ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ វិវាទរវាងតារាកំប្លែងវ័យក្មេង នាយប្រុញ និងAdminដែលជាអ្នកដឹកនាំសម្ដែងឲ្យប្រុញល្បីមកដល់សព្វថ្ងៃ បានដោះស្រាយបញ្ចប់គ្នារួចរាល់អស់ហើយ ដោយមានការធ្វើកិច្ចសន្យាត្រឹមត្រូវ។
នេះបើតាមតារាសម្ដែង អ៊ឹម ជីវ៉ា ដែលបច្ចុប្បន្នជាអ្នកសារព័ត៌មានតាមអនឡាញដ៏ល្បីមួយរូប បានដកស្រង់សម្ដីឧកញ៉ាសម្បត្តិ មកធ្វើការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកសិល្បករកម្ពុជារបស់ខ្លួន នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។
លោកអ៊ឹម ជីវ៉ា បានបញ្ជាក់ដូច្នេះថា «នាយប្រុញ បានជួបឧកញ៉ាសម្បត្តិហើយ ហើយឧកញ៉ាសម្បត្តិបាននិយាយថា: ថ្ងៃនេះខ្ញុំបានដោះស្រាយវិវាទរបស់ ប្អូនប្រុញ និងAdmin គង់កាន បានបញ្ចប់ដោយឈ្នះៗ បានយល់ដឹងពីបញ្ហាកំហុសឆ្គងយល់ច្រឡំលើគ្នា ឥលូវគ្រប់យ៉ាងដោះស្រាយដោយសន្តិវិធី។
ប្អូនប្រុញក៏បានសុំខមាទោសប្អូនគង់កាន ដែលធ្លាប់ជាAdmin បណ្តុះបណ្តាលជួយប្អូនរហូតដល់មានកេរ្តិ៍ឈ្មោះបោះសំឡេងរហូតបានមកជួបខ្ញុំ។ ហើយលទ្ធផលប្អូនគង់កាន ក៏បានប្រគល់ម៉ូតូដែលទិញជូនប្រុញកាលធ្វើការជាមួយគ្នា ទៅប្រុញដោយផ្ទាល់ដៃ។
ហើយរថយន្តដែលខ្ញុំធ្លាប់បានប្រកាសជូន ប្អូនប្រុញ ក៏ប្រគល់ជូនប្អូនប្រុញជាម្ចាស់រថយន្តនេះ តែម្នាក់ប៉ុណ្ណោះ ដោយមិនមានការចែកចាយនោះទេ ព្រោះតាំងពីដើមមកខ្ញុំបានបញ្ជាក់ហើយគឺប្រគល់ជូនប្អូនប្រុញដោយការអាណិតស្រលាញ់។ ដូច្នេះ ដំណើរការនៃការដោះស្រាយ ដែលមានជាវីដេអូ និងបង្ហាញជូនជាសាធារណៈ ដើម្បីបងប្អូនអស់ចម្ងល់»៕