ប្រិយមិត្ត ពុកម៉ែបងប្អូន អ្នកតាមដានព័ត៌មានសិល្បៈ ប្រហែលជាបានជ្រាបរួចមកហើយនូវករណីតារាកំប្លែងនាយប្រុញ វេចបង្វេចទៅស្រុកកំណើតវិញ ដោយលើកហេតុផលថា ការថតកន្លងមក មិនទទួលបានលុយកាក់នោះ។
រឿងនេះ បានក្លាយជាប្រធានបទដ៏រសើបសម្រាប់មហាជន ពិសេសបុគ្គលពាក់ព័ន្ធមួយចំនួន បានចេញមុខបកស្រាយ ឆ្លើយតបទៅមក យកត្រូវរៀងខ្លួន ជាហេតុធ្វើឲ្យរឿងនេះ កាន់តែក្ដៅគគុកថែមទៀត រហូតដល់នាយប្រុញ មិនចង់ឲ្យរឿងតូចក្លាយជារឿងធំ ក៏ពិចារណាបង្កើតក្រុមថ្មីតែម្ដង។
ជាក់ស្ដែង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ប្រុញ បានចេញវីដេអូមួយ នៅលើគណនីទីកតុករបស់ខ្លួន ដោយបញ្ជាក់ថា Adminរបស់នាយ ឥឡូវមិនមែនAdminទៀតទេ នាយសុំដកខ្លួនចេញហើយ ហើយចង់ប្រាប់ថា នាយអាចនឹងបង្កើតក្រុមថ្មីឆាប់ៗនេះ មិនចង់ឲ្យរឿងតូចទៅជារឿងធំ។
ជាមួយគ្នានេះ នាយប្រុញ បានរៀបរាប់ពីរឿង ដែលខ្លួនលាក់ទុកយូរហើយថា បងប្អូនប្រហែលជាដឹងហើយថា នាយថតយ៉ាងម៉េច អីយ៉ាងម៉េចនោះ ទៅមុនដំបូង គេឲ្យនាយដេកហាលភ្លៀង ហើយនាយអត់មាត់ទេ ប្រាប់ឪពុកម្ដាយ ក៏មិនហ៊ានប្រាប់ ស៊ូទ្រាំដើម្បីដើម្បីឥឡូវ ឥឡូវគេនិយាយដើមទៀត ថតមិនឲ្យលុយផង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក្រោយពីមានការផ្សព្វផ្សាយថា ប្រុយថត មិនបានលុយនោះ, អតីតAdminរបស់តារាកំប្លែងវ័យក្មេងរូបនេះ បានបានធ្វើការបកស្រាយ ឆ្លើយតបទៅវិញ ដោយមានទាំងសាក្សីមួយចំនួនទៀត ដូចជា នាយក្ដាម នាយតឿ នាយញ៉ាញ់ ទៀតផង។
នៅក្នុងការបកស្រាយនោះ Admin បានបង្ហាញម៉ូតូ១គ្រឿងបាត់ស្លាកលេខ ហើយបញ្ជាក់ថា ម៉ូតូនេះ ជាម៉ូតូ ដែលខ្លួនទិញឲ្យប្អូនប្រុញ ដែលប្អូនប្រុសបានទារខ្លួនទិញទាំងកណ្ដាលយប់អធ្រាត្រម៉ោង៣ គឺប្អូនប្រុញ បានធ្វើទុក្ខបុកម្នេញ បើមិនទិញឲ្យទេ គាត់អាចនឹងមានការបង្ក ការប្រកាសស.ង្គ្រាម ព្រោះគាត់ដើរកាន់ដុំថ្ម។
លោកថា អញ្ចឹងដោយទឹកចិត្តលោក លោកមិនចង់ឲ្យមានបញ្ហាអីកើតឡើង ក៏លួងទាំងយប់ថា អូនអើយ អូនកុំធ្វើបែបហ្នឹង ចាំបងទិញម៉ូតូឲ្យ អញ្ចឹងគាត់ក៏បានស្ងប់សិនទៅ។ លោកថា ម៉ូតូនេះ ទិញមកមានពន្ធ មានស្លាកលេខត្រឹមត្រូវ ប៉ុន្តែបាត់ស្លាកលេខ ដោយមិនដឹងថា ប្អូនប្រុញជិះយកទៅបាត់នៅឯណានោះទេ។
លោកបន្តថា ម៉ូតូហ្នឹងលោកក៏ធ្លាប់ដាក់GPSផងដែរ តែប្រុញដកទាំងGPSក្រវាត់ចោលទៀត។ អញ្ចឹងអ្វី ដែលលោកឮថា ប្រុញ ធ្វើការអត់ដែលមានសល់អីនោះ តាមពិតគាត់មានម៉ូតូមានអី ហើយលុយចាយអីមានជាប្រចាំ ហើយគាត់ជំពាក់លុយគេសព្វទិសនៅកន្លែងណាក៏លោកបានដឹង សងជូនគាត់ដែរ។
បន្ថែមលើនេះ Adminបានសួរទៅកាន់សាក្សីដើម្បីបង្ហាញពីចរិតនាយប្រុញ ក្នុងនោះ នាយក្ដាម បានបញ្ជាក់ថា ចរិត នាយប្រុញ ជិះម៉ូតូពេញបុរី ពេលគេស្ដីឲ្យ គាត់ថាឲ្យគេ ចង់វ៉ៃគេ ពេលគេប្រាប់ស្រួលបួល ចេញចរិតមកកោងកាច។
ដោយឡែក នាយតឿ បានបញ្ជាក់ដែរថា នាយប្រុញ ដើរលេងដាច់យប់ បងប្រុសរបស់គាត់តេរក ក៏អត់លើក ពេលលោកគ្រូត្រូវថត ដាស់គ្នា៥ ៦នាក់ ក៏អត់ក្រោកដែរ ហើយលេងហ្គេមក្នុងកម្មវិធីទៅស្វាយរៀងវិញ គ្មានដេកទេ ពេញមួយយប់ទល់ភ្លឺ ម៉ោង៤ក្រោកទៅផ្ទះវិញទៀត។ ក្នុងនោះ Admin និង នាយតឿ បញ្ជាក់ពីការ ដែលនាយប្រុញ និយាយទូរសព្ទជាមួយស្រីស្នេហ៍ផងដែរ។
ចំពោះនាយញ៉ាញ់ ដែលអះអាងថា ជាអ្នកចូលរួមដាស់នាយប្រុញ ដែលនោះ បានលើកឡើងថា ប្រុញពេលយប់លេងហ្គេម និយាយទូរសព្ទ ទាក់ទងគេផ្សេងៗ។ ញ៉ាញ់ថា ធម្មតា យប់យើងត្រូវការដេក គាត់ ភ្លឺឡើងដេក យប់ឡើងនិយាយទូរសព្ទ។
ជាមួយគ្នានេះ នាយញ៉ាញ់ បានបញ្ជាក់ថា ម៉ូតូនេះ ពិតជារបស់ប្អូនប្រុញមែន ហើយមូលហេតុ ដែលយកមកទុកខាងក្រៅនេះ ដោយសារតែគាត់ជិះពេក ហើយការទុកនៅខាងក្រៅនេះ បងប្រុសគាត់ជាអ្នកផ្ដើមឲ្យយកមកលាក់នៅទីនេះតែម្ដង។ ប៉ុននេះ នៅមិនទាន់អស់ទេ ពួកគេបាននិយាយពីអត្តចរិតរបស់នាយប្រុញ ជាច្រើនទៀត អាចទស្សនាបានក្នុងវីដេអូខាងក្រោមរូបថត។
ងាកមក នាយប្រុញ ក្នុងការឡាយជាមួយនាយកណ្ដុរ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា នោះ បានបញ្ជាក់លម្អិតរឿងលុយថា «៨ ខែហ្នឹងសល់លុយ ១០០ ខ្មែរ នៅក្នុងហោប៉ៅ, ឡានដែលឧកញ៉ា សម្បត្តិ ឲ្យ គឺចែកគ្នាជា៣ ចំណែក ទីមួយ ម្ចាស់សារព័ត៌មាន ទី២ Admin ទី៣ ខ្ញុំ, ខ្ញុំសុំដកខ្លួន អត់រញ៉េរញ៉ៃ (អត់យកឡានទេ), បើលោកជំទាវ និងលោកឧកញ៉ា (សម្បត្តិ) គាត់ឲ្យលុយខ្ញុំម្ដង 50$ 100$ ឲ្យផ្ទាល់»។ ទោះយ៉ាងណា ក្រោយមក នាយប្រុញ បានបញ្ជាក់ថា ៨ខែនេះ ទទួលបានលុយសរុបប្រហែល៧០០ ៨០០ដុល្លារ អត់ដល់ពាន់ទេ។
បើតាមនាយកណ្ដុរថា លោកឧកញ៉ា មិនខុសនោះទេ លោកចំណាយថវិកា ចំណាយឡាន ឲ្យទៅក្រុមយើង តែមកពីក្រុមយើង អត់ចេះឱបក្រសោបកូនចៅឲ្យច្បាស់លាស់។ ចំពោះរថយន្ត នោះ នាយប្រុញ បានបញ្ជាក់ថា មានចំណែក៣នាក់ គឺAdmin, អ្នកសារព័ត៌មាន និងខ្លួននាយ។ តែពេលនេះ នាយ សុំដកខ្លួនចេញហើយ។
ចំពោះសំណួរលើកឡើងថា ឮថា នាយប្រុយ បានប្រាក់ខែ៥០០ ស្រាប់តែនាយប្រុញពេបមាត់ហើយឆ្លើយថា ៥០០ឯណាបងប្អូនអើយ ២០០ហ្នឹង តែ៤ខែអត់ទាន់បានទេ ទាល់តែបងប្រុសទៅ បាន បាន។ ចំពោះចំណុចនេះ នាយកណ្ដុរ បញ្ជាក់ថា លុយហ្នឹងមិនមែនបើកប្រាក់ខែពីឧកញ៉ាទេ បងប្អូនកុំច្រឡំ គឺឧកញ៉ាជាអ្នកផ្ដល់ថវិកាដល់នាយប្រុញ គាត់មិនពាក់ព័ន្ធអីទេ សំខាន់គឺថ្នាក់កណ្ដាល អ្នកចែក អ្នករៀបចំជីវិតរបស់គាត់៕