ឆ្នាំឯណោះវិញ នៅតែទទួលបានលុយខ្ទង់រយៗទៀត ធ្វើឲ្យរូបសប្បាយរីករាយខ្លាំងណាស់ បើទោះមិនច្រើនដូចពីមុន ដែលទទួលបានរហូតដល់ខ្ទង់ពាន់ៗដុល្លារក៏ដោយចុះ។
បង្ហោះភ្ជាប់ជាមួយស្ក្រីនសតវីដេអូក្នុងឆានែលរបស់ខ្លួន ម្ចាស់ពាន Beat The Bestរូបនេះ បានបង្ហាញអារម្មណ៍ដូច្នេះថា «សប្បាយចិត្តណាស់ព្រះអើយ YouTube ខ្ញុំតាំងពីប្រលង Beat the best មកមិនដែលផុសចូលជិត2ឆ្នាំហើយ តែនៅតែបានលុយ ខែនេះបាន 303$ជាងដែរ Wow ពីមុន 3000$ឥលូវសល់303$ ក៏សប្បាយចិត្តដែរ (ម៉ោង12:49pm)យប់ លោតកុងឮសូរទឹងៗៗ បេះដូងអ្នកធ្វើ YouTube។ មិនដែលផុសសោះក៏នៅតែបានលុយ អរគុណណាស់អ្នកដែលតែងតែគាំទ្រ រហូតមក»។
មើលក្នុងឆានែលលោកជាក់ស្ដែង ទើបតែឈប់ផុសរយៈពេល៧ខែប៉ុណ្ណោះ។ ដូច្នេះ ប្រហែលលោកសរសេរច្រឡំថា ជិត២ឆ្នាំ តាមពិត ជិត១ឆ្នាំ ប៉ុណ្ណោះ។
តាមរយៈនេះ អ្នកគាំទ្រ របស់លោក បានបញ្ចេញមតិជាច្រើន ក្នុងនោះ ពួកគេ លើកឡើងថា «ទើបតែឃើញអាយដលមួយទេ ដែលបង្ហាញចំណូលនៃការធ្វើយូធូប អាយដលពិតជាមានចិត្តចែករំលែកមែន, ជូនពរវិចិត្រកាន់តែទទួលបានជោគជ័យកាន់តែខ្លាំង, អ្នកធ្វើyoutubeដូចគ្នាទើបយល់អារម្មណ៍នេះ»៕