គេនៅចាំបានថា ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ លោកពូម្នាក់ បានជិះម៉ូតូទៅប៉ះរថយន្តរបស់គេមួយគ្រឿង ហើយក៏លុតជង្គង់សំពះសុំការអធ្យាស្រ័យពីម្ចាស់ឡាន ហើយទីបំផុត ម្ចាស់ឡានក៏ព្រមលើកលែងឲ្យ ជាហេតុធ្វើឲ្យមហាជនជាច្រើន សម្ដែងការអបអរចំពោះលោកពូ និងអរគុណសន្ដានចិត្តម្ចាស់ឡានផងដែរ។
ជាក់ស្ដែងពេលនោះ ស្រីអូន ស្រស់ធម្មជាតិ បានបង្ហោះសារទាំងទឹកភ្នែក និងអរគុណម្ចាស់ឡាន ជាមួយនឹងការបង្ហាញបំណងចង់ជួយលោកពូម្នាក់នោះដូច្នេះថា «ហឹម លោកពូអើយថ្វាយបង្គំដល់ដីប្រហែលគាត់ភ័យខ្លាំងមិនដឹងរកលុយឯណាសងឡានឃើញរូបភាពនេះខ្លោចចិត្តអាណិតគាត់ណាស់ពុកគេពុកយើងជិះម៉ូតូដឹកអេតចាយប៉ះជាមួយឡានគាត់ថ្វាយបង្គំសុំទោសម្ចាស់ឡាន»។
ស្រីអូនបន្តថា «អរគុណម្ចាស់ឡានដែលអាណិតលើកលែងទោស បងប្អូន ដែលស្គាល់លោកពូជួយប្រាប់គាត់ផងខ្ញុំចង់ផ្ដល់ដើមទុនជូនគាត់រកស៊ី ជួយស៊ែរប្រាប់គាត់ផងបងប្អូននឹកស្រមៃ កាលប៉ារត់ម៉ូតូឌុបជួបរឿងប្រហែលនេះ ខ្ញុំខ្លោចចិត្តណាស់ពុកអើយ អតីតកាល ដែលមិនអាចបំភ្លេចបាន អ្នកក្រ ទើបយល់អារម្មណ៍»។
នៅពេលនោះ គេមិនដឹងថា ស្រីអូន ស្ត្រីចិត្តធម៌ ដែលទទួលបានការគោរពស្រឡាញ់ជាច្រើនពីមហាជននោះ បានជួយជាដើមទន់ដល់លោកពូដូចការ សន្យា ឬយ៉ាងណានោះឡើយ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានរឿងមួយមិននឹកស្មានដល់។
លោកស្រីទ្រី ដាណា បានបង្ហោះរូបភាពលោកពូជាច្រើនសន្លឹក អមដោយសារ កាលពីព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០១ថា «ប្រហែលជាខែ១២ ឆ្នាំមុននេះ ខ្ញុំឃើញគេបង្ហោះរូបលោកពូម្នាក់នេះ លុតជង្គង់ថ្វាយបង្គំសុំការអធ្យាស្រ័យពីម្ចាស់ឡាន ពិតជាអាណិតគាត់ណាស់ កាលនោះចង់ជួយគាត់ដែរ តែឃើញគេប្រកាសជួយច្រើនហើយ ក៏ទៅជួយអ្នកផ្សេងវិញ។ ឥឡូវ ទៅជាអ្នកជួបគាត់បង្ហោះថា មិនទាន់មានអ្នកទៅជួយគាត់ ចឹងខ្ញុំនឹងបំពេញបំណងគាត់ ជួយគាត់ដើម្បីលើកទឹកចិត្ត ឱ្យមានការតស៊ូក្នុងជីវិតបន្ថែមទៀត»។
លោកស្រីបន្តថា «លឺអ្នកជិតខាងគាត់ ថាលោកពូនេះ គាត់ដឹកថ្នាំលក់ ចិញ្ចឹមកូន និងប្រពន្ធ ស្នាក់នៅផ្ទះជួលម្ដុំទួលសង្កែ។ យឺតបន្តិចហើយលោកពូ តែនាងខ្ញុំនឹងលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់លោកពូ ខ្ញុំនិងជួយលោកពូ»។
លុះនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកស្រីទ្រី ដាណា បានចុះទៅជួបលោកពូ ដោយផ្ទាល់ ហើយថតរូបបង្ហោះ ជាមួយនឹងការបញ្ជាក់ដូច្នេះថា «នាងខ្ញុំនិងស្វាមី ជួយជាស្បៀងអាហារគ្រប់មុខ ថវិកា 3000$ ទុកជូនគាត់ចាត់ចែងសងគេ ទិញម៉ូតូថ្មី និងសល់ខ្លះទុកជាដើមទុនបន្ត។ អរគុណប្អូនជំទាវឧកញ៉ា នឹម វណ្ណៈ ដែលជួយគាត់បន្ថែម 1000$ ផងដែរ»។
លោកស្រីបន្តថា «នាងខ្ញុំ និងស្វាមី ជាមួយប្អូនជំទាវឧកញ៉ា នឹម វណ្ណៈ បានមកជួបលោកពូ ដែលលុតជង្គង់ថ្វាយបង្គំគេថ្ងៃមុននោះហើយ ពិតជាអាណិតណាស់ឪពុកគេ ឪពុកយើងខំប្រឹងដើម្បីកូន និងប្រពន្ធកំពុងមានជំងឺ គាត់ទើបប្រាប់ថា កាលប៉ះជាមួយគេនោះ បែកឆ្អឹងមិនទាន់ជាផង នៅជំពាក់លុយគេខ្ចីមកព្យាបាលរបួស 300$ ទៀត។ គាត់កំពុងរកខ្ចីគេថែម ព្រោះមើលជើងខ្លួនឯងផង មើលប្រពន្ធមានជំងឺផង ហើយកូននៅតូចទៀត របរលក់ថ្នាំខ្មែរគាត់ លក់មិនសូវដាច់ទេ រកលុយបង់បន្ទប់ជួលមិនគ្រាន់ផង»។
ថៅកែហាងពេជ្រចិត្តធម៌រូបនេះ បន្ថែមថា «ស្ដាប់គាត់ទៅ ពិតជាអាណិតណាស់ ខ្ញុំរកជួយគាត់តាំងពីដំបូង តែកាលនោះឃើញគេប្រកាសជួយច្រើន ទើបទៅជួយអ្នកផ្សេង កុំឱ្យថា សម្រុកទៅជួយតែម្នាក់ ដល់ពេលសួរគាត់ ថាលឺគេប្រកាសមែន តែមិនទាន់មានអ្នកណាជួយទេ ទូរសព្ទគាត់ក៏លេង ហ្វេសប៊ុកអត់បាន ចឹងមិនដឹងមើលតាមណា។ សង្ឃឹមលោកពូ និងភរិយាឆាប់ជាសះស្បើយ»។
ដោយឃើញលោកស្រីទ្រី ដាណា បង្ហោះសារបែបនេះ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បានសែរសារនេះ ចូលគណនីហ្វេសប៊ុករបស់ខ្លួន ហើយដាក់Captionថា «មានច្រើនហើយក្មួយអារឿងប្រាប់ថាជួយ បែរជាមិនជួយវិញនោះ អ្នកខ្លះគ្រាន់តែសម្ដែងឲ្យញាតិមើល ក្រោយមកធ្វើមិនដឹងរហូតមនុស្សនោះស្លា ប់បាត់ទៅ ខ្លះទៀតគាត់អត់អី ក៏រត់ទៅបួស ចង់តែសើចទេហេតុអីចាំបាច់សម្ដែងម្ល៉េះលោកព្រះ»។
ពេលនោះ លោកស្រីទ្រី ណាណា តបថា «គោរពជំទាវមីង ខ្ញុំនឹកស្មានមិនដល់សោះ។ លោកជំទាវ ហ៊ុន ស៊ីណាត ក៏តបវិញថា «ដោយក្មួយស្មានមិនដល់ពីព្រោះក្មួយមិនចេះសម្ដែងដូចគេនោះអី»។ អ្នកស្រីទ្រី ដាណា ក៏តបទៅវិញទៀតថា «ចាជំទាវមីង ការសំដែងបានតែមួយឆាវទេមុននិងក្រោយគេគងតែដឹង»។ ទោះយ៉ាងណាយើងមិនដឹងថា លោកជំទាវ និងអ្នកស្រីទ្រី ដាណា ចង់និយាយសំដៅឲ្យអ្នកណានោះឡើយ៕