គេនៅចាំបានថា តារាសម្ដែងស្រី ដួង ម៉ានិច ដែលបច្ចុប្បន្នកំពុងតែមានភាពមមាញឹក និង ក្ដោបបានទីផ្សារខ្លាំងក្នុងសង្គមសិល្បៈខ្មែរនោះ កាលពីអំឡុងឆ្នាំ២០២១ បានឡាយយំគគ្រូក ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ម្ដងរួចមកហើយ។
កាលនោះ តារាសម្ដែងនិយមស្លៀកពាក់ស៊ិចស៊ីរូបនេះ ឡាយបណ្ដើរយំបណ្ដើរ ហើយយំអស់ចិត្តអស់ចង់ ក៏ប្រាប់ថា រូបនាង មានរឿងរ៉ាវក្នុងចិត្តជាច្រើន ទើបសម្រេចចិត្តធ្វើឡាយនិយាយរៀបរាប់ពីបញ្ហា ក៏ដូចជាបទពិសោធផ្សេងៗដែលរូបនាងបានឆ្លងកាត់កន្លងមក ទាំងក្នុងសិល្បៈ និង មុខជំនួញ។
ក្នុងនោះ នាងបានរៀបរាប់ពីជីវិតតស៊ូទម្រាំនាងទទួលបានជោគជ័យដល់សព្វថ្ងៃ នាងជួបរឿងជាច្រើន ខិតខំ អត់ធ្មត់ សូម្បីតែសព្វថ្ងៃក៏រូបនាងនៅតែតស៊ូប្រឹងប្រែងខ្លាំង ដើម្បីក្លាយជាអ្នករកស៊ីពិតប្រាកដ និង ជោគជ័យម្នាក់ ដែលនាងបានបង្ហាញស្នាមជាំនៅលើក្បាលជង្គង់ ព្រោះតែការអត់ធ្មត់ក្នុងអាជីពជាអ្នកជំនួញរបស់នាងផងដែរ។
សរុបមកការយំនៅពេលនោះ ក៏ព្រោះតែអារម្មណ៍រំភើបចំពោះភាពជោគជ័យរបស់នាងក្នុងមុខជំនួញ ដោយនៅពេលនាងប្រកបអាជីពជាអ្នកសិល្បៈក៏មានបងប្អូនគាំទ្រ ដល់នាងចេញប្រឡូកក្នុងការរកស៊ី ក៏នៅតែមានបងប្អូនគាំទ្រជំនួញនាងដូចគ្នា។
ដោយឡែកកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដួង ម៉ានិច បានបង្ហាញនូវអារម្មណ៍ខឹងសម្បា និងបានបង្ហូរទឹកភ្នែកម្ដងទៀត ដើម្បីធ្វើការបកស្រាយ បន្ទាប់ពីទទួលរងការបញ្ចេញមតិពីសំណាក់មហាជន ពេលកំពុងឡាយវីដេអូកាលពីពេលកន្លងមកនេះ។
ដួង ម៉ានិច បាននិយាយថា «ហេតុអ្វីបានជា Comment បែបនេះ? ក្នុងការ Live លក់របស់ខ្ញុំមិនទិញផលិតផលខ្ញុំក៏មិនអីដែរ តែសុំកុំប្រើពាក្យសម្ដីបែបនេះ »។ ដូង ម៉ានិច បានបន្ថែមទៀតថា «ខ្ញុំខុសអីមនុស្សម្នាក់ៗមានកិត្តិយសរៀងខ្លួនខមិនបែបនេះចង់មានន័យថាម៉េច។ ជាសិទ្ធក្នុងការខមិនរបស់ពូ តែប៉ះពាល់អារម្មណ៍របស់ខ្ញុំ។ ខ្ញុំមិនចង់តបតវិញទេពេលវេលាខ្ញុំមានតម្លៃណាស់តែវាហួសហេតុពេក »។
ដួង ម៉ានិច បានទទួលស្គាល់ថា នៅក្នុងថ្ងៃនាងឡាយវីដេអូនោះ នាងពិតជាសិចស៊ីពិតមែន តែនាងបានពាក់អាវកាក់ខាងក្នុងម្យ៉ាងទៀតនាងជាអ្នកសិល្បៈចង់ធ្វើអីដែលប្លែក សម្រាប់អ្នកគាំទ្រ ។ សម្រាប់នាងមិនមែនជាការងារងាយស្រួលទេ ដែលខិតខំប្រឹងប្រែងតស៊ូដល់ទៅ ១៥ឆ្នាំនៅក្នុងវិស័យសិល្បៈរហូតមានថ្ងៃនេះ៕ ដើម្បី កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោម ៖