គេនៅចាំបានថា តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាង វ៉ាន់ នីឡា បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយកូនកំលោះ ស៊ុត សក្ការៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ហើយគិតមកដល់ពេលនេះ ទើបតែមានរយៈពេលប្រមាណ១ខែប៉ុណ្ណោះ។
ពិធីមង្គលការរបស់វ៉ាន់ នីឡា ធ្វើឡើង សណ្ឋាគារសុខា ក្រុងភ្នំពេញ ក្រោមការចូលរួមពីសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ ជាពិសេសវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កំលោះនោះ។
ក្រោយរៀបការ បានរយៈពេលប្រមាណ១ខែ ស្រាប់តែតារាកំប្លែងស្ថិតក្នុងក្រុមនាយពែកមី រូបនេះ បានប្រកាសដំណឹងល្អ មានទម្ងន់រយៈពេល១៧សប្ដាហ៍ នៅលើគណនីអ៊ីនស្ដាក្រាមរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា «mommy17week»។ តាមរយៈនេះ អ្នកគាំទ្រ ជាច្រើនបានសម្ដែងការអបអរសាទរ ហើយត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាត។
ក្រោយពីមានការចុះផ្សាយជាច្រើន លើកឡើងសង្ស័យជុំវិញតារាកំប្លែងខាងលើ មានទម្ងន់មុនរៀបការនោះ ស្រាប់តែមានអ្នកគាំទ្រ លើកជាសំណួរទៅកាន់នាងថា បងយកកូនមុនរៀបការមែន? សុំទោសសម្រាប់ការសួរនាំ។
ឆ្លើយតបទៅនឹងការសួរនាំចង់ដឹងនេះ វ៉ាន់ នីឡា បានចេញវីដេអូ បញ្ជាក់ថា សំណួរនេះមិនខុសនោះទេ គ្រាន់តែអូនចឹងដឹង ហើយចង់ប្រាប់ថា ខ្លួនយកមុនការដោយសារតែ ទី១ ខ្លួនចង់បាន ទី២ ដោយសារខ្លួនពិបាកក្នុងការមានកូន។
ក្រោយពីទទួលស្គាល់បែបនេះរួចមក ស្រាប់តែមានមហាជនមួយចំនួនរិះគន់ជាន់ពន្លិចនាងហួសហេតុនោះ វ៉ាន់ នីឡា ទ្រាំមិនបាន ក៏ឆ្លៀតឆ្លើយតប ទាំងក្ដៅស្លឹកត្រចៀក ពេលកំពុងឡាយលក់ផលិតផលរបស់ខ្លួន។
វ៉ាន់ នីឡា បានបញ្ជាក់ថា នាង បានរៀបការ និងសែនចងដៃ មានចាស់ទុំទាំងសងខាងដឹងឮជាយូរណាស់មកហើយ ដោយគ្រាន់តែនាងមិនបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ ហើយការធ្វើពិធីនៅអូតែលសុខា កាលពីពេលថ្មីៗនេះ គឺដូចជាការជប់លៀងអញ្ចឹង។
តារាកំប្លែងស្ថិតក្នុងក្រុមនាយពែកមីរូបនេះ បានបន្តទាំងក្ដៅស្លឹកត្រចៀកទៀតថា ទោះនាងរៀបការថ្ងៃនេះ មានកូនថ្ងៃស្អែកជារឿងរបស់នាង នាងរៀបការមានកូន មិនមានកូន ឬរៀបការហើយលែងគ្នាជារឿងរបស់នាងបុគ្គលដទៃមិនគួរនិយាយនោះទេ។
នីឡា បានលើកឡើងទៀតថា អ្នកនិយាយរិះគន់ទាំងអស់នោះ ភាគច្រើន ក៏ពួកគាត់ មានកូនស្រី ប្អូនស្រី និងក្មួយស្រីដែរ។ ដូច្នេះ មិនចាំបាច់ថាឲ្យនាងឡើយ ហើយបើនាងអាក្រក់ហើយ អញ្ចឹងសូមឲ្យកូន បងប្អូន ក្មួយស្រីពួកគាត់ទាំងអស់នោះល្អទៅបានហើយ។
ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រមួយចំនួនសួរនាំនាងពីរឿងមានកូននេះ ជាកូនស្រី ឬកូនប្រុស ហើយត្រូវបានវ៉ាន់ នីឡា បញ្ជាក់ថា ជាកូនស្រី៕ ដើម្បីជ្រាបកាន់តែច្បាស់ជាងនេះទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖